Wednesday, June 24, 2020

វគ្គបណ្តុះបណ្តាលភាពជាឣ្នកដឹកនាំ និងការចូលរួមកិច្ចការសង្គម ដល់ក្រុមយុវវ័យមិត្តឣប់រំមិត្តនៃគម្រោងឆ្លើយតបសុខភាពសហគមន៍

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ បាន ឣញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាឣ្នកដឹកនាំ និងការចូលរួមកិច្ចការសង្គម” ជូនដល់ក្រុមយុវវ័យមិត្តឣប់រំមិត្តនៃគម្រោងឆ្លើយតបសុខភាពសហគមន៍ របស់ អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក)។
គោលបំណងនៃការបណ្តុះបណ្តាលគឺដើម្បី៖
១- បង្កើនចំណេះដឹងដល់យុវវ័យស្ដីពីភាពជាអ្នកដឹកនាំ និងការចូលរួមកិច្ចការសង្គម
២- បង្កើន និងពង្រឹងសមត្ថភាពដើម្បីមានទំនុកចិត្តលើខ្លួនឯងក្នុងការចូលរួមការក្នុងការងារសង្គម។
សមាសភាពចូលរួមក្នុងពិធីនោះមានលោកស្រី ហែម សោភា អ្នកសម្រប សម្រួលគម្រោង និងលោក សាយ ប៊ុនថេង ជាឣ្នកសម្របសម្រួល ដោយមានសិក្ខាកាមជាយុវវ័យចំនួន១៨នាក់ មកពីឃុំទាំង៩ ក្នុងស្រុកសាមគ្គីមានជ័យ។
របៀបវារៈនៃវគ្គបណ្តុះបណ្តាលមានដូចជា៖ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង , ភាពខុសគ្នានៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង , ទម្រង់ ឬម៉ូដែលនៃភាពជាអ្នកដឹកនាំ , សង្គមល្អនិងពលរដ្ឋសកម្ម , ទម្លាប់ទាំង៧ របស់មនុស្សជោគជ័យ , តួនាទីរបស់យុវជន និងការចូលរួមកិច្ចការសង្គមរបស់យុវជន។
សូមបញ្ជាក់ថា÷ អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) ជាអង្គការក្នុងស្រុកក្រៅរដ្ឋាភិបាល ដែលអនុវត្តការងារផ្តោតការងារទៅលើការអប់រំមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដល់ក្រុមគោលដៅជាយុវវ័យ និងទប់ស្កាត់អំពើហឹង្សាទៅលើស្ត្រី និងកុមារី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ថ្នាំឲ្យបានសមស្របរបស់
អ្នកជំងឺតាមតំបន់គោលដៅ៕


No comments:

Post a Comment