Wednesday, March 24, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង​ ចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងករណីពីរនាក់​ប្ដីប្រពន្ធដែលមានផ្ទុកជំងឺកូវីដ-១៩​

 កំពង់ឆ្នាំង៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពពង្រ ស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមនឹងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានដឹកនាំក្រុមការងារ និងកំលាំងសមត្ថកិច្ច ចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាក់ទងគ្នានឹងករណីប្រជាពលរដ្ឋពីរនាក់ប្ដីប្រពន្ធដែលមកពីរាជធានីភ្នំពេញ ដែលមានផ្ទុកកូវីដ-១៩ ក្នុងពេលដែលពួកគាត់មកមើលកសិដ្ឋានចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

លោក អម សុភា បានមានប្រសាសន៍ឱ្យដឹងថា លទ្ធផលនៃការចុះអង្កេតស្រាវស្រាវ គឺមានអ្នកពាក់ព័ន្ឋសរុបចំនួន៦៨នាក់ ក្នងនោះ ពាក់ព័ន្ធផ្ទាល់ ១១នាក់ បានយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស។ ចំណែកអ្នកពាក់ព័ន្ធប្រយោល ៥៧នាក់ បានយកសំណាក និងអប់រំណែនាំចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដោយមានការគ្រប់គ្រងពីអាជ្ញាធរមូលដ្ឋាន ដោយឡែកក្រុមការងារកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ឋផ្ទាល់ និងប្រយោលបន្តទៀត។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលដឹងថាខ្លួនមានជាប់ពាក់ព័ន្ធនឹងប្រជាពលរដ្ឋពីរនាក់ប្ដីប្រពន្ធនោះ ដោយផ្ទាល់ក្ដី និងដោយប្រយោលក្ដី សូមមេត្តាផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅមណ្ឌលសុខភាពដើម្បីយកសំណាកដើម្បីចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕





No comments:

Post a Comment