Tuesday, April 07, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ស្ថាប័ន្ថរដ្ឋនិងឯកជនធ្វើការងារធម្មតាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយនឹងអនុញ្ញាតឱ្យឈប់សងវិញ៥ថ្ងៃក្នុងពេលសមស្រប

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រៅពីប្រកាសសម្រេចផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ លោក ក៏បានលើកឡើងថាស្ថាប័ន្ថរដ្ឋនិងឯកជនធ្វើការងារធម្មតាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយនឹងអនុញ្ញាតឱ្យឈប់សងវិញ៥ថ្ងៃក្នុងពេលសមស្របណាមួយនៅពេលដែលស្ថានភាពជំងឺកូវីដ១៩នេះបានបញ្ចប់។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សុំការយោគយល់ពីប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈ ពីការលំបាករបស់ប្រទេសជាតិ ពីការលំបាករបស់រាជរដ្ឋាភិបាលក្នុងឱកាសកំពុងតែប្រយុទ្ធនឹងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ហើយលោក ក៏បានអំពាវនាវដល់កម្មករកម្មការិនីនៅបន្តធ្វើការងារយកប្រាក់សិនចាំឈប់នៅពេលក្រោយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំឱ្យទីស្តីការគណៈរដ្ឋមន្រ្តីចេញសេចក្តីណែនាំអំពីបញ្ហានេះសម្រាប់មន្រ្តីរាជការទាំងអស់ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីណែនាំដល់បណ្តាក្រុមហ៊ុន និងរោងចក្រសហគ្រាសផងដែរ៕




No comments:

Post a Comment