Monday, October 21, 2019

កម្មវិធីចែកម៉ូតូថ្មី ២៤គ្រឿង ដល់មន្រ្តីនៃ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុ

ប៉ៃលិន៖ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តី ពីការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Aspire) នឹងប្រគល់ ម៉ូតូម៉ាក SUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព ដែលជាជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា មូលនីធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ កសិកម្ម (IFAD) ប្រគល់ជូនដល់មន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សំរាប់បំពេញបេសកម្មណែនាំពីបច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការប្រែប្រួលអាកាសធាតុពិតជាបង្កឡើងនូវផលប៉ះពាល់យ៉ាងច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ជាពិសេសកសិករផ្ទាល់តែម្តង រួមមាន ភាពរាំងស្ថួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះ បាញ់ និង របបខ្យល់ ការហូច្រោះដី សីតុណ្ហភាព ប្រែប្រួលខ្លាំង កំដៅកើនឡើងកើតមានជម្ងឺប្លែកៗ លើមនុស្ស។
ដូច្នេះហើយរាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ក្នុងការស្វែងរកដៃគូនានា ដើម្បីបង្កើននូវការទប់ស្កាត់ និងវិធីសាស្រ្តការពារ ក្នុងការណែនាំបច្ចេកទេសអោយបានត្រឹមត្រូវប្រកបដោយគុណភាព ប្រសិទ្ធិភាព បង្ករលក្ខណៈអោយបងប្អូនប្រជាពលរដ្ឋក្នុងការបង្ករបង្កើនផលទទួលបានទិន្និផលខ្ពស់។
ដូច្នេះលោកអភិបាលខេត្តសង្ឃឹមថា ការប្រគល់ម៉ូតូម៉ាក SUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព ដែលជាជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនីធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រគល់អោយនៅពេលនេះ នឹងយកទៅបំពេញបេសកម្មរបស់ខ្លួន និងអនុវត្តការងារអោយមានប្រសិទ្ធិភាពខ្ពស់ ដើម្បីចែកនូវចំណេះដឹង បច្ចេកទេស ជូនប្រជាពលរដ្ឋ និងកសិករ ខ្នាតតូច/ធំ ដែលមានដីតិច ច្រើន ឱ្យពួកគាត់ យល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការបង្កើត មុខរបរ អាជីវកម្មតាមបែបកសិកម្ម រួមមាន៖ មៀនប៉ៃលិន ស្វាយកែវរមៀត បន្លែ ពោតក្រហម ដំឡូងមី ចិញ្ចឹមមាន់ ទា ត្រី ជ្រូក គោ ជាដើម ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចគ្រួសារតាមរយៈវិស័យកសិកម្ម។
នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានមានប្រសាសន៍ជំរុញដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្តល់នូវកិច្ចសហការឱ្យបានល្អ ជាមួយក្រុមការងារផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការរួមចំណែកលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
បើតាមរបាយការណ៍លោក សាយ សុផាត ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់នឹង នេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ក្នុងខេត្តប៉ៃលិន មានថវិកាគាំទ្រ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សរុបចំនួន $409,191.50 និងបានចំណាយ សរុបចំនួន $54,047.53 ថវិកា៕




No comments:

Post a Comment