Thursday, October 10, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានប្រទេសជាច្រើនត្រូវបានដួលរំលំក្រោយពេលម្ចាស់ជំនួយត្រូវបានកាត់ផ្តាច់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ ឬនៅក្នុងតំបន់អាស៊ី ទាំងមូលមានតែប្រទេសកម្ពុជា មួយតែប៉ុណ្ណោះដែលបរទេសមកជួយទ្រទ្រងទាំងសេដ្ឋកិច្ច និងកងទ័ព ហើយនៅពេលប្រទេសទាំងនោះដកជំនួយយកទៅវិញរដ្ឋបាលកម្ពុជាគឺនៅស្ថិតស្ថេរភាពដដែល ដោយអត់មានរង្គោះរង្គើរនោះទេ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩) ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីបណ្តាប្រទេសនានា ឬរដ្ឋាភិបាលមួយចំនួនដែលបានដួលរលំបន្ទាប់ពីបរទេសដកជំនួយទៅវិញដូចជា៖ រដ្ឋាភិបាលរបបលន់ នល់ ត្រូវដួលរលំ បន្ទាប់ពីសហរដ្ឋអាមេរិកដកទៅវិញ វៀតណាមខាងត្បូងត្រូវដួលរលំក្រោយអាមេរិកដកទៅវិញជាដើម។
គួររំលឹកផងដែរថា លោកនាយករដ្ឋមន្ត្រី ធ្លាប់បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា មិនអាចអធិបតេយ្យជាតិទៅដោះដូរយកជំនួយជាដាច់ខាត នេះជាគោលជំហរដ៏រឹងមាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី គោរពរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ៕






No comments:

Post a Comment