Thursday, September 10, 2020

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញចុះត្រួតពិនិត្យវិមានឈ្នះ ឈ្នះ

 នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានគណៈកម្មការការសាងសង់វិមានឈ្នះ ឈ្នះ អមដោយលោក លោកស្រីជាសមាជិកគណៈកម្មការការសាងសង់វិមានឈ្នះ ឈ្នះ ជាច្រើនរូបទៀត បានចុះត្រួតពិនិត្យ និងផ្ដល់អនុសាសន៍ សម្រាប់ការបន្តគ្រប់គ្រង ការសាងសង់ និងការថែទាំវិមានឈ្នះ ឈ្នះ បន្តទៀត។

ពេលអញ្ជើញទៅដល់វិមានឈ្នះ ឈ្នះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានធ្វើការដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដោយបានក្ដាប់របាយការណ៍បច្ចុប្បន្នភាពរយៈពេល៨ថ្ងៃ បន្ទាប់ពីការប្រជុំគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ ឈ្នះ បានរាយការណ៌ជូនកិច្ចប្រជុំ អំពីការងារមួយចំនួនដូចជាការបន្តចូលរួមទស្សនកិច្ចសិក្សា និងការចូលទស្សនាវិមានឈ្នះ ឈ្នះ ពីប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងឱកាសបុណ្យផង និងពេលធម្មតាផង ការធ្វើសួនច្បារ ដោយសាលារាជធានីភ្នំពេញ តាមផែនការ ជាមួយនឹងការចាក់ដី ការដាំស្មៅ ការថែទាំ ដែលក្រុមការងារបានគ្រប់គ្រងលើគ្រប់វិស័យ ដោយសង្កត់ធ្ងន់លើបច្ចេកទេស និងការធានាទឹក-ភ្លើង។ បន្ទាប់មកកិច្ចប្រជុំ ក៏បានក្ដាប់របាយការណ៌ ប្រុងប្រៀបរបស់ក្រុមបច្ចេកទេសស្ថាបត្យកម្មរបស់លោក ខឹម សុខ ដោយបានរាយការណ៍បន្ថែមអំពីតំបន់ទិសខាងកើត នៃវិមានឈ្នះ ឈ្នះ និងបានបញ្ជាក់អំពីការប្រុងប្រៀបទីតាំង សម្រាប់ការសាងសង់អគារដ្ឋបាល និងសំណង់។

ជាមួយគ្នានោះដែរកិច្ចប្រជុំក៏បានក្ដាប់របាយការណ៌ស្ថានភាព នៃការកសាងចម្លាក់សមិទ្ធផលតេជោ និងដំណើរការសាងសង់សួនសមិទ្ធផលតេជោ រួមមាន សួនខឿនការពារជាតិ នៃ ខ.ភ.ម ដែលសាងសង់ដោយអគ្គមេបញ្ជាការ ខ.ភ.ម សួនសន្តិសុខសុវត្តិភាព និងសណ្តាប់ធ្នាប់សង្គម សាងសង់ដោយកងរាជអាវុធហត្ថ និងនគរបាលជាតិ និងសួនកងកំលាំងរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា និងលើឆាកអន្តរជាតិ សាងសាង់ដោយមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ព្រមទាំងក្រុមការងារ ក៏បានចុះផ្ទាល់ពិនិត្យមើលទីតាំងដែលកំពុងធ្វើសកម្មភាពសាងសង់ និងបានពិនិត្យចម្លាក់ សមិទ្ធផលនានា ដែលសាងសង់ដោយកងរាជអាវុធហត្ថ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងសំណង់ខឿនការពារជាតិ ដោយសម្ដេចពិជ័យសេនា បានកោតសរសើរ ចំពោះការខិតខំតាមសាងសង់ របស់អង្គភាពនីមួយៗ ព្រមទាំងបានផ្ដល់ស្មារតីក្នុងការគាំទ្រអោយការសាងសង់ ឆាប់បានចប់ តាមផែនការកំណត់។ ក្នុងការអញ្ជើញទស្សនាចម្លាក់នៅជុំវិញជញ្ជាំង លោកឧបនាយករដ្ឋមន្ត្រី បានចាប់អារម្មណ៌ទៅចំណុច ឌីហ្វីត (DIFID) និងគោលនយោបាយឈ្នះ ឈ្នះ ទាំង៣ ដែលមានរំលេចដោយអក្សរពណ៌មាស ហើយក្រុមការងារចម្លាក់ ដែលដឹកនាំដោយ វីរវិចិត្រករ អ៊ុត រឿន ក៏បានបញ្ចាក់ជូនលោកឧបនាយករដ្ឋមន្ត្រី អំពីការរៀបចំចម្លាក់ស្ដីពីសិលាចរឹកនូវអត្ថន័យនៃប្រតិបត្តិករ សំរាប់ការសិក្សាស្វែងយល់។ ការអញ្ជើញចុះពិនិត្យចម្លាក់នាពេលនោះ លោកឧបនាយករដ្ឋមន្ត្រី បានចាប់អារម្មណ៍ចំពោះចម្លាក់របស់ Covid-19 ដែរបានកំពុងធ្វើរួមទាំងចម្លាក់ និមិត្តសញ្ញាតាមខេត្ត។

សូមបញ្ចាក់ថា ចម្លាក់មួយចំនួន ដែលបានកំពុងឆ្លាក់នាពេលនោះ បានបង្ហាញព្រឹត្តការណ៌ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ ដែលជារយៈកាលសំខាន់មុនអនុវត្តនយោបាយឈ្នះ ឈ្នះ ដាក់ចេញហើយជាបុព្វបទមួយ ដែលបានផ្ដល់អនុសាសន៍អោយរៀបចំខ្លឹមសារតាមចម្លាក់នីមួយៗ បានច្បាស់លាស់ ដើម្បីប្រជាជនទស្សនា និងស្វែងយល់។

ដោយឡែក ក្នុងពេលចុះពិនិត្យ វិមានឈ្នះ ឈ្នះ នាទិសខាងឥសាន លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ គួរទុកតំបន់នេះជូនខាងយុវជន ស.ស.យ.ក សម្រាប់ធ្វើការសាងសង់តឹកតាងដែលមាននៅទីនេះ។ ជាមួយគ្នានោះបន្ទាប់ពីការពិនិត្យមើលសកម្មភាព សាងសង់នានារួចមក លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានឈាងចូលទៅពិនិត្យមើល ការដ្ឋានសំណង់អគាររដ្ឋបាល និងព័ត៌មានផងដែរ។ តាមរយៈការចុះត្រួតពិនិត្យវិមានឈ្នះ ឈ្នះ នាពេលនោះ ក្រុមការងារបានទទួលនូវអនុសាសន៍ និងប្រមូលផ្តុំបាននូវទស្សនៈ និងគោលគំនិតសំខាន់ៗ បន្ថែមទៀត សម្រាប់ការបន្តគ្រប់គ្រងការសាងសង់ និងការថែទាំវិមានឈ្នះ ឈ្នះ អោយទទួលបានលទ្ធផលបន្ថែមទៀត ៕






No comments:

Post a Comment