Thursday, January 16, 2020

លោក សេង ទៀង នាំយកថវិកាប្រគល់ជូនគ្រួសារសពជនរងគ្រោះស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប (គ្រួសារសពអ្នកខេត្តកំពង់ធំ)

កំពង់ធំ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ លោក ញឹក បានខេង អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្ត និងសហការី បានអញ្ជើញចូលរួមជាមួយ លោក សេង ទៀង ជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បាននាំយកថវិកាចំនួន ៥ម៉ឺនដុល្លារ ដែលទទួលបានពីការបរិច្ចាគពីសប្បុរសជនទៅ ផ្តល់ជូនគ្រួសារសព ប្អូនប្រុស សេង ប៉េងអាន ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ កម្ពស់៦ជាន់ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០កន្លងទៅ ហើយពិធីប្រគល់ថវិកានេះស្ថិតនៅធនាគាអេស៊ីលីដា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំនៅខេត្តកែប កន្លងទៅនេះ។
គួរជម្រាបថា ករណីបាក់រលំអគារកម្ពស់ ៦ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យមនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់) ៕




No comments:

Post a Comment