Wednesday, December 18, 2019

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើកុំឱ្យមានការព្រួយបារម្ភចំពោះសមយុទ្ធចំនួន២ នៅថ្ងៃនេះ ហើយមិនត្រូវឃោសនាអកុសលទេ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភចំពោះសមយុទ្ធចំនួន២ ដែលកម្ពុជាបាន និងកំពុងរៀបចំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយមិនត្រូវធ្វើការឃោសនា ឬផ្សព្វផ្សាយអកុសលចំពោះសមយុទ្ធទាំងនេះឡើយ។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណ ២,៨៣១នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នៅថ្ងៃនេះ មានសមយុទ្ធ២កើតឡើងផ្ទួនគ្នាតែម្តង គឺសមយុទ្ធទី១៖ គឺការសង្គ្រោះគ្រោះមហន្តរាយ ពេលមានឧបទ្ទវហេតុធ្លាក់យន្តហោះ នៅឯព្រលានយន្តហោះទីក្រុងសៀមរាប សូមកុំឱ្យមានការភ័យព្រួយ ឬក៏ការប្រើបណ្តាញសង្គម ហើយដែលលើកឡើង អំពីការមួលបង្កាច់ទាក់ទងនឹងការធ្លាក់យន្តហោះជាដើម»។
លោកនាយករដ្ឋមន្រ្ដីបានបន្តថា៖ «សមយុទ្ធទី២ កំពុងតែចាប់ផ្តើមដែរ កើតឡើងនៅខេត្តស្វាយរៀង គឺសមយុទ្ធរួមគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ដើម្បីសង្រ្គោះគ្រោះមហន្តរាយនៅតាមព្រំដែន ដូច្នេះសូមកុំឱ្យមានការព្រួយបារម្ភ ឬការឃោសនាអកុសលណាមួយ»។
អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប មានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport Emergency Exercise REPEX-19) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ស្នេះ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយធ្វើការហ្វឹកហាត់ សាកល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះ ឱ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ។ នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិត នៃការធ្លាក់យន្តហោះដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ។
ទន្ទឹមនឹងនេះ ក៏មានការប្រកាសអាសន្នដល់សមត្ថកិច្ច អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនានា និងជាពិសេសរថយន្តពន្លត់អគ្គិភ័យ នៅក្នុងខេត្តសៀមរាប។
ដោយឡែកនៅព្រំដែនខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីបើក និងបិទលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោករួមគ្នា និងការងារមនុស្សធម៌ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា។ ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យមានការរីកចម្រើន។ រយៈពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺនមានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់១៨ ខែធ្នូ ឆ្នាំ២០១៩។ កម្លាំងចូលរួមខាងភាគីវៀតណាម ២៦៥នាក់ ខាងភាគីកម្ពុជា៤៧១នាក់ រួមនឹងកម្លាំងចូលរួម ១,១៤៣នាក់។
បើតាមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយកម្ពុជា-វៀតណាម បានបញ្ជាក់ថា ខ្លឹមសារនៃការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោកប្រទេសទាំងពីរ ចែកចេញជា៤ ដំណាក់កាលហើយលំហាត់សង្គ្រោះគ្រោះមហន្តរាយនេះ គឺជាលើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា។

នាយឧត្តមសេនីយ៍បានលើកឡើងថា ការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ជាមួយភាគីវៀតណាមនេះ គឺដើម្បីត្រៀមកម្លាំងរួមគ្នា ក្នុងការចុះជួយប្រជាពលរដ្ឋ ដែលជាប់នឹងព្រំដែននៃប្រទេសទាំងពីរ ខណៈដែលពួកគេជួបគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយដោយយថា ហេតុណាមួយកើតឡើងនោះ ៕




No comments:

Post a Comment