Tuesday, March 03, 2020

ក្រសួងការពារជាតិ ប្រគល់សំភារៈការពារទប់ស្កាត់វីរុសកូរ៉ូណា(កូវីត១៩) ដល់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន

សំភារៈការពារទប់ស្កាត់វីរុសកូរ៉ូណា(កូវីត១៩) មានម៉ាស់ចំនួន៣០ម៉ឺន និងសំលៀកបំពាក់ការពារឆ្លងមេរោគប្រមាណ១ពាន់៥រយឈុត ត្រូវបានក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។ ពិធីប្រគល់បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោក វ៉ាង វិនធាន បានលើកឡើងថា ចាប់តាំងពីប្រទេសចិនបានឆ្លងជំងឺកូវីត១៩ កន្លងមក រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅតែរួមសុខ រួមទុក្ខជាមួយនឹងរដ្ឋាភិបាល និងប្រជាជនចិនជានិច្ច។ ពិសេសព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្ដល់ការយកព្រះហរទ័យទុកដាក់ចំពោះប្រជាជនចិន និងផ្ដល់ការគាំទ្រជារៀងរហូត។ លោកបានបន្តទៀតថា រដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសនូវគោលនយោបាយមិនបញ្ឈប់ជើងហោះហើរ, មិនជម្លៀសប្រជាពលរដ្ឋកម្ពុជា, មិនរើសអើង ប្រជាជនចិន។ ពិសេសក្នុងពេលលំបាកបំផុត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចជាបន្ទាន់នៅ ទីក្រុងប៉េកាំង នេះគឺជាការបង្ហាញនៅគន្លឹះ និងអត្ថន័យដ៏ធំធេង។
លោក វ៉ាង វិនធាន បានបញ្ជាក់ទៀតថា ថ្ងៃនេះក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវទឹកចិត្តអាណិតស្រឡាញ់ប្រជាជនចិន ក៏ដូចជាបង្ហាញនៅសាមគ្គីភាព រវាងកងទ័ពនៃប្រទេសទាំងពីរ ហើយចំពោះសមយុទ្ធនាគមាសរវាងប្រទេសទាំងពីរកម្ពុជា-ចិនវិញ នឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុកដដែល។
ថ្លែងក្នុងឱកាសនោះ លោក ទៀ បាញ់ បានសម្ដែងនូវការសោកស្ដាយ និងសូមជួយរំលែកទុក្ខដល់ប្រជាជនចិន ដែលកំពុងតែរងគ្រោះដោយសារមេរោគកូវីត១៩។ហើយបើទោះបីជាសម្ភារៈដែលក្រសួងការពារជាតិកម្ពុជាប្រគល់ជូនដល់ក្រសួងការពារចិន មានកម្រិតតិចតួចមែនប៉ុន្តែវាជាទឹកចិត្តមួយបង្ហាញអំពីការចូលរួមចែករំលែកទុក្ខ និងបង្ហាញអំពីភាពស្មោះស្ម័គ្ររបស់កម្ពុជា ចំពោះមិត្តចិន។

លោក ទៀ បាញ់ បានលើកឡើងទៀតថា បញ្ហាមេរោគកូរ៉ូណា ឬមេរោគCovid-19នេះ បាន កំពុងផ្ទុះឡើងខ្លាំងនៅប្រទេសចិន ហើយកម្ពុជាក្នុងនាមជាមិត្តរបស់ចិន គាំទ្រជានិច្ចចំពោះការខិតខំរបស់ប្រទេសចិន ក្នុងការស្វែងរកដំណោះស្រាយនៃបញ្ហានេះ ហើយកម្ពុជារំពឹងថារដ្ឋាភិបាលចិន នឹងទទួលបានជោគជ័យនាពេលឆាប់ៗខាងមុខនេះ ក្នុងការទប់ស្កាត់នូវបញ្ហាមេរោគមួយនេះ៕



No comments:

Post a Comment