Tuesday, November 05, 2019

នាយករដ្ឋមន្រ្ដីកម្ពុជា អំពាវនាវដល់ជនរួមជាតិ និងភ្ញៀវទេសចរ ត្រៀមអំបុក, ចេកទុំ,ដូងខ្ចី ដើម្បីត្រៀមអកអំបុក ក្នុងឱកាសបុណ្យអុំទូក សំពះព្រះខែ

ខណៈថ្នាក់ដឹកនាំគណៈប្រតិភូត្រឡប់មកកាន់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិឱ្យត្រៀមអាហារ អំបុក ចេកទុំ ដូងខ្ចី ដើម្បីត្រៀមអកអំបុក ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចូលមកដល់នូវរយះពេល៤ថ្ងៃ ខាងមុខនេះ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គម Facebook ដូច្នេះថា៖ «នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹងចូលមកដល់ ហើយនឹងបន្តដល់បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០ ដល់១២ វិច្ឆិកា។ សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកំសាន្តសប្បាយទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ហើយសូមត្រៀមអំបុក, ចេកទុំ, ដូងខ្ចី…ដើម្បីយើងទទួលទានអំបុកទាំងអស់គ្នា នៅថ្ងៃទី ៩ វិច្ឆិកា ក្នុងបរិយាកាសសប្បាយរីករាយ “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ”»។
ឆ្លៀតឱកាសនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ ឱ្យជួបតែសេចក្តីសុខ, សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា លោកបានដឹកនាំគណៈប្រតិភូវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេសថៃ អស់រយៈពេល៣ថ្ងៃកន្លងមកនេះ ដែលទទួលបានលទ្ឋផលល្អជាទីមោទនៈបំផុត។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងបាងកក បានផ្តល់ឱកាសឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់សហគមអាស៊ានទាំងមូល និងសម្រាប់ពិភពលោកផងដែរ។
ជាពិសេសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូអាស៊ានជាច្រើនដូចជា ចិន ឥណ្ឌា រុស្សី អាមេរិក កូរ៉េ ជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ ស្ថិរភាព សន្តិភាព និងវិបុលភាពប្រកបដោយចីរភាព។ សម្រាប់កិច្ចប្រជុំកំពូលលើកទី៣៦ គឺនឹងធ្វើនៅប្រទេសវៀតណាម វិញម្តង ៕





No comments:

Post a Comment