Wednesday, March 18, 2020

ទស្សនៈមិត្តអ្នកអាន៖ រួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 !

មក​ដល់​ពេល​នេះ​ពិភពលោក​ទាំង​មូល​កំពុង​ខ្វាយ​ខ្វល់​ជា​មួយ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​ ឬ​ហៅ​ថា​ Covid​-19​ ។ មាន​ប្រទេស​ចំនួន​១៥០​ហើយ​ដែល​ត្រូវ​បាន​រាត​ត្បាត​ដោយ​ជំងឺ​នេះ​។​ នៅ​ប្រទេស​កម្ពុជា​យើង​​ក៏​មាន​អ្នក​ឆ្លង​ចំនួ​ន៣៥​​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៨​​ ខែ​មីនា​ ឆ្នាំ​២០​២០​ នេះ​។ ​ដើម្បី​​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង​នោះ​ នៅក្នុងសេចក្តីថ្លែងការណ៍មួយនាដើមសប្តាហ៍នេះ អង្គការ​​​សុខភាព​​ពិភព​លោក ​(WHO) បានព្រមាន​ថា ការ​ឆ្លង​វីរុស​កូរ៉ូណាថ្មី ឬ COVID-19 បាន​រីករាល​ដាល​​ខ្លាំង​​នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ​នៅ​ទូទាំង​ពិភព​លោកក្រៅ​ពីចិន ដែល​បង្ខំ​ឲ្យ​ប្រទេស​ជា​ច្រើន​​ចាត់​​វិធាន​​ការ​​កាន់​តែ​តឹង​រ៉ឹង​ ក្នុង​​នោះ​​មាន​​ទាំង​​ការ​​បិទ​​ព្រំ​ដែន​ ដាក់​ការ​រឹត​បន្តឹង​លើ​អ្នក​ដំណើរ​បរទេស​ ឬ​ហាម​ពួក​គេ​ចូល​ក្នុង​ប្រទេស​របស់​​ខ្លួន​​ និង​​​បូក​រួម​​ទាំង​ការ​បិទ​សាលារៀន​ ព្រម​ទាំង​បំរាម​គោចរ​​ក្នុង​ស្រុក​ជា​ដើម​។​​
ជាការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​នេះ​ រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួង​សុខា​ភិ​បាលកម្ពុជា ​​​បាន​ និង​កំពុង​ចាត់​វិធាន​ការ​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ប្រឈម​នា​នា ​និង​ធានា​ឱ្យ​បាន​ក្នុង​ការ​គ្រប់គ្រង​ ព្យា​បាល​​អ្នក​ជំងឺ​ដែល​ភាគ​ច្រើន​គឺ​ជា​ករណី​ចំលង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​នា​ពេល​នេះ​។​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់​​ការ​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ អា​មេ​រិ​ក​ និ​ង​អ៊ីរ៉ង់​ ប្រសិន​បើ​មិន​មាន​ការ​ចាំបាច់​បំផុត​ដែល​ខាន​ពុំ​បាន​នោះ ដោយ​ហេតុ​ថា​ប្រទេស​មួយចំនួន​ខាង​លើ​កំពុង​មាន​ការ​រាល​ខ្លាំង​បំផុត​នៃ​ជំងឺ​Covid-19នេះ​​​។​
ទោះបី​ជា​​ចំនួន​អ្នក​ផ្ទុក​ជំងឺ​Covid-19​ នា​ពេល​នេះ​នៅ​មានចំនួន​​តិច​តួច​នៅ​ឡើយ​នៅក្នុង​ប្រទេស​កម្ពុជា ​​បើ​ប្រៀបធៀប​ទៅ​នឹង​​​ចំនួន​អ្នក​ជំងឺ​នៅ​ប្រទេស​ជិត​ខាង​ តែ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​​ បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​ជាមុន​រួចជា​ស្រេច​ដើម្បី​ឆ្លើយ​តប​ក្នុង​ករណី​ដែល​មាន​ការ​រាត​ត្បាត​ធ្ងន់​ធ្ងរ​ចេញ​​ពី​​ស​ហគមន៍​​។ ជាក់​ស្តែង​ លោក​​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​សំរេច​ជួល​សណ្ឋា​គារ​ Great D​uck​ ដែល​​ជា​អតី​ត​សណ្ឋាគារ​ អាំង​ទែរកុងទី​ណង់តាល់​ ធ្វើ​ជា​ទី​តាំង​មន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន​ដើម្បី​ត្រៀម​ទុក​​សំរាប់​ព្យាបាលប្រជា​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​​ ក្នុង​ករណី​ដែល​ការ​ឆ្លង​មាន​ទំហំធំ​។ ទន្ទឹម​គ្នា​នេះ​ដែរ ​ក្រសួង​សុខាភិ​បាល​ ក៏​បាន​​សហការ​គ្នា​ជា​មួយ​ក្រសួង​ការពារ​ជាតិ​ និង​ក្រសួង​មហា​ផ្ទៃ​ ​ត្រៀម​កំលាំង​គ្រូពេទ្យ​ ទាំង​គ្រូ​ពេទ្យ​​កង​ទ័ព​ និង​ពេទ្យ​នគរបាល​​ដើម្បី​ជួយ​អប់​រំ​ បង្ការ​ និង​ព្យាបាល​​អ្នក​​ជំងឺ​​នៅ​តាម​អង្គភាព​របស់​ខ្លួន​ក្នុង​ករណី​ចាំ​បាច់​ទៀត​ផង​។ ដោយ​ឡែក​ មហា​មិត្ត​ចិន​ដែល​មាន​បទ​ពិ​សោធន៍​ខ្ពស់​ លើ​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​ Covid-19​នេះ​ ទទួល​បាន​ជោគ​ជ័យ​នៅ​ប្រទេស​ចិន​នោះ​ ក៏​បាន​ផ្តល់​នូវ​ជំនួយ​យ៉ាង​ទាន់​ពេល​វេលា​ដល់​កម្ពុជា​ ជា​ប្រតិបត្តិករ​ក្នុង​ការ​វិភាគ​រក​ជំងឺ​Covid-19​នេះ​ និង​សំភារៈ​វេជ្ជសាស្ត្រ​ជា​ច្រើន​ទៀត​រួច​ជា​ស្រេច​។
ដើម្បី​កាត់​បន្ថយ​​ការ​ឆ្លងនេះ​​ រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​សំរេច​ផ្អាក​នៅទូទាំង​ប្រទេស​នូវ​កម្ម​វិធី​​ដែល​​មាន​​ការ​​ជួប​​ប្រជុំ​មនុស្សនៅតាម​ទីសាធារណៈ​​នានា​ ទាំង​កម្មវិធី​កំសាន្ត​ និង​កម្មវិធី​សាសនា​ផ្សេងៗ​​ក្នុង​នោះ​មាន​​ទីតាំង​​ច្រៀង​ខារ៉ាអូខេ ក្លិប​កំសាន្ត រង្គសាល​ ការ​ប្រគុំ​តន្ត្រី រោង​ភាព​យន្ត​ ។ល។​​ ជា​បណ្តោះ​អាសន្ន​មួយ​រយៈ​ក្នុង​ស្ថាន​ភាព​ដែល​ជំងឺ​ Covid-19 កំពុង​រីក​រាល​ដាល​ជាសកលនាពេល​នេះ​​។​​ ជាមួយគ្នា​នេះ​ដែរ​ ប្រជាពលរដ្ឋ​កម្ពុជា​ មន្ត្រីរាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​​​ទាំង​អស់ ​​ក៏​ត្រូវ​ចូល​​រួម​​ និង​អនុវត្ត​ឱ្យ​បាន​សកម្ម​នូវ​​វិធាន​ការ​ ការ​ពារ​ និង​ ទប់​ស្កាត់​ ការ​ឆ្លង​នៃ​ជំងឺ​ Covid​-19​ នេះ​ ដោយ​ប្រតិបត្តិ​ឱ្យ​បាន​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល​ ក្នុង​នោះ​​រួម​មាន​ការ​ពិ​និ​ត្យ​កំដៅ​ដល់មន្ត្រី​រាជការ​​​ទាំង​អស់​​មុន​ពេល​​ចូល​ធ្វើ​ការ​​​ដោយប្រើ​​ម៉ា​ស៊ីន​​វាស់​កំដៅ​​ ត្រូវ​លាង​ដៃ​សំអាត​ជាប្រចាំ​ ជា​មួយ​និង​​ទឹក​អាល់​កុល​​ដែល​​បាន​ដាក់​​នៅ​​មាត់​ច្រក​ចេញ​ចូល​កន្លែង​ធ្វើ​ការ​ និង​ត្រូវ​​បង្កើ​ន​​អ​នា​ម័យផ្ទាល់​ខ្លួន​ និង​នៅ​កន្លែង​ធ្វើ​ការ​​​តាម​រ​យៈ​​ការ​លាង​​សំ​អា​ត​​ដៃ​ជា​មួយ​​ទឹក​​អាល់​កុល​ ឬទឹក​សាប៊ូ​​ឲ្យ​​បាន​ញឹក​ញាប់​   ពា​ក់​​ម៉ាស់​​​ឲ្យ​បា​ន​ត្រឹម​ត្រូវ​​ និង​ត្រូវ​រក្សា​គ​ម្លា​​ត​នៃ​ការ​​ប្រា​ស្រ័​យ​​ទា​ក់​ទ​ង​​គ្នា​ឱ្យ​បាន​ចំងាយ​ ១,៥០​ម៉ែ​ត្រ​ ជាដើម​​ ។
ទោះបី​ជាមាន​ការខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ​Covid-19 ពីសំណាក់​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​យ៉ាង​នេះ​ក្តី​ ក៏​នៅ​តែ​មាន​ក្រុម​ប្រឆាំងផ្កាប់​មុខ​​ និង​អ្នក​វិភាគប្រឆាំង​ផ្កាប់​មុខ​​​រត់​​ចោល​ស្រុក មិន​​បាន​មើល​ឃើញ​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នេះ​ឡើយ​ ក្រុម​អគតិ​ទាំង​នោះ​បែរ​ជាបាន​ទម្លាក់​កំហុស​នៃ​ករណី​ឆ្លងមួយចំនួន​តូច​​នៅ​កម្ពុជា​ថា​ជាការ​ធ្វេស​ប្រហែស​របស់​រាជ​រដ្ឋាភិបាល​ និង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ទៅ​វិញ​ ខណៈ​ដែលប្រទេស​នានា​ដែល​មាន​បច្ចេក​វិ​ទ្យាទំនើប​ជាង​កម្ពុជាបែរ​ជាគ្មាន​សមត្ថភាព​​ទប់​ស្កាត់​បាន​ និង​មាន​ការ​រាតត្បាត​ខ្លាំង​ និង​មាន​អ្នក​ស្លាប់​ជាច្រើន​នាក់​ទៅ​ហើយ​នោះទៅ​វិញ​។ ​​​​​​​ការ​សំដែង​មតិ​ប្រឆាំង​នៅគ្រប់​រឿង​មិន​ទំនង​​បែប​​នេះ​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មើល​ឃើញ​កាន់​តែ​ច្បាស់​ថា​ក្រុម​ប្រឆាំង​ទាំង​នោះ​កាន់​តែ​អស់​តំលៃ​ខ្លួន​ និង​ក្លាយ​ទៅ​ជា​អ្នក​វិភាគ​ជជុះ​យ៉ាង​ពិត​ប្រាកដ​។​​
ជារួម​ ក្នុង​នាម​ជាខ្មែរ​ដូច​គ្នា​ ខ្ញុំ​សូម​ការ​យោគ​យល់​ពី​សំណាក់​បង​ប្អូន​ជន​រួម​ជាតិ​ដែល​កំពុង​ប្រកប​​របរ​លក់​ដូរ​ស្បៀង​អាហារ​ ថ្នាំសង្កូវ​ និង​សំភារៈ​ប្រើប្រាស់​ដែល​ជា​តំរូវ​ការ​ចំពោះ​មុខ​របស់​ប្រជាជន​កម្ពុជា​យើង​ សូម​មេត្តា​កុំ​លក់​តំឡើង​ថ្លៃ​ហួស​ហេតុ​ដែល​ជាអំពើ​មិន​គ​ប្បី​ និង​អមនុស្ស​ធម៌​សំរាប់​សង្គម​ជាតិ​យើង​។ ​សូម​បងប្អូន​ដែល​ជាអាជីវករ​ទាំង​អស់​មេត្តា​ផ្តល់​នូវ​សេចក្តី​ស្រឡាញ់​ ​ក្តី​មេត្តា​​ និង​ក្តី​អនុ​គ្រោះ​​​​ប្រកប​ដោយ​សង្គហធម៌​ចំពោះ​ជាតិ​ខ្មែរ​យើង​ទាំង​អស់​គ្នា​ និង​ជៀស​វាង​ប្រព្រឹត្ត​នូវ​ទង្វើ​​អមនុស្សធម៌​ណា​ដែល​ពិភព​លោក​ និង​សង្គម​ជាតិ​យើង​ទទួល​យក​មិន​បាន​។​ ក្នុង​នាម​ជាខ្មែរ​ដូច​គ្នា​ យើង​ត្រូវ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​។ បើ​យើង​ស្រឡាញ់​ជាតិ​យើង​ ស្រឡាញ់​ប្រជាជន​យើង​ សូម​បង​ប្អូន​ហ៊ាន​លះ​បង់​ ហ៊ាន​ចែល​រំលែក​ និង​ហ៊ាន​បំពេញ​នូវ​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​មិន​ត្រូវ​បង្ហាញ​នូវ​ភាព​លោភលន់​ ចង់​មាន​ ចង់​បាន ចង់​រស់​តែឯង​ក្នុង​គ្រា​ដែល​ប្រទេស​ជាតិ​ទាំង​មូល​ជួប​ការ​លំបាក​នោះ​ទេ​។ ប្រជាពលរដ្ឋ​យើង​​ត្រូវ​​រួម​​គ្នា​ជាមួយ​រាជ​រដ្ឋាភិបាល​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​Covid-19 ឱ្យ​ទទួល​បាន​ជោគ​ជ័យ​៕​

 ដោយ៖ ពង្ស​ សុក្រឹត្យ

No comments:

Post a Comment