Thursday, February 25, 2021

មន្រ្តីជំនាញកម្មវិធីផ្សព្វផ្សាយ ជម្រុញឱ្យបណ្តុំអាជីវកម្មបន្លែ និងមាន់ស្រែ បន្តចងក្រងគ្នាជាក្រុម ដើម្បីផ្គត់ផ្គង់លើទីផ្សារ

 ប៉ៃលិន៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសចុះពិនិត្យមើលពីវឌ្ឍនភាព និងសំណេះសំណាលជាមួយបងប្អូនបណ្តុំអាជីវ កម្មបន្លែ និងបណ្តុំអាជីវកម្មមាន់ស្រែ ស្ថិតនៅភូមិវាលវង់,ភូមិថ្មី សង្កាត់ទួលល្វា ក្រុង ប៉ៃលិន ខេត្តប៉ៃលិន លោក វង់ ទ្រី ជំនួយការនាយកកម្មវិធី Aspire នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានជម្រុញអោយបណ្តុំ អាជីវកម្មបន្លែ និងបណ្តុំអាជីវកម្មមាន់ស្រែ បន្តចងក្រងគ្នាជាបណ្តុំ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងក្រៅស្រុក។


លោក វង់ ទ្រី បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាកសិករ ដែលប្រកបមុខរបរកសិកកម្ម ដូច្នេះរាជរដ្ឋាភិបាល បានអនុវត្តន៍កម្មវិធី Aspire(អាស់ស្បាយ) ដែលមានឈ្មោះថាកម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីអោយបងប្អូន ប្រជាកសិករ ធ្វើអាជីវ កម្មកសិកកម្មអោយទទួលបានផលចំនេញ និងបានកម្រៃសមរម្យសម្រាប់ផ្គត់ផ្គងជីវភាពគ្រួសារ។


លោកជំនួយការនាយកកម្មវិធី Aspire ក៍បានផ្តាំផ្ញើដល់បណ្តុំអាជីវករទាំងអស់ ត្រូវដាំដុះ និងចិញ្ចឹមសត្វអោយបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស កុំប្រើប្រាស់ជាតិគីមី ទើបតម្លៃទីផ្សាររបស់បន្លែ និងសាច់ សត្វរបស់យើងមានទីផ្សារខ្ពស់ ជាពិសេសប្រជាកសិករត្រូវខិតខំពង្រីកសកម្មភាពដោយ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំណាំរួមផ្សំផ្សេងៗឲ្យកាន់តែសកម្មទ្វេរឡើងថែមទៀត ដើម្បីឱ្យសមា ជិក បណ្តុំគ្រប់ៗគ្រួសារមានស្បៀងអាហារហូបចុកគ្រប់គ្រាន់ ក្នុងបរិបទនៃជំងឺឆ្លង កូវីដ-១៩ ។ 


លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា៖ កន្លងមកមន្ត្រីជំនាញរបស់មន្ទីរ បានចុះធ្វើការចុះផ្សព្វផ្សាយបច្ចេក ទេស និងផ្តល់ជាទុន មានពូជ មានជី ហើយឆ្នាំនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនកសិកសុវត្ថិភាព( AGRO Nature អាហ្គ្រោ ណេតឈ័រ) ដែលជាក្រុមហ៊ុនទិញបន្លែសុវត្ថិភាពចេញពីខេត្តប៉ៃលិន ដូច្នេះបានធ្វើឱ្យកម្មវិធី Aspire នេះ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង និងពង្រីកផលិតកម្មស្បៀង ស្របពេលដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។


លោកប្រធាន ក៍បានណែនាំបន្ថែមដល់មន្រ្តីជំនាញដែលអនុវត្តន៍កម្មវិធី និងអ្នកទទួលផលពីគម្រោង ត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗបន្ថែមទៀត ដោយធ្វើយ៉ាងណា ឲ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន ក្នុងការក្រសោប និងចាប់យកកាលានុវត្តភាព បង្កើនការផលិត ដើម្បីធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម កាត់បន្ថយពលកម្ម ប្រើប្រាស់បច្ចេកវិទ្យាសមស្រប។ 


សូមបញ្ជាក់ថា៖ ការអនុវត្តកម្មវិធី Aspire (អាស់ស្បាយ) នៅខេត្តប៉ៃលិន បានចាប់អនុវត្តន៍ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ ដោយគម្រោងបានធ្វើការផ្សព្វផ្សាយ និងបានចងក្រងជាបណ្តុំបានចំនួន៣៨បណ្តុំ មានដូចជា៖ បណ្តុំដាំបន្លែ បណ្តុំវារីវប្បកម្ម ការចិញ្ចឹមមាន់ស្រែ និងឈើហូបផ្លែ ក្នុងនោះបណ្តុំអាជីវកម្មបន្លែ បានចងក្រងចំនួន ៤បណ្តុំ មានកសិករចំនួន ៦៨នាក់ ស្ត្រី ០៦នាក់ ហើយផ្ទៃដីដាំដុះ សរុបចំនួន ៦.៥៣ ហិចតា ក្នុងនោះមានផ្ទះសំណាញ់ចំនួន ០៧ទីតាំង ដែលផ្ទៃដីដាំដុះសរុប ២០៤០ ម៉ែត្រការ៉េ ដោយឡែកបណ្តុំចិញ្ចឹម មាន់ស្រែ មាន ចំនួន ១៥បណ្តុំ នៅក្រុងប៉ៃលិនចំនួន ៨បណ្តុំ និងនៅស្រុកសាលាក្រៅចំនួន ០៧បណ្តុំផងដែរ៕






No comments:

Post a Comment