Monday, March 01, 2021

រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី២ ចំនួន៤០ម៉ឺនដូសទៀតដល់កម្ពុជា នឹងមកដល់មុនបុណ្យចូលឆ្នាំខ្មែរ

 រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំហានទី២ ចំនួន៤០ម៉ឺនដូសទៀតដល់កម្ពុជា ។ នេះបើតាមការប្រកាសរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

ស្ថានទូតចិន បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួន យ៉ាងដូច្នេះថា៖ «ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ជំនួយរបស់ចិន តាមរយៈក្រសួងការពារជាតិជំហានទី២នេះ នឹងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែពេលវេលាជាក់លាក់នៅមិនទាន់រៀបចំនៅឡើយទេ។ លោកបានបន្តថា វ៉ាក់សាំងដែលចិនផ្តល់ជំនួយមកកម្ពុជានេះ គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម។

មិត្តចិន តាមរយៈសំណើរបស់ក្រសួងការពារជាតិកម្ពុជា បានសម្រេចផ្តល់ជំនួយវ៉ាក់សាំង Sinopharm ដល់កម្ពុជាចំនួន១លានដូស ក្នុងនោះការដឹកជញ្ជូនជំហានដំបូងបានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។

រហូតមកដល់ពេលនេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៥១,៩០៩នាក់ ក្នុងនោះមាននារី ៤,៨៨៧នាក់ ខណៈចាក់លើកទី២បានចំនួន៩៥១នាក់។ ដោយឡែក ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិល សរុបចំនួន៖ ១៦,៣៩០នាក់ ក្នុងនោះអ្នកចាក់លើកទី២សរុបចំនួន៖ ៥២៧នាក់ ៕





No comments:

Post a Comment