Thursday, October 22, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រថយន្តយោធា២៩០គ្រឿងដែលទិញពីចិនបានក្លាយជាមធ្យោបាយដ៏ស័ក្តិសិទ្ធិក្នុងប្រតិបត្តិការជួយប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់

បន្ទាយមានជ័យ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រថយន្តយោធាចំនួន ២៩០គ្រឿង ដែលរាជរដ្ឋាភិបាលកម្ពុជា បានទិញពីមហាមិត្តចិននៅអំឡុងពេលកូវីដ-១៩ គឺបានបង្ហាញពីអនុភាពជាក់ស្តែង និងបានក្លាយជាមធ្យោបាយដ៏ស័ក្តិសិទ្ធិ និងមានប្រសិទ្ធភាពបំផុត របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បន្ថែមលើមុខងារក្នុងវិស័យកងទ័ពតាមរយៈការដឹកជញ្ជូនសម្ភារនិងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព។


ក្នុងឱកាសអញ្ជើញបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការសម្រេចទិញរថយន្ដយោធាទាំងអស់នេះ គឺដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ហើយការបញ្ជាទិញនេះទៀតសោត មិនបានប្រើប្រាស់ថវិការបស់ជាតិនោះឡើយពោលគឺជាថវិការបស់សប្បុរសជន។


ជាមួយនឹងការលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា រយៈពេលនេះលោកតែងតែប្រញាប់ងើបពីព្រឹកព្រលឹមដើម្បីតាមដានសភាពការណ៍វិវត្តន៍នានាដើម្បីដោះស្រាយបញ្ហាប្រឈមដោយសារទឹកជំនន់ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សផងដែរ។


គួរជម្រាបថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាកាលពីពេលថ្មីៗនេះថា ការបញ្ជាទិញរថយន្ដនេះធ្វើឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវមកដល់ប្រទេសកម្ពុជា អំឡុងខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្ដែដោយសារផ្ទុះឡើងជំងឺកូវីដ១៩ ទើបដឹកបញ្ជូនមកដល់យឺតជាងការគ្រោងទុក។ លោក បានសង្កត់ធ្ងន់ទៀតថា ការទិញរថយន្ដនេះ គឺប្រើប្រាស់ថវិកាប្រមាណ២០លានដុល្លារ ដែលជាការបរិច្ចាគរបស់សប្បុរជនដើម្បីបម្រើប្រាស់ជាមធ្យោបាយឱ្យកងកម្លាំងប្រដាប់អាវុធកម្ពុជា ហើយលោកបានបង្ហាញគោលជំហរថា ចង់បំពាក់សម្ភារឲ្យកងកម្លាំងប្រដាប់អាវុធច្រើនជាងនេះទៀត។


សូមរំលឹកថា រថយន្តយោធាដែលកម្ពុជាទិញពីចិនចំនួន២៩០គ្រឿង ត្រូវបានចែកជូនដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០កន្លងទៅដើម្បីប្រើប្រាស់ជាផលប្រយោជន៍ជាតិ និងប្រជាជនទូទាំងប្រទេស។ រថយន្តទាំងនេះមានគុណភាពល្អ ថ្មី អាចចល័តបានយ៉ាងឆាប់រហ័សដែលធ្វើឱ្យមានការសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ចំណែករថយន្តចាស់ៗកន្លងទៅមានការខូចខាតច្រើន ដែលចល័តមិនទាន់សភាពការណ៍ជាដើម៕

 









No comments:

Post a Comment