Tuesday, December 10, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមអបអរសាទរខួបលើកទី៧១ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្ដែងការអបអរសាទរ ខួបលើកទី៧១ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ១៩៤៨-១០ធ្នូ ២០១៩។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា បើនិយាយពីរឿងសិទ្ធិមនុស្ស នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋ មិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ធិប្រកបការងារជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំ ពលរដ្ឋទាំងក្មេងចាស់ ប្រុសស្រី ធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលឱ្យប្រជាពលរដ្ឋជាង៣លាននាក់ បានស្លាប់ក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា សិទ្ធិសេរីភាពរបស់កម្ពុជា ដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញ នៅក្រោយពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូច-ធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោត ជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ៕

No comments:

Post a Comment