Friday, May 15, 2020

លោកនាយករដ្ឋមន្រ្តី ណែនាំអាជ្ញាធរពិនិត្យភោជនីយដ្ឋាន បើមិនអនុវត្តន៍វិធានអនាម័យប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវផ្អាកបណ្តោះអាសន្ន

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំដល់អាជ្ញាធរឱ្យចុះពិនិត្យភោជនីយដ្ឋានទាំងឡាយណា បើភោជនីយដ្ឋានណាមិនអនុវត្តន៍តាមវិធានអនាម័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឬទប់ស្កាត់មិនឱ្យជំងឺនេះរីករាលដាលទេនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន។
បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។
លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីមកបញ្ជាក់លើហ្វេសប៊ុកយ៉ាងដូច្នេះថា «សម្តេចបានអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យអនាម័យតាមភោជនីយដ្ឋាន។ បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្តអាចបិទជាបណ្តោះអាសន្នរហូតរៀបចំមានអនាម័យហើយចាំអនុញ្ញាតឱ្យបើកជាថ្មីវិញ»។
សូមបញ្ជាក់ថា មកដល់ពេលនេះបើទោះបីកម្ពុជាព្យាបាលអ្នកជំងឺជាជិតអស់ ហើយរយៈពេលប្រមាណ៣២ថ្ងៃហើយមិនមានអ្នកឆ្លងជំងឺថ្មីយ៉ាងណាក្តី តែអ្នកជំនាញក្រសួងសុខាភិបាល នៅតែអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ ដ្បិតថាជំងឺនេះមិនទាន់រលាយរលត់ពីលើពិភពលោកនៅឡើយនោះទេ៕




No comments:

Post a Comment