Thursday, October 17, 2019

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាំចៅស្រីច្បងឲ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប៊ុលហ្គារី ដើម្បីយល់ពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ

ប៊ុលហ្ការី៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសកំពុងបំពេញទស្សនកិច្ច នៅប្រទេសប៊ុលហ្គារី ជាប្រទេសទី៣ ចុងក្រោយដែលត្រូវបំពេញទស្សនកិច្ច ក្នុងតំបន់អឺរ៉ុបនោះ, លោកបាននាំចៅស្រីច្បងរបស់លោក ឲ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ប៊ុលហ្គារី ដើម្បីឲ្យរូបគេបានយល់ពីរៀបចរចានៃថ្នាក់ដឹកនាំជាតិ។
តាមរយៈការបង្ហោះ Facebook នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ លោកនាយករដ្ឋមន្ត្រី បានពន្យល់មូលហេតុដែលលោកនាំចៅស្រី ជួបប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប៊ុលហ្ការី ថា ដោយសារតែចៅស្រីរបស់លោក រៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ក្នុងនាមលោកជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប ក៏ខិតខំជួយចៅស្រី ដើម្បីសម្រេចគោលដៅដែលគេចង់បាន។
នេះមិនមែនជាលើកទី១ទេ ដែលលោកនាំចៅស្រីច្បង ជួបមេដឹកនាំប្រទេសក្នុងតំបន់អឺរ៉ុបនេះ កាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅ លោកក៏បាននាំចៅស្រីច្បងរូបនេះ ជួបជាមួយមេដឹកនាំប្រទេសហុងគ្រីផងដែរ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ចៅស្រីខ្ញុំ ដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមកជួបជីតា នៅប្រទេសប៊ុលហ្ការី។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំជាជីតា ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូបខិតខំជួយចៅ ដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។
ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី សំដៅឱ្យចៅបានយល់អំពីរបៀបចរចា នៃថ្នាក់ដឹកនាំជាតិ។
កាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅចៅក៏បានចូលរួមរបៀបនេះ នៅប្រទេសហុងគ្រី ក្នុងពេលដែលខ្ញុំទស្សនកិច្ចនៅទីនោះផងដែរ»។
សូមជម្រាបថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចំនួនបី នៅតំបន់អឺរ៉ុបគឺ៖ សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ តាមការគ្រោងទុកលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៨ ខែតុលាស្អែកនេះ ៕



No comments:

Post a Comment