Thursday, January 03, 2019

សមាជិក APPF ២២ប្រទេស ដែលមានគណៈប្រតិភូបរទេសជាង ២០០នាក់ នឹងចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិក នៅខេត្តសៀមរាប នាពាក់កណ្តាលខែមករានេះ

រដ្ឋសភាកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នាពាក់កណ្តាល ខែមករា ឆ្នាំ២០១៩ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ។ យោងតាមលទ្ធផល ការងារដែលបានបង្ហាញនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា សមាជិកសភាចំនួន២២ប្រទេស នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដោយរាប់ បញ្ចូលទំាងសភាកម្ពុជាជាម្ចាស់ផ្ទះផងនោះ នឹងចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនេះ នៅលើទឹកដីអង្គរខេត្តសៀមរាប។
លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក ក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី២៧ APPFនេះ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះ មានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធដែលមានដូចជា អនុគណៈកម្មការទាំង៥ នៃគណៈកម្មការ រៀបចំក្រុមការងារទទួលបន្ទុកខ្លឹមសារតាមវិស័យនីមួយៗ តំណាងពីក្រសួង ពាក់ព័ន្ធ និងវិទ្យាស្ថានសភាកម្ពុជា ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន ជាតិAPPF ជាដើម។
លោក ឡេង ប៉េងឡុង ប្រធានលេខាធិការដ្ឋានជាតិ APPF និងជាអគ្គលេខា ធិការរដ្ឋសភា បានរាយការណ៍ជូនកិច្ចប្រជុំថា រហូតមកដល់ពេលនេះ ការងារជាច្រើនបានសម្រេចរួចរាល់ ដោយរង់ចំាតែថ្ងៃអនុវត្តមក ដល់ប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់ថា សមាជិកAPPFចំនួន២១ប្រទេស ដោយមានសមាសភាពគណៈប្រតិភូប្រមាណចំនួន២៣៩នាក់ បានបញ្ជាក់ ជាផ្លូវការថា នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំAPPF ដែលសភាកម្ពុជាធ្វើ ម្ចាស់ផ្ទះ។ ចំនួនប្រទេស និងសមាសភាពចូលរួមនេះ មិនរាប់បញ្ចូល សមាសភាពមកពីសភាប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះនោះទេ។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានឈ្មោះជាភាសាអង់គ្លេស «The Asia Pacific Parliamentary Forum» បានបង្កើតឡើងនៅទីក្រុង តូក្យូ ក្នុងឆ្នាំ១៩៩៣។ APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧APPF នឹងរៀបចំធ្វើនៅសណ្ឋាគារសុខា សៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
លោកបណ្ឌិត ងួន ញ៉ិល បានផ្តាំផ្ញើដល់ក្រុមការងារខិតខំបំពេញភារកិច្ច ឱ្យបានម៉ត់ចត់ រហូតដល់ភារកិច្ចរបស់សភាកម្ពុជាបានបញ្ចប់ ពោលគឺរហូត ដល់កិច្ចប្រជុំលើកទី២៧APPFបញ្ចប់ដំណើរការទៅដោយរលូន។ ប្រធានគណៈកម្មការរៀបចំ បានគូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ ជាព្រឹត្តិការណ៍បង្ហាញពីកិត្តិយស និងជាមុខមាត់របស់កម្ពុជា ទាំងមូលក្នុងការចូលរួមកសាងសុខសន្តិភាព និងការអភិវឌ្ឍរបស់ ពិភពលោក៕



No comments:

Post a Comment