កំពង់ចាម៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន រួមនឹងប្រតិភូអមដំណើរជាច្រើននាក់ទៀត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានចុះសំណេះសំណាលនិងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ២៣៤ គ្រួសារ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក ផុស សុវណ្ណ បានថ្លែងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន អោយបានគ្រប់ៗគ្នាក្នុងការចូលរួមទប់ស្កាត់ពីការឆ្លងនៃជំងឺកូវីដ-១៩ ទោះបីក្នុងការបំពេញការងារក្តី ឬប្រកបរបររកស៊ីក្តី មិនត្រូវភ្លេចអនុវត្តនូវវិធានការ " ៣ការពារ និង ៣កុំ " ជាដាច់ខាត ពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ បម្លែងថ្មីដ៏កាចសាហាវនេះ ក្នុងសហគមន៍។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ២៣៤គ្រួសារក្នុងនោះ ៖ ២៧គ្រួសារ ដែលមានជីវភាពលំបាកជាងគេ ទទួលបានអង្ករ ២០គីឡូក្រាម និងប្រជាពលរដ្ឋចំនួន ២០៧ គ្រួសារទៀតទទួលបានអង្ករ១៥ គីឡូក្រាម។
ជាមួយគ្នានោះដែរ ខាងក្រុមយុវជនចំនួន ១០៨ នាក់ ម្នាក់ៗទទួលបានអង្ករទម្ងន់១៥ គីឡូក្រាមផងដែរ ដែលគិតជាថវិកាសរុបទាំងអស់ជាង១១ លានរៀល ។
No comments:
Post a Comment