Thursday, December 17, 2020

អភិបាលខេត្តកោះកុង ផ្តាំផ្ញើដល់មន្ត្រី ទើបចូលកាន់តំណែងថ្មី ត្រូវបន្តខិតខំបង្កើនប្រសិទ្ធភាពការងារ ដើម្បីមូលដ្ឋានកាន់តែមានភាពរីកចំរើន

 កោះកុង៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលា ស្រុក និងស្មៀនឃុំ នៃស្រុកបូទុមសាគរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលឃុំ រដ្ឋបាលស្រុកបូទុមសាគរ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពល រដ្ឋទូទាំងស្រុក ដែលកន្លងមកបានយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយបន្តបំពេញកិច្ចការសាធារណៈគ្រប់វិស័យ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ការធានាថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការលើក កម្ពស់ជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈចាំបាច់នៅមូលដ្ឋាននានាជូនប្រជាជន សំដៅធានាបាននូវប្រក្រតីភាពនៃជីវភាពសង្គម។

លោកស្រីអភិបាលខេត្ត សង្ឃឹមជឿជាក់ថា លោកនាយករដ្ឋបាលសាលាស្រុក លោកស្រីស្មៀនឃុំ ទាំងពីរនាក់ ដែលបាននិងកំពុងប្រកាសចូលកាន់តំណែងនាពេលនេះ ត្រូវខិតខំអនុវត្តការងារក្នុងតួនាទីភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ រដ្ឋបាលស្រុក រដ្ឋបាលឃុំ របស់យើងឲ្យកាន់តែមានភាពរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ជាមួយគ្នានេះដែរ ដើម្បីអនុវត្តការងារឱ្យកាន់តែល្អប្រសើរ លោកស្រី មិថុនា ភូថង បានផ្តល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖
ដើម្បីជំរុញកិច្ចដំណើរការកំណែទម្រង់នេះ ឱ្យឈានចូលដំណាក់កាលកាន់តែស៊ីជម្រៅថែមទៀត កាលពីចុងឆ្នាំ ២០១៩កន្លងទៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យស្តីពី មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ អនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត និងអនុ ក្រឹត្យស្តីពីការផ្ទេរធនធានថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានដល់រដ្ឋបាលឃុំ សង្កាត់។ ដូច្នេះរដ្ឋបាលស្រុក ត្រូវពង្រឹងភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងធនធាននានា រួមទាំងធនធានមនុស្ស ធនធានហិរញ្ញ វត្ថុ និងទ្រព្យសម្បត្តិដែលបានផ្ទេរតាមរចនាសម្ព័ន្ធថ្មី ដើ ម្បីលើកកម្ពស់ការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋាន។

រដ្ឋបាលស្រុក ត្រូវពង្រឹងតួនាទីតាមដាន ត្រួតពិនិត្យ និងការគាំទ្រដល់រដ្ឋបាលឃុំ នៅក្នុងការរៀបចំកែសម្រួលកម្មវិធីវិនិយោគ ការរៀបចំថវិកាគម្រោង ការដេញថ្លៃគម្រោង ការគ្រប់គ្រង និងការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ឱ្យបានត្រឹមត្រូវស្របទៅតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់ជាធរមាន។

ទី២. អំពីការផ្តល់សេវាសាធារណៈ៖
រដ្ឋបាលស្រុក ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធ ភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវ ការរបស់ប្រជាពលរដ្ឋ។ ចំពោះការផ្តល់សេវារដ្ឋបាលតាមយន្តការ ច្រកចេញចូលតែមួយនៅថ្នាក់ស្រុក ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងមានគណនេយ្យភាពក្នុងការគ្រប់គ្រង ចាត់ចែង និងផ្តល់សេវានានា តាមរយៈការពង្រឹងសមត្ថភាពមន្រ្តីដែលបំពេញការងារ ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងអាកប្បកិរិយាមន្រ្តីក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដើម្បីធានាឲ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួល កាន់តែឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

ចំពោះកិច្ចការផ្តល់សេវាសាធារណៈនេះ រដ្ឋបាលស្រុកបូទុមសាគរ នឹងទទួលបាននូវអគារច្រកចេញចូលតែមួយថ្មី ជាលក្ខណៈ ស្តង់ដារ ដែលបច្ចុប្បន្នអគារនេះ បាននិងកំពុងសាងសង់សម្រាប់ទុកជូនរដ្ឋបាលស្រុក ធ្វើជាការិ យាល័យ សម្រាប់ឱ្យមានស្រ្តីបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ។

ទី៣. ការពង្រឹងរបៀបរបបការងារ៖
*ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ លើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
*ការគ្រប់គ្រង និងការស្នើសុំតែងតាំងមន្រ្តីរាជការ ចាំបាច់ត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងនីតិវិធីឲ្យបានម៉ឺងម៉ាត់ ហើយរាល់ការតែងតាំង ការផ្លាស់ ប្ដូរ និងការបញ្ចប់ភារកិច្ចមន្ដ្រីរាជការនានា ត្រូវឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពការងារ។
*ត្រូវពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ ខិតខំបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្រ្តី នៅតាមការិយាល័យនីមួយៗ និងបែងចែកប្រគល់ភារកិច្ចដល់មន្រ្តីរាជការគ្រប់ៗរូបឱ្យស្របតាមសមត្ថភាពមុខជំនាញ និងស្របតាមតួនាទី ភារកិច្ចនៃការិយាល័យដែលមន្រ្តីទាំងនោះកំពុងបំពេញការងារ សំដៅរួមគ្នា លើកកម្ពស់ប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យនីមួយៗ៕






No comments:

Post a Comment