Tuesday, February 11, 2020

សាលាស្រុករមាសហែកមានរៀបចំពិធីប្រកាសដាក់ឲ្យដំណើររចនាសម្ពន្ធ័ថ្មី នៃរដ្ឋបាលស្រុករមាសហែក

នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ នៅសាលាស្រុករមាសហែកមានរៀបចំពិធីប្រកាសដាក់ឲ្យដំណើររចនាសម្ពន្ធ័ថ្មី នៃរដ្ឋបាលស្រុករមាសហែកក្រោមអធិបតីភាព លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងតំណាង លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត។
អញ្ជើញចូលរួមក្នុងពិធីនេះមាន លោក លោកស្រីនាយក នាយករង ទីចាត់ការសាលាខេត្ត លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញសាលាខេត្ត លោកប្រធាន ក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណៈអភិបាលស្រុក តំណាងកងកំលាំងទាំងបី លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុក លោកនាយក នាយករង រដ្ឋបាលសាលាស្រុក លោក លោកស្រីជាមេឃុំទាំង 16 លោកលោកស្រីស្មៀនឃុំទាំង 16 លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិល លោក លោកស្រីតំណាងគ្រឹះស្ថានធនាគារ លោក លោកស្រី ជាប្រធានអនុប្រធានសមាជិកសមាជិកា នៃការិយាល័យដែលត្រូវធ្វើសមាហរណកម្មសរុបវត្តមានចំនួន១៣៥នាក់។
លោកអភិបាលរងខេត្តបានមានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានចាប់ផ្តើមអនុវត្តនៅថ្នាក់ ឃុំ សង្កាត់ តាមរយះការបោះឆ្នោតជ្រើសរើសក្រុុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ ដោយផ្អែកលើបទពិសោធ និងលទ្ធផលវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត ពង្រីកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស តាមរយះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាល តាមអាណត្តិដែលបានកំណត់រៀងរាល់៥ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៩មកដល់បច្ចុប្បន្ន។
លោកអភិបាលរងខេត្តបន្តថា គិតរហូតមកដល់ពេលនេះយើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិអស់រយះពេល៩ឆ្នាំហើយ ដែលសម្រេចបានសមិទ្ធផលធំៗគួឲ្យកត់សម្គាល់រួមមានជាអាទិ៍៖
១- ការរៀបចំរដ្ឋបាលថ្នាក់ក្រោមជាតិ។
២- ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
៣-ការបង្កើតមូលនិធិឃុំ សង្កាត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ។
៤- ការរៀបចំប្រព័ន្ធកសាងផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ ។
៥- ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់ថា ចំពោះមុខអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវប្រមូលផ្តុំធ្វើការបូកសរុបដំណើរការ នៃការធ្វើសមាហរណកម្ម និងការចាប់ផ្តើមដំណើរការនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង ក្រុង ស្រុក ខណ្ឌ ដើម្បីរាយការណ៍ នឹងពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់ខ្លួន សំដៅអោយមានការឯកភាពស្រុះស្រួលគ្នាក្នុងការអនុវត្ត ឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់៕



No comments:

Post a Comment