Wednesday, April 01, 2020

ក្រសួងសុខាភិបាល ប្រកាសថា មិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា ថ្ងៃនេះមិនមានករណីអ្នកឆ្លង កូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដចំនួន៨៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីអ្នកជាសះស្បើយមាន០២នាក់ គឺស្ថិតនៅខេត្តកែប មានបុរសជនជាតិខ្មែរអាយុ៣០ (កាន់សាសនាឥស្លាម និងមានទីលំនៅនៅខេត្តកំពត) ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិម៉ាឡេស៊ី អាយុ៦១ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកែប។
តាមក្រសួងសុខាភិបាល គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលត្រូវបានយកទៅធ្វើការវិភាគសរុបទូទាំងប្រទេស មានចំនួន៥.៧៦៨ករណីផងដែរ។
ទោះជាយ៉ាងនេះក្តី ក្រុមការងារសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្តបន្ទាប់ទៀត ហើយនឹងបន្តជម្រាបជូនដល់សាធារណជន ប្រសិនបើរកឃើញករណិវិជ្ជមានវីរុសកូវីដ១៩ ថ្មីណាផ្សេងទៀត។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៥នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ បុរសជនជាតិម៉ាឡេស៊ី១នាក់ និងជនជាតិខ្មែរ១៩នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៤នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៦នាក់។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖


No comments:

Post a Comment