Tuesday, July 23, 2019

បុណ្យចូលព្រះវស្សា

បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំ វស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺ ចាត់ចែងវស្សិកសាដក(សំពត់សំរាប់ងូត ទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព ។ ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈ ពេល ៤ខែ គឺរាប់ ពីថ្ងៃ ១រោច ខែអាសាធ រហូតដល់ថ្ងៃ ១៥កើតខែកត្តិក រយៈពេលនោះ ឯង ហៅថាវស្សានរដូវ ។ បានជាព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់ អនុញ្ញាតឲ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សា នោះពីព្រោះហេតុខាង ដើម ២យ៉ាងគឺ៖
១- ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មាន គួរខ្លះ មិនគួរខ្លះ មានការ ដើរជាន់នៅភូតគាម ពិជគាម និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឲ្យអ្នកស្រុករិះគន់តិះដៀល និង ពោលនូវទោសដែលមានប្រការផ្សេង។
២- ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឲ្យបព្វជិតក្នុង សាសនា លំបាកក្នុង ការធ្វើដំណើរទៅមក គឺឲ្យនៅចាំវស្សាតែមួយ កន្លែងអស់រយៈពេល ៣ ខែ ។
ក្នុងវិន័យបិដក មហាវគ្គភាគ ៧ ត្រង់វស្សូបនាយិកក្ខន្ធក លោកសម្តែងថា ការចូលវស្សា មាន ២យ៉ាងគឺ ទី១. ហៅថាបុរិមិកាវស្សា ការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ ១រោច ខែអាសាធ (បើឆ្នាំ ណាលើកខែអាសាធពីរដងនោះ ចូលវស្សានេះនៅថ្ងៃ១រោចខែទុតិយាសាធ) តទៅអស់ ១ត្រៃមាស (៣ខែ) ទើបចេញវស្សា នៅថ្ងៃ ១៥កើតខែអស្សុជ។ ឯទី ២.ហៅថាបច្ឆិមិកាវស្សា ការចូលវស្សា លើកក្រោយ( ក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន ១ខែ ) គិតចាប់ពីថ្ងៃ ១រោចខែស្រាពណ៍ តទៅ ដល់ថ្ងៃ១៥កើតខែកត្តិកទើបត្រូវចេញ ។ ការចូលវស្សាលើកក្រោយនេះ ព្រះពុទ្ធទ្រង់អនុញ្ញាតដល់ សាវ័ក ក្រែងមានកិច្ចរវល់ប្រការណាមួយ ដែលពុំអាច ចូលវស្សាទី១ ឲ្យចូល វស្សាទី២បាន ។
បុព្វហេតុនៃការចូលវស្សា
សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវ័ន កលន្ទកនិវាបស្ថានទៀបក្រុង រាជគ្រឹ ។ គ្រានោះឯង ការនៅចាំវស្សា ព្រះមានព្រះភាគមិនទាន់បញ្ញត្តិដល់ភិក្ខុសង្ឃទាំងឡាយនៅ ឡើយ ភិក្ខុទាំងនោះក៏ចេញដើរទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ មនុស្សទាំងឡាយ ពោលទោសតិះដៀលបន្តុះបង្អាប់ ថា ពួកសមណជាសក្យបុត្ត មិនសមបើនឹងដើរ ទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុដែលមានជីវិតមានឥន្រ្ទីយ៍តែមួយ ញុំាងសត្វតូចៗជាច្រើនឲ្យដល់នូវសេចក្តីវិនាស សោះ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃពីនេះ ដែលជាអ្នកពោលធម៌អាក្រក់ ម្តេចគង់នៅសម្ងំឈប់ សម្រាកនៅចាំវស្សា សូម្បីទាំងពួកសត្វស្លាបនោះទៀតសោត ក៏គង់ធ្វើសំបុកលើចុងឈើទាំងឡាយ ហើយសម្ងំឈប់សម្រាកនៅចាំវស្សាដែរ ចំលែកតែពួកសមណជាសក្យបុត្តនេះ នៅតែដើរទៅកាន់ ចារិក អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀត បៀននូវវត្ថុដែលមានជីវិតមានឥន្រ្ទីយ៍តែមួយ ញុំាងសត្វតូចៗជាច្រើន ឲ្យដល់នូវសេចក្តីវិនាស ។
កាលមនុស្សទាំងឡាយ កំពុងពោលទោសតិះដៀលបន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់ គ្រា នោះឯងភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះឯង រួចហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក អនុញ្ញាតថា អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុន្តិ ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យ ភិក្ខុចូលចាំវស្សា ។ ការចូលវស្សា និយាយតាមបទព្រះវិន័យ ជាកិច្ចរបស់ព្រះសង្ឃដោយឡែកផ្សេង មិនទាក់ ទាមដោយគ្រហស្ថផងទេ។ ពាក្យថាចូលវស្សា ឬនៅចាំវស្សា ជាពុទ្ធសាសនវោហារ បានសេចក្តីថា កាលដែលភិក្ខុសង្ឃឈប់សម្រាកនៅទីណាមួយ ឬវត្តណាមួយ កំណត់អស់វេលា៣ខែ ក្នុងរដូវភ្លៀង ដោយមិនបានត្រេចទៅណាមកណាឲ្យកន្លងរាត្រីឡើយ ។ វៀលែងតែមានហេតុការចាំបាច់ ដូចជា មាតាបិតា ឬគ្រូឈឺជាទម្ងន់ ឬដល់នូវមរណ ឬឧបាសកនិមន្តទៅសម្តែងធម៌ជាដើម ទើបទៅបាន ដើម្បីជួយឧបត្ថមកិច្ចការនោះៗ ដោយតាំងចិត្តថានឹងត្រឡប់មកវិញ ក្នុងរវាង ៧ថ្ងៃ ។
យើងដឹងហើយថា នៅថ្ងៃ១រោចខែអាសាធ ជាថ្ងៃត្រូវចូលវស្សារបស់បព្វជិត ក្នុងព្រះពុទ្ធ សាសនាទាំងភិក្ខុទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុញ្ញាត ។ រីឯទាយកទាយិកា ឧបាសក ឧបាសិកា ជាពុទ្ធសាសនិក ចំណុះជើងវត្តនីមួយៗ ក្រោមការដឹកនាំរបស់លោកអាចារ្យវត្តក៍ប្រារព្ធ ធ្វើបុណ្យចូលវស្សា ឬកាន់វស្សាផងដែរ តែធ្វើនូវថ្ងៃ១៥កើតខែអាសាធ មុនព្រះសង្ឃចូលព្រះវស្សា ១ថ្ងៃ ។ បានសេចក្កីថា មុនថ្ងៃចូលព្រះវស្សាកន្លះខែ ឬថារាល់ថ្ងៃឧបោសថសីល ( ថ្ងៃខែដាច់ខែជេស្ឋ ឬថ្ងៃ៨ កើតខែអាសាធ ) លោកអាចារ្យ តែងតែប្រកូកប្រកាសជំរាបពុទ្ធបរិស័ទឲ្យដឹកជាមុន អំពីថ្ងៃ ចូល វស្សាខាងមុខ ( ប្រជុំពិភាក្សាឯកភាពគ្នាក្នុងជួរអាចារ្យ គណ:កម្មការវត្ត ចាស់ព្រឹទ្ធាចារ្យរួច ហើយ) ឲ្យពុទ្ធបរិស័ទត្រៀម លក្ខណ:ប្រុងរៀងចំ ចតុប្បច្ច័យ ទេយ្យវត្ថុ មានសាដក ទៀន ធូប ប្រេងចំណាំវស្សា ជាដើមសំរាប់ទំនុកបំរុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្ត និងជំរាបពុទ្ធបរិស័ទ មកជួបជុំគ្នានៅថ្ងៃទី១៥កើតខែអាសាធដោយនាំមក នូវទេយ្យវត្ថុផង។
អាចារ្យវត្តកន្លែងខ្លះមានឲ្យ លិខិតដែលកំណត់ទេយ្យវត្ថុអ្វីខ្លះ ក្នុងមួយកញ្ចប់និងប្រាក់សង្កត់លើទេយ្យវត្ថុនោះចាត់ចែងស្វែងរកទៀន ធំៗហៅថា:ទៀនចំណាំវស្សា(បើពុំមានអ្នកមានសទ្ធាណាបូជាទេ)ទៀនធំ មួយគូនេះ សំរាប់ដុត ចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធជាថ្ងៃចូលវស្សាមិន ពន្លត់ដល់ថ្ងៃចេញវស្សា (៣ខែ) ។ នៅថ្ងៃ១៥កើត ខែអាសាធក្រោយ ពីសមាទានឧបោសថសីលរួចហើយលោកអាចារ្យប្រកាសឲ្យបរិស័ទយក រណ្តាប់រណ្តា រៀងៗខ្លួនចូលបុណ្យដែលត្រូវជួបជុំគ្នានៅម៉ោង២រសៀល ដើម្បីធ្វើពិធីសូត្រមន្តចូលវស្សា ។ នៅពេលរសៀល ពុទ្ធបរិស័ទមកជួបជុំគ្នា រួមទាំងកញ្ចប់ទេយ្យវត្ថុ ផង ក៏ធ្វើពិធីហែសាដកចំណាំវស្សានេះ ពីឧបដ្ឋានសាលាទៅព្រះវិហារដោយ និមន្តព្រះសង្ឃគ្រប់អង្គក្នុងវត្តទៅតែម្តង ។
ពិធីចាប់ផ្តើមនមស្ការព្រះរតន ត្រៃសមាទានសីលហើយអារាធានាព្រះសង្ឃចំរើនព្រះបរិត្ត។ ចប់ពុទ្ធមន្ត ហើយលោកអាចារ្យប្រកូកប្រកាសអំពីថ្ងៃចូលវស្សា ។ ការចូលវស្សារបស់ ទាយកទាយិកា នេះ មិនមែនជាពុទ្ធប្បញ្ញត្តិទេ គឺជាចេតនាកម្មធ្វើដោយ សោមនស្សវេទនា ញាណសម្បយុត្ត ។


 







No comments:

Post a Comment