Wednesday, January 29, 2020

សវនាការរឿងក្តីលោក កឹម សុខា ពិតជាប្រព្រឹត្តទៅស្របតាមនីតិវិធីរបស់តុលាការ

ទាំង​អ្នក​សារព័ត៌មាន តំណាង​អង្គទូត​នានា តំណាង​សង្គមស៊ីវិល​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ស​ង្កេ​ត​ឃើ​ញ​ថា​ ​​សវនាការកាត់​ទោស​លោក ​កឹម​ សុ​ខា​ ​ក្នុង​រយៈ​ពេ​ល​​ ២​សប្តាហ៍​​កន្លង​មក​​នេះ​ គឺជា​​ដំណើរការ​ក្តី​យ៉ាង​ក្តៅ​គគុក និង​មាន​ដំណើរការ​ទៅ​​តាម​នីតិវិធី​ក្តី​គួរ​ឱ្យ​កត់​សម្គាល់ និង​មាន​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​តុ​លាការ​កម្ពុជា​សម្រាប់សំណុំ​រឿង​ក្បត់​ជាត់​របស់​ជន​ជាប់​ចោទ​ កឹម សុខា​ នៅ​ពេល​នេះ​។​​ ​ក៏​ប៉ុ​ន្តែ​​​ ក៏​នៅ​តែ​មាន​មនុស្ស​មួយចំនួន​តូច​ដែល​មិន​ទាន់​យល់​អំពី​ដំណើរ​ការ​ក្តី​នៅ​​​តុលា​កា​រ​​ និង​​នៅ​តែ​ប្រកាន់​ជំហរ​គាំ​ទ្រ​ផ្កាប់​មុខ​ចំពោះ​អ​តីត​គណបក្ស​ប្រ​ឆាំង​នោះ​​​ គឺ​ពួក​គាត់​នៅ​តែ​មាន​គំនិត​ទុទិដ្ឋិនិយម​ថា​ការ​ធ្វើ​សវនា​ការ​នេះ​គ្រាន់​តែ​ជា​ឆាក​ល្ខោ​ន​ទៅ​វិញ​។
ក្នុង​នាម​រូប​ខ្ញុំ​ជាប្រជាពលរដ្ឋ​ដែល​បាន​តាម​ដាន​រឿង​ក្តីព្រហ្ម​ទណ្ឌ​​នេះ ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​​ជា​និស្សិត​​​ដែ​ល​​បាន​សិក្សា​​​ខាង​ផ្នែក​ច្បាប់ផង​​នោះ​​ ខ្ញុំ​ បាន​មើល​ឃើញ​នូវ​ចំណុច​វិជ្ជមាន​ជា​ច្រើន​ដែល​គ្រប់​ភាគី​​​ពាក់​ព័ន្ធ​ទាំ​​ង​អស់​គឺ​សុទ្ធតែអាច​មាន​សិទ្ធិ​ពន្យល់​ និង​លើក​ពី​អំណះ​អំណាង​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អង្គ​សវនា​ការ​ និង​អ្ន​ក​​តាម​ដាន​​នៅ​ក្នុង​​អង្គ​សវនាការ​​​​ទាំង​មូល​។​​ ដូច្នេះ​ខ្ញុំ​ សូម​​ធ្វើ​ការ​ពន្យល់ជូន​​ប្រជា​ពលរដ្ឋ​​មួយចំនួ​ន​​តូច​​ដែល​​មិ​ន​ទា​ន់​យល់​​អំពី​​ដំណើរ​​ការ​​នៃ​រឿង​​ក្តី​​នេះ​ និង​​នៅ​​តែ​ប្រកាន់​នូវ​ជំហរ​​ផ្កាប់​មុខ​ចំពោះ​អំពើ​ឃុប​ឃិត​ជាមួយបរ​ទេ​ស​​ដើម្បី​បំផ្លាញ​ជាតិ​នេះ​ និង​សូម​ធ្វើ​ការ​​​វាយ​តម្លៃជា​ជំហ៊ាន​ដំបូង​​ខាង​​ផ្នែក​​​​ច្បាប់​ចំពោះ​សវនា​ការ​នេះ​ដូច​ខាង​ក្រោ​ម​៖
១/ ជា​សវនា​ការ​ដែល​ប្រព្រឹត្ត​ទៅ​តាម​នីតិវិធី​ដ៏​ត្រឹម​ត្រូវ​របស់​តុលាការ​ បើ​ទោះ​បី​ចំនួន​អ្នក​ចូល​រួម​នៅក្នុង​សវនា​ការ​មិន​បាន​ច្រើន​នាក់​ក្តីដោយ​សារ​មូល​ហេតុ​ទំហំ​បន្ទប់​សវនា​មាន​កំណត់​​ ក៏​ប៉ុន្តែ​ មាន​តំណាង​​សំខាន់ៗ​ចូល​រួម​តាម​ដាន​ដំណើរ​ការ​សវនាការ​ជាច្រើន​​​ដូច​ជា​ ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ​ក្តី​ តំណាង​ក្រុម​​​មេធា​វី​ដើមបណ្តឹង​រដ្ឋ​ប្ប​វេណី​ តំណាង​អយ្យ​ការ​​​​ តំណាងក្រុម​​មេធាវី​ជន​ជាប់​ចោទ​ ជន​ជាប់​ចោទ​ និង​ជាពិសេស​មាន​ការ​ចូល​រួម​ពី​អ្នក​ស​ង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​ ដែល​ក្នុង​នោះ​រួម​មាន​តំណាង​ពី​ស្ថាន​ទូតនៃ​ប្រទេស​​នានា​ ​អ្នក​សារ​ព័ត៌​មាន​ជា​តិ​ និង​អន្តរជាតិ​ តំណាង​សង្គម​ស៊ីវិល​ និង​តំណាង​គណបក្ស​នយោបាយ​នានា​ផង​ដែរ​។​
២/ នៅ​រាល់​ពេល​បិទ​បញ្ចប់សវនា​ការ​មួយលើក​ៗ​ ទាំង​ក្រុម​មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី និង​ក្រុម​មេធាវី​ជនជា​ប់​ចោទ​ សុទ្ធ​តែ​បាន​ចេញ​មក​ធ្វើ​សន្និសីទ​សារព័ត៌​មាន​បង្ហាញ​អំពី​អំណះ​អំណាង​របស់​ខ្លួន​ក្នុង​ការ​ដាក់​បន្ទុក​ និង​ដោះ​បន្ទុក​ ​​យ៉ាង​​មាន​មោ​ទនភាព​ និង​ភាព​ជឿជាក់​ មិន​ដូច​មតិ​ខ្លះ​ដែល​លើក​ឡើង​ថា​ សវនាការ​ជំនុំ​ជំរះ​ក្តី​​​រឿង​លោក កឹម សុខា​ នេះ​ ជា​ឆាក​ល្ខោន​ ឬ​ជារឿង​ឡប់​ឡែ​នោះ​ទេ​។
៣/ ការ​លើក​ឡើងរបស់​ក្រុម​ដែល​មាន​គំនិត​ទុទិដ្ឋិនិយម​ថា​ សវនាការនេះ​ ​ជា​ឆាក​ល្ខោន​ ឬ​ជារឿង​ឡប់​ឡែ​​​​នោះ​គឺ​ជាការ​ឆោត​ល្ងង់​បំផុត​ ដោយ​សារ​តែ​មតិ​មួយ​ចំនួន​តូច​​នោះ​មាន​គំនិត​ប្រឆាំង​ជ្រុល​និយម​ ផ្កាប់​មុខ​ពេក​ ដែ​ល​វា​នឹងអាច​​ក្លាយ​ទៅ​ជាបច្ច័យ​អាក្រក់​ដល់​ភាគី​លោក កឹម សុខា​ ព្រោះ​ថា​វាអាច​ជាសំពាធ​មួយ​ចំពោះ​តុ​លាការ ​ដែល​អាច​នឹងសម្រេច​សេចក្តី​​ដាក់​បន្ទុក​កាន់​​តែ​ធ្ងន់ក​​ដល់​លោក កឹម សុខា​ ទៅវិញ​ទេ​ដើម្បី​កុំ​ឱ្យ​សាធារណៈ​មតិ​ចោទ​ប្រកាន់​ថា​ជា​សវនា​ការ​ឆាក​​ល្ខោន​ដូច​ការ​លើក​ឡើង​របស់​ក្រុម​​ប្រឆាំងទាំង​នោះ​​។​
៤/ ដោយ​សារ​មាន​ការ​សួរ​ដេញ​ដោល​ និង​ជជែក វែក​ញែក​ ​ពិភាក្សាយ៉ាង​ផុស​ផុល​បែប​នេះ​ទើប​ផ្តល់​ឱកាស​ និង​លទ្ធភាព​ដល់​មេធាវី​ទាំង​សង​ខាង​ត្រូវ​ខិត​ខំ​រិះរក​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក និង​ដោះ​បន្ទុក​ទៅ​តាម​នី​តិ​វិធី​ច្បា​ប់​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គឺ​ជា​សវនា​ការ​ប្រកប​ដោយ​តម្លាភាព​ ពី​ព្រោះ​ពេល​ខ្លះ​ក្រុម​ប្រឹក្សា​នៅ​ពេល​ដែល​មេធាវី​ចុង​ចោទ​ជាប់​បន្ទុក​ធ្ងន់​ ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ​បាន​ផ្តល់​លទ្ធភាព​ និង​ពេល​វេលា​ចំពោះ​មេធា​វី​ជនជាប់ចោទ ​បាន​ឆ្លើយ​ដោះ​បន្ទុក​ក្នុង​រយៈ​ពេល​យូរ​ជាងពេលវេលារបស់​មេធាវី​ដើមបណ្តឹង ​ដើម្បី​ជៀស​​វាង​ខាង​ជនជាប់ចោ​ទ ​ឆ្លើយ​ថា​គ្មាន​ពេល​វេលាគ្រប់​គ្រាន់​ដើម្បី​បក​ស្រាយ​។​ បញ្ហា​នេះ​ត្រូវ​បាន​លោក​ គី តិច មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី ​បាន​បញ្ជាក់​នៅក្នុង​សន្នីសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនា​កាល​ពី​អាទិត្យ​មុន​។​​​
៥/ សូម្បី​តែ​លោក ព្រាប កុល​ ដែល​តំណាង​ឱ្យ​ផ្នែក​សង្គម​ស៊ី​វិល​ដែល​បាន​ចូល​រួម​ក្នុង​សវនា​ការ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា​ កន្លង​ទៅ​ ហើយ​លោក​ក៏​ជា​អ្នក​ដែល​ធ្លាប់​តែ​កាន់​ជើង​ខាង​បក្ស​ប្រឆាំង​ផ្កាប់​មុខ​ដែរ​នោះ​ ក៏​បាន​សរសេរ​នៅក្នុង​គណនី​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ដោយ​បាន​ទទួល​ស្គាល់​ថា​ សវនា​ការ​ធ្វើ​បាន​ល្អ​ ប្រព្រឹត្ត​ទៅ​តាម​នីតិ​វិធី​របស់​តុលាការ​ផង​ដែរ​។​
សរុប​មក​ ​​​ខ្ញុំ​យល់​ថា​ ​ទាំង​​មេធាវី​ដើមបណ្តឹង​ តំណាង​អយ្យការ​ តំណាង​មេធាវី​ជន​ជាប់​ចោទ​ និង​ជន​ជាប់​ចោទ​ សុទ្ធ​តែ​បាន​បញ្ចេញ​នូវ​អំ​ណះ​អំណាងដាក់​បន្ទុក​ និង​ដោះ​បន្ទុក​គ្នា​យ៉ាងមាន​​តម្លា​ភាព។​​​  រូប​ខ្ញុំ​ផ្ទាល់​ ក៏​ដូច​ពួកគាត់ភាគច្រើន​បាន​​យល់ថា​សវនាការ​រឿងក្តី​​នេះ គឺ​ពិត​ជា​ធ្វើ​ឡើងដោយ​មាន​​​លក្ខ​ណៈប្រព្រឹត្តទៅ​តាម​នីតិ​វិធី​របស់​តុលាការ​ និង​មាន​ការ​ចូល​រួម​ក្នុង​អង្គសវនា​ការ​ពី​ភាគី​ជាច្រើន​ដែល​នេះ​គឺ​ជា​ការ​វិវត្តជា​វិជ្ជមានមួយ​​សម្រាប់​​តុលាការ​​កម្ពុជានៅ​ក្នុង​សំណុំ​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​នៃ​បទ​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស​​របស់​​ជន​​ជាប់​​ចោទ​​ កឹម សុខា និង​​អាចវាយ​តម្លៃ​​ទទួល​យក​បាន​​ពី​​គ្រប់​ភាគី​​​ក្នុង​ការ​​រក​យុត្តិធម៌​​ជូន​ជន​ជាប់​ចោទ​យ៉ាង​ពិត​​ប្រា​ក​​ដ​៕​
 ដោយ​៖​និស្សិត​ច្បាប់​ឆ្នាំ​ទី​៤​នៃ​សកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច

No comments:

Post a Comment