Tuesday, June 02, 2020

ក្រុមហ៊ុន​សោម៉ា​គ្រុប នាំយកអំណោយសប្បុរសធម៌ផ្តល់ជូនមណ្ឌលកុមារកំព្រាក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា

តាកែវ៖ អំណោយសប្បុរសធម៌របស់ក្រុមហ៊ុន សោម៉ា គ្រុប ព្រមទាំងមានការចូលរួមពីរដ្ឋបាលខេត្តតាកែវ ស.ស.យ.ក-តាកែវ​ និងសប្បុរសជននានារួមមាន អង្ករចំនួន​១តោន​ គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ម៉ាស ទឹកលាងដៃសម្លាប់មេរោគ និងសម្ភារសិក្សាជាច្រើន​ ត្រូវបានប្រគល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តតាកែវ​ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ លោក អ៊ូច ភា អភិបាលខេត្តតាកែវ លោកស្រី ចម ក្រស្នា អគ្គនាយិកានៃក្រុមហ៊ុន សោម៉ា គ្រុប និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ សាស្រ្តចារ្យនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត គណៈគ្រប់គ្រងនិងបុគ្គលិកនៃក្រុមហ៊ុន សោម៉ា គ្រុប ព្រមទាំងប្អូនៗក្មួយៗនៅក្នុងមណ្ឌលកុមារកំព្រាទាំងអស់សរុបប្រមាណ១៥០នាក់។
នាឱកាសនោះ លោក សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា។ ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះត្រូវបានអាក់ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាតនៃជម្ងឺកូវីដ-១៩ (covid-19) ដែលកំពុងកើតមានឡើងនៅក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដោយក្នុងនោះ រួមទាំងប្រទេសកម្ពុជាផងដែរ។
ទោះបីឆ្នាំនេះប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឲ្យមានការរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ដែលជាការលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិទាំងអស់រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឲ្យកាន់តែប្រសើរឡើង។
នៅក្នុងឱកាសនោះ​ កម្មវិធីក៏មានការរៀបចំបទបង្ហាញដោយលោកបណ្ឌិត ជា ស៉ីន ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ស្ដីពីការធ្វើអនាម័យដៃ ការពាក់ម៉ាសឱ្យបានត្រឹមត្រូវ ការឈរ និងរក្សាគម្លាតពីគ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩​ ដល់ប្អូនៗ​ ក្មួយៗកុមារកំព្រាឱ្យបានយល់ដឹងកាន់តែច្បាស់ផងដែរ៕




No comments:

Post a Comment