Wednesday, July 03, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវ៧ចំណុច ដល់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍ទាំងអស់ពិចារណាផ្តល់ការឧបត្ថម្ភគាំទ្របន្តទៀតដល់កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យរបស់កម្ពុជាគឺការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅនេះ ក៏ដូចជាជួយដល់ប្រទេសអភិវឌ្ឍតិចតួចឱ្យចាកចេញពីភាពក្រីក្របានឆាប់រហ័ស ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ លោកបានអំពាវនាវ៧ចំណុចដល់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ពិចារណាផ្តល់ការឧបត្ថម្ភគាំទ្របន្តទៀតដល់កម្ពុជា។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ចំណុចទាំង៧ដែលជាការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅតាមវិស័យសំខាន់ៗមួយចំនួនមានដូចខាងក្រោម៖
ទី១- ការពង្រឹងភាពប្រកួតប្រជែងរបស់ប្រទេសអភិវឌ្ឍតិចតួច និងជួយគាំទ្រដល់កម្មវិធី និងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច
ទី២- ការបន្តនិងបង្កើនការផ្តល់ភាពអនុគ្រោះនានា តាមរយៈប្រព័ន្ធសេដ្ឋកិច្ចពហុភាគី ឬឯកតោភាគី ហើយសូមធ្វើការពិចារណាឱ្យបានដិតដល់ មុននឹងដាក់វិធានការព្យួរឬដកចេញនូវ ភាពអនុគ្រោះពីប្រទេសអភិវឌ្ឍតិចតួច ពីព្រោះការព្យួរឬដកនោះមិនអាចឱ្យប្រទេសទាំងនោះ ជួយពិភពលោក សម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងមិនអាចជួយពួកគេឱ្យ ចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍតិចតួចបានឡើយដែលចលនានេះផ្ទុយទាំងស្រុងទៅនឹង គោលការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក។
ទី៣- ការកសាងសមត្ថភាពដើម្បីទាញយកប្រយោជន៍ពីប្រភពកំណើនថ្មីជាពិសេស ផ្នែកសេវា និងការទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ និងដើម្បីទាញយកផលប្រយោជន៍ដែលអាចទទួលបានពីសេដ្ឋកិច្ចឌីជីថល។
ទី៤- ការរៀបចំយុទ្ធសាស្រ្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងផលិតផលចម្រុះ សំដៅបង្កើនការនាំចេញដែលជាប្រភពសម្រាប់លើកកម្ពស់សុខុមាលភាពនិងការងារដល់ស្រ្តី។
ទី៥- ការតភ្ជាប់គោលនយោបាយយុទ្ធសាស្រ្ត និងចក្ខុវិស័យនានារបស់ប្រទេសអភិវឌ្ឍតិចតួច ជាមួយនឹងការវិវត្តសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ទី៦- ការបង្កើននវានុវត្តន៍និងជំរុញលើកកម្ពស់ ការអនុវត្តថ្មីៗតាមរយៈការកៀរគរហិរញ្ញប្បទានបន្ថែមពីដៃគូអភិវឌ្ឍនានា និងវិស័យឯកជនក្រោមក្របខណ្ឌនៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំផ្សេងៗទៀត។
ទី៧- ការបន្តផ្តល់ជំនួយនានាសម្រាប់ការកែទម្រង់ និងសម្រាប់ការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ពិសេសលើការកែទម្រង់លិខិតបទដ្ឋានគតិយុត្តនានា៕

No comments:

Post a Comment