Thursday, November 14, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅកម្ពុជាមានថ្មភ្នំច្រើន តែថ្មដែលអាចយកទៅធ្វើជាស៊ីម៉ងត៍ មានតែក្នុង៣ខេត្ត តែប៉ុណ្ណោះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាយើងមានថ្មភ្នំច្រើនមែន ប៉ុន្តែថ្មភ្នំដែលអាចយកទៅធ្វើ ជាស៊ីម៉ងត៍ មានតែក្នុង៣ខេត្ត តែប៉ុណ្ណោះ គឺខេត្តកំពត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្រោយសង្កេតឃើញផ្លូវមួយចំនួន ចាក់កៅស៊ូមិនមានគុណភាព ជាប់បានយូរនោះ លោក បានលើកឡើងថា នាថ្ងៃខាងមុខការស្ថាបនា ផ្លូវនឹងត្រូវប្រើប្រាស់ ស៊ីម៉ងត៍ ចាក់បេតុងជំនួសកៅស៊ូវិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់បញ្ហាការកសាងហេដ្ឋារចនាសម្ព័ន្ធខ្លាំងណាស់ ហើយចក្ខុវិស័យនេះក៏បានដាក់ទៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព៕







No comments:

Post a Comment