Monday, May 03, 2021

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ "ការចាក់វ៉ាក់សាំងកូវីដ-១៩មិនមានការយកលុយទេ ហើយបើមានបុគ្គលណាទាមទារយកលុយ សូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់"

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១នេះថា ការចាក់វ៉ាក់សាំងកូវីដ-១៩មិនមានការយកលុយទេ ហើយបើមានបុគ្គលណាទាមទារយកលុយ សូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្តម បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហម បងប្អូនប្រជាពលរដ្ឋដែលមានបំណងស្មគ្រចិត្តមកចាក់វ៉ាក់សាំងគឺ

១-តម្រូវ ឲ្យបងប្អូនមកចាក់តាមលំដាប់លំដោយនៅទីកន្លែងដែលបានកំណត់ ដើម្បីរក្សាសណ្តាប់ធ្នាប់ ចៀសវាងបាត់វិធានការការពារ

២-តម្រូវ ឲ្យបងប្អូនបំពេញទម្រង់ចាក់វ៉ាក់សាំងឲ្យបានច្បាស់លាស់ ហើយការបំពេញទម្រង់នេះ គឺដើម្បីបញ្ជាក់ពីការស្ម័គ្រចិត្ដចាក់ ឬមិនចាក់វ៉ាក់សាំង នឹងដើម្បីគ្រប់គ្រងទិន្នន័យ ចំនួនប្រជាពលរដ្ឋដែលបានចាក់ 

៣-ដើម្បីធ្វើបណ្ណចាក់វ៉ាក់សាំងសម្រាប់សម្គាល់ ថាបុគ្គលម្នាក់ៗបានចាក់វ៉ាក់សាំងចំនួន ២ដូសរួចហើយ

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋដែលមានបំណងស្មគ្រចិត្តចាក់វ៉ាក់សាំង គឺត្រូវមាន អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងលិខិតបញ្ជាក់អស័យដ្ឋាន និងទីលំនៅច្បាស់លាស់។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ចាប់អនុវត្តពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ ក្នុងខណ្ឌចំនួន៤ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺខណ្ឌកំបូល,ពោធិសែនជ័យ, មានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។









No comments:

Post a Comment