Tuesday, April 14, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងពីតម្រូវការចាំបាច់៣ចំណុចសម្រាប់អាស៊ានក្នុងការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយសារជំងឺកូវីដ-១៩ ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះដែលយើងមិនទាន់បានយល់ដឹង អាស៊ានត្រូវការចាំបាច់នូវ៣ចំណុចដែលត្រូវរួមគ្នាដើម្បីប្រយុទ្ធនឹងជំងឺនេះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសដែលលោក និងមេដឹកនាំអាស៊ានដទៃទៀតចូលរួមកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។
សេចក្តីត្រូវការទាំង៣សម្រាប់អាស៊ាននោះរួមមាន៖
ទី១- ការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេលវេលានូវឧត្តមានុវត្តន៍ ព័ត៌មាន ទិន្នន័យ ព្រមទាំងបច្ចេកទេស បទពិសោធន៍និងចំណេះដឹងពាក់ព័ន្ធ នឹងវេជ្ជសាស្ត្រអំពីជំងឺនេះ ក្នុងការការពារ, ទប់ស្កាត់, វិនិច្ឆ័យ, ព្យាបាល និងតាមដាន
ទី២- ការបន្តពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអាស៊ានដែលមានស្រាប់ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិនិងដៃគូសន្ទនានានាក្នុងវិស័យសុខភាពសាធារណៈដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពនិងភាពគ្រប់ជ្រុងជ្រោយ

ទី៣- ការផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ានដូចជាការចែករំលែកនូវធនធាន បច្ចេកទេស និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។ល។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាបង្កើត «មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវី១៩» ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានារួមមានក្នុងផ្នែកបរិក្ខារនិងផ្នែកសុខាភិបាលជាដើម៕


No comments:

Post a Comment