Sunday, May 02, 2021

លិខិតមិត្តអ្នកអាន៖ «កូវីដ-១៩ ញែកដាច់ពីគ្នាស្រឡះរវាងអ្នកជួយ និងអ្នកបំផ្លាញខ្មែរ»

(ភ្នំពេញ)៖ ខណៈពេលដែលអាជ្ញាធររដ្ឋាភិបាលនិងសមត្ថកិច្ចគ្រប់ប្រភេទនិងក្រុមគ្រូពេទ្យបានបូជាកម្លាំងកាយចិត្ត បានលះបង់ពេលវេលានិងការជួបជុំគ្រួសាររបស់ខ្លួនទាំងស្រុងដោយនាំគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ក្រោមកម្តៅថ្ងៃ ក្រោមទឹកភ្លៀង ដោយមិនគិតអំពីការនឿយហត់ ក្រុមមួយទៀតដែលមានឈ្មោះជាខ្មែរដែរ តែបែរជាធ្វើ នយោបាយបែបឧទ្ទាមចង់ឃើញខ្មែរឆ្លងរោគរាតត្បាតដ៏កាចសាហាវនិងស្លាប់ដោយកូវីដ ១៩ ទៅវិញ។
ដើម្បីមើលឲ្យធ្លុះអំពីចរិតនយោបាយរបស់ខ្មែរមួយក្រុមនោះ យើងត្រូវតែក្រឡេកថយក្រោយបន្ទិចសិន៖ នៅពេលដែលកូវីដ ១៩ មិនទាន់ឆ្លងរាលដាលដល់កម្ពុជា ឬក៏ចាប់ផ្តើមមានតិចតួចដោយសារតែ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានទប់ស្កាត់តាមរយៈវិធានការ នានាតាមដំណាក់ កាលជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធិភាពនិងជោគជ័យ ក្រុមនយោបាយ ឧទ្ទាមក្រៅច្បាប់បែរជានាំគ្នា «បកស្រាយថា មកពីខ្មែរមាន ហ្សែនពូជអ្នកអង្គរមិនឆ្លងកូវីដទេ»។
សារនយោបាយនេះមិនគ្រាន់តែគ្មានលក្ខណៈវិទ្យាសាស្ត្រ ទាល់តែសោះប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បានបង្កប់ ន័យធ្វើឲ្យប្រជាជនខ្មែរបាត់ការប្រុងប្រយ័ត្ន ព្រោះសង្ឃឹមថាខ្លួនមានឈាមខ្មែរអង្គរមិនឆ្លងកូវីដ-១៩ នោះទេ។
ក្រោយមកទៀត នៅពេលដែលរដ្ឋាភិបាលស្វះស្វែងរកជំនួយវ៉ាក់សាំងនិង ទិញវ៉ាក់សាំងដើម្បីយកមកចាក់ជូនពលរដ្ឋខ្មែរ ក្រុមនេះបែរជា «នាំគ្នាចំអកឡយឡឺយថា មិនទាន់ដល់ពេលត្រូវគិតគូរអំពីវ៉ាក់សាំងទេ»។

ពេលដែលវ៉ាក់សាំងជំនួយរបស់ចិន, ជំនួយពីយន្តការកូវ៉ាក់និងវ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញដោយខ្លួនឯងបានមកដល់ជាបន្តបន្ទាប់ ហើយត្រូវបានចាក់ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលជាក្រុមអាទិភាព «ក្រុមនេះបែរជានាំគ្នាឃោសនា បន្ទុចបង្អាក់កុំឲ្យពលរដ្ឋខ្មែរចាក់វ៉ាក់សាំងដោយឃោសនាថា វ៉ាក់សាំងចិនចាក់សម្លាប់ពលរដ្ឋខ្មែរ» ដោយពួកគេបានបង្កើតព័ត៌មានប្រឌិតគ្រប់បែបយ៉ាងដើម្បីបំភិតបំភ័យខ្មែរ កុំឲ្យទៅទទួលការចាក់វ៉ាក់សាំងចិន។

ប៉ុន្តែទីបំផុត នៅពេលដែលដឹងខ្លួនថា មិនអាចទប់សន្ទុះប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបាន និង នៅពេលដឹងថា អ្វីដែលក្រុមខ្លួនបានធ្វើ គឺផ្ទុយស្រឡះពីនិន្នាការពិភពលោក «ស្រាប់តែពួកគេបែរ មកក្រឡាស់សម្តីថា វ៉ាក់សាំងចិនល្អ អាចទុកចិត្តបាន គ្មានគ្រោះថ្នាក់ ហើយអំពាវនាវពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំង»។ ការអំពាវនាវបែបនេះ ទៀតសោតក៏មានបង្កប់ដោយគំនិត ញុះញង់ពលរដ្ឋអោយទៅដណ្តើមវ៉ាក់សាំងផងដែរ។

ប៉ុន្តែ ជាសំណាងល្អដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតំលៃដឹងជាមុននិងបានទប់ស្កាត់ បានទាន់ពេលវេលា។ បន្ទាប់មកទៀត នៅ ពេលដែលការឆ្លងចូលសហគមន៍ផ្ទុះឡើងបន្តបន្ទាប់ចំនួន៣លើក ពិសេស លើកចុង ក្រោយគឺព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈដែលផ្ទុះឡើងជាទ្រង់ទ្រាយធំហើយដែលបង្ខំឲ្យរដ្ឋាភិបាលចាត់វិធានការបិទខ្ទប់ ពួកគេបែរជាឃោសនាថាជា «កូវីដនយោបាយ» ទៅវិញ។ «គោលដៅរបស់ពួកគេគឺកុំឲ្យពលរដ្ឋខ្មែរជឿថា មានឆ្លងកូវីដ ដោយបំភ្លៃថា ការបិទខ្ទប់នេះដោយសាររដ្ឋាភិបាលទប់ខ្លាចពលរដ្ឋបះបោរដូច នៅភូមា»។

បច្ចុប្បន្ន នៅពេលដែលវិធានការបិទខ្ទប់កំពុងត្រូវបានអនុវត្តដើម្បីកាត់ផ្តាច់ខ្សែចំលងរបស់រោគរាតត្បាតកូវីដ ១៩ ពួកគេនិយាយថា «ជាវិធានការតឹងតែងពេកហើយញុះញង់ឲ្យពលរដ្ឋកុំគោរពវិធានការរបស់រដ្ឋនិងញុះញង់ឲ្យពលរដ្ឋងើបបះបោរក្នុងហេតុផល រឿងខ្វះស្បៀង បើទោះជាអាជ្ញាធរ រដ្ឋាភិបាលបានត្រៀមស្បៀងរួចរាល់និងចែកជូនជាបន្តបន្ទាប់ដល់ពលរដ្ឋដែលខ្វះខាតក្នុងតំបន់បិទខ្ទប់ហើយក៏ដោយ»។

សូមកត់សម្គាល់ទៀតថា ក្នុងកំឡុងពេលនៃការផ្ទុះកូវីដ ១៩ ក្រុម នយោបាយឧទ្ទាមនេះបានបង្កើតព័ត៌មានក្លែងក្លាយច្រើនណាស់ក្នុងគោលដៅបង្កចលាចលសង្គមដើម្បីឲ្យប្រជាពលរដ្ឋខ្មែរភ្លេចកូវីដ-១៩ ហើយមានឆ្លងច្រើននិងស្លាប់ច្រើនដើម្បីគ្រាន់បានអោយពួកគេមានលេសបន្ទោសរដ្ឋាភិបាល។

តាមរយៈសកម្មភាពជាក់ស្តែងខ្លះៗ ដូចបាន រៀបរាប់ខាងដើម យើងអាចចោទជាសំណួរថា «តើក្រុមធ្វើនយោបាយបែបឧទ្ទាមទាំងនោះបានជួយអ្វីខ្លះដលប្រជាជនខ្មែរក្នុង ពេលដែល ប្រទេសជាតិជួបប្រទះកូវីដ-១៩? គឺគ្មានទាល់តែសោះ» ។មិនត្រឹមតែមិនបានជួយអ្វីសោះតែប៉ុណ្ណោះទេ ប៉ុន្តែក្រុម នេះថែមទាំងបាននិងកំពុងបង្កនិងបង្កើតជាឧបសគ្គដល់ដំណើរ ការជួយសង្គ្រោះខ្មែរដែលរៀបចំដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែនថែមទៀតផង។ នេះហើយដែលខ្មែរហៅថា «មិនបានជួយចូកជួយចែវ បែរជាយកជើងរាទឹក»។ តើនយោបាយបែប នេះបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ជាតិ? «មិនត្រឹមតែគ្មានប្រយោជន៍នោះទេ ប៉ុន្តែ គឺជា នយោបាយបំផ្លាញ ជាតិសុទ្ធសាធ»។
សូម្បីតែអ្នកដែលមិន បានជួយអ្វីសោះហើយឱបដៃឈរមើល ក៏គង់នៅតែល្អគ្រាន់បើជាងក្រុម នយោបាយឧទ្ទាមនេះដែរ»។

«ស្ថានភាពដុនដាប ត្រដរខ្យល់ដែលក្រុម នេះកំពុងជួបប្រទះសព្វថ្ងៃនេះ គឺជាលទ្ធផលដែលស្តែងចេញពីនយោបាយបំផ្លាញខ្មែរនេះឯង» ដោយពួកគេយកជាតិ និងប្រជាជនខ្មែរធ្វើជាឧបករណ៍និងជាចំណាប់ខ្មាំងដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន។

សរុបមកវិញ ចុងក្រោយនេះ ចាប់តាំងពីប្រទេសជាតិជួបគ្រោះទឹកជំនន់ធំ និងជួបវិបត្តិកូវីដ-១៩ «ប្រជាពលរដ្ឋខ្មែរពិតជាអាចបែងចែកដាច់ស្រឡះពីគ្នាដោយគ្មានមន្ទិលសង្ស័យឡើយរវាងអ្នកណាជាអ្នកជួយខ្មែរពិតប្រាកដនិងអ្នកណាជាអ្នកបំផ្លាញខ្មែរ»។

សូមកត់សម្គាល់ថា ក្នុង ពិភពលោកបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ មានមធ្យោបាយសំខាន់តែ២យ៉ាងគត់ដែល គ្រប់ប្រទេសអនុវត្ត៖ ទី១៖ គឺការបិទខ្ទប់ជាភាសា អង់គ្លេសថា Lockdown ដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់មេរោគ ដោយគេតម្រូវឲ្យប្រជាពលរដ្ឋត្រូវនៅមួយកន្លែងនិងត្រូវអនុវត្តការពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសង្គម និងទី២៖ គឺការចាក់ វ៉ាក់សាំងដើម្បីធ្វើឲ្យមានភាពស៊ាំទៅនឹងមេរោគ។

វិធីទាំង២នេះត្រូវបាន រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងអនុវត្តដោយការយកចិត្តទុកយ៉ាងខ្លាំងនិងក៏ទទួលបានលទ្ធផល យ៉ាងល្អប្រសើរ។ វិធានការបិទខ្ទប់កំពុងឈានទៅគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈក្នុងពេលឆាប់ៗនេះ ខណៈដែលការចាក់វ៉ាក់សាំងក៍កំពុងប្រព្រឹត្តទៅយ៉ាងសកម្មជាពិសេសក្នុងតំបន់ក្រហម។ យោង តាមរបាយការណ៍ថ្នាក់តំបន់ កម្ពុជាឈរលំដាប់ទី២ បន្ទាប់ពីសិង្ហបូរីដែលបានចាក់វ៉ាក់សាំងច្រើនជាងគេជូនដល់ពលរដ្ឋរបស់ខ្លួន។ នេះគឺជាលទ្ធផល ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាជនខ្មែរពីសំណាក់រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។ ចំណែកឯក្រុម នយោបាយឧទ្ទាមក្រៅច្បាប់បាននិងកំពុងបន្តនយោបាយយកជើងរាទឹកដើម្បីបំផ្លាញខ្មែរដោយគ្មានកែប្រែឡើយ។

ប៉ុន្តែក្នុងកំណត់ត្រាជាង២០ឆ្នាំកន្លងមកនេះបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ឧបាយកលរបស់ក្រុមនេះតែងតែទទួលបជ័យជានិច្ចដោយសារតែការធ្វើ «នយោបាយឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ និង «នយោបាយដុតអោយខ្លោចរោជអោយឆៅ»។

ប្រជាពលរដ្ឋខ្មែរពិតជាមិនត្រូវការក្រុម នយោបាយបំផ្លាញជាតិបែបនេះឡើយ ហើយផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរត្រូវការអ្នកដឹកនាំដែលដឹងសុខទុក្ខពលរដ្ឋនិងជួយពលរដ្ឋគ្រប់ពេលវេលាជាពិសេសក្នុងគ្រាមានអាសន្ន៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ

No comments:

Post a Comment