Wednesday, December 19, 2018

រឿងនិទានភ្លើងឆេះផ្ទះ៖ សម រង្ស៊ី ជាចោរចូលលួចកៅអីម្ចាស់ផ្ទះ

អស់ពីតាំងខ្លួនថា ជាសំប៉ានជួយសង្គ្រោះសំពៅ ដែលគឿងនៅកណ្តាលមហាសមុទ្ររំដោះមេទ័ព កឹម សុខា ឥឡូវនេះទណ្ឌិតសម រង្ស៊ី បាននិងកំពុងព្យាយាម ការពារខ្លួនពីទង្វើរំលោភលក្ខន្តិកៈបក្ស ធ្វើបក្សប្រហារឡើងធ្វើជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិដោយខុសច្បាប់ដោយយករឿងរ៉ាវភ្លើងឆេះផ្ទះមកនិទាន ឱ្យសកម្មជនរបស់ខ្លួន ស្តាប់ដើម្បីស្វែងរកការគាំទ្រ និងដោះសារលាងខ្លួនពីទង្វើអសីលធម៌ និងគ្មានគុណធម៌នេះ។ នៅក្នុងសន្និសីទខ្មោចបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែធ្នូ នៅប្រទេសបារាំង សម រង្ស៊ី បានប្រៀបធៀបគណបក្សសង្គ្រោះជាតិថា ជាផ្ទះដ៏សុខសាន្តមួយ ដែលមានមនុស្សរស់នៅប៉ុន្តែត្រូវបានគេលួចដុតនៅកណ្តាលអធ្រាត ហើយសមាជិកបក្សភាគច្រើន រត់ចេញទៅក្រៅផ្ទះ និងខ្លះទៀតនៅជាប់ក្នុងផ្ទះដែលភ្លើងកំពុងតែ ឆេះនិងថែមទាំងមានចោរឆ្លៀតឱកាសចូលទៅក្នុងផ្ទះដែលកំពុងតែឆេះ មកប្លន់ទ្រព្យសម្បត្តិ ហើយជាពិសេសមកប្លន់កៅអីដែលម្ចាស់ផ្ទះស្រឡាញ់។

តើនរណាជាចោរពិតប្រាកដ ដែលចង់បានកៅអីនៅក្នុងផ្ទះដែលកំពុងឆេះនោះ?
សម រង្ស៊ី លើកឡើងថា ក្រុមខ្លួនដែលជាក្រុមអ្នករត់ចេញមកក្រៅផ្ទះហៅឡានទឹក ហៅប៉ូលីសមកជួយពន្លត់ភ្លើង មកជួយចាប់ចោរដែលកំពុងតែលួចទ្រព្យ ចង់បានកៅអី ស្រាប់តែមានអ្នកខ្លះគេថា អ្នកនៅក្រៅ គ្មានសិទ្ធិហៅប៉ូលិស ហៅឡានទឹកមកសង្គ្រោះទេ ត្រូវសួរយោបល់មនុស្សនៅក្នុងផ្ទះសិន ខណៈភ្លើងកំពុងតែឆេះផ្ទះ អ្នកឯងធ្វើហ្នឹង គឺខុសច្បាប់ហើយ ទាល់តែអ្នកក្នុងផ្ទះចេញរួចពីភ្លើងបានរត់ទៅហៅឡានទឹក ហៅប៉ូលិសបាន។ ងាប់ហើយ! បើចាំពួកគ្នាយើងចេញ ចាំហៅឡានទឹក ហៅប៉ូលិស ពួកគ្នាយើងចេញអត់រួចទេ? យើងប្រឹងហៅឡានទឹកមកពន្លត់ភ្លើង ទើបរួចខ្លួនទាំងអស់គ្នា។ យើងត្រូវសង្គ្រោះផ្ទះយើង»។ គិតៗទៅសម រង្ស៊ី ពិតជាកំពូលភូតកុហកក្រឡិចក្រឡិចមែន ឱ្យតែដើម្បីផលប្រយោជន៍ខ្លួនឯងទោះបីជាខុសយ៉ាង ណាក៏ត្រូវខិតខំពន្យល់ឡើងបែកពពុះមាត់ដើម្បីការពារខ្លួនដែរ។

តាមពិតរឿងនិទានភ្លើងចេះផ្ទះដែល សម រង្ស៊ី លើកយកមកនិទានបានបាត់ភាពឡូហ្សិករបស់ខ្លួន និងមិនអាចការពារអ្វីដែលខ្លួនកំពុងតែបំពានបានឡើយ។ អ្វីដែលសម រង្ស៊ី ចង់លើកគឺថាខ្លួន ជាក្រុមអ្នកដែលរត់ចេញក្រៅផ្ទះនិងស្វះស្វែងរកជំនួយដើម្បីមកជួយសង្គ្រោះពន្លត់ភ្លើងនិងមកចាប់ចោរដែលលួចកៅអីដែលសំដៅលើតំណែងជាប្រធានបក្ស។ ប៉ុន្តែសម រង្ស៊ី ធ្វើនេះគឺបាននិងកំពុងរំលោភបំពានលើសិទ្ធិរបស់ម្ចាស់ផ្ទះដែលនៅខាងក្រៅ និងនៅខាងក្នុង ពោលគឺម្ចាស់ផ្ទះដែលកំពុងឆេះនៅខាងក្រៅគឺគណៈកម្មាធិការ ចំពោះកិច្ច និងលក្ខន្តិកៈខ្មោចបក្សសង្គ្រោះជាតិដែលតំណាងស្របច្បាប់ដោយកូនស្រី កឹម សុខា គឺកឹម មនោវិទ្យា យ៉ែម ប៊ុញ្ញាឫទ្ធិ បានធ្វើសកម្មភាពការទូតនៅខាងក្រៅ រាប់មិនអស់ដើម្បីជួយសង្គ្រោះភ្លើងឆេះផ្ទះ និងរំដោះមនុស្សពីក្នុងផ្ទះដែលកំពុងតែឆេះនេះ។ សម រង្ស៊ី ដែលអះអាងថាខ្លួនបានរត់ចេញទៅក្រៅផ្ទះដើម្បីរកជំនួយ តែទីបំផុត បានរត់មកចូលទៅក្នុងផ្ទះដែលកំពុងតែឆេះនេះវិញ ដើម្បីមកដណ្តើមទ្រព្យសម្បត្តិជាពិសេសកៅអីជាមេដឹកនាំគណបក្សពី កឹម សុខា ដែលកំពុងតែត្រដរខ្យល់នឹងកម្តៅភ្លើងឆេះផ្ទះខ្មោចគណបក្សសង្គ្រោះជាតិ។

តើនេះមិនមែនជាជនឱកាសនិយម និងចាំតែឡើងបេះផ្លែផ្លាដោយមិនគិតពីអ្នកដាំទេឬ? សម រង្ស៊ី កំពុងបន្លំភ្នែកគេឯងហើយ! សម រង្ស៊ី និងចលនាសង្គ្រោះជាតិ គ្រាន់តែជាអ្នកខាងក្រៅ ដែលជាអ្នកលួចដុតផ្ទះ និងរង់ចាំឱកាសល្អចូលលួចទ្រព្យសម្បត្តិ និងដណ្តើមកៅអីក្នុងផ្ទះឆេះនោះមកធ្វើជាទ្រព្យសម្បត្តិ និង គ្រប់គ្រងសម្រាប់ក្រុមខ្លួនតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាក្រុមកឹម សុខា ដែលមានទាំងយន្តការគណៈកម្មការចំពោះកិច្ចផង និងមានលក្ខន្តិកៈខ្មោចបក្សផងចោទ សម រង្ស៊ី ថាបានធ្វើបក្សប្រហារ និងរំលោភច្បាប់។ ទោះបី សម រង្ស៊ី បំភ្លៃយ៉ាងណាក៏ពលរដ្ឋខ្មែរមិនជឿដែរថា សម រង្ស៊ី មកជួយសង្គ្រោះភ្លើងឆេះផ្ទះនេះដោយសុទ្ធចិត្ត ព្រោះថា៖

ទី១) សម រង្ស៊ី ខ្លួនឯង ក្រៅពីបោះបង់ចោលផ្ទះបក្សសង្គ្រោះជាតិតាមរយៈការលាលែងតំណែងពីប្រធាន និងលះបង់សមាជិកភាព ថែមទាំងបានបង្កើតផ្ទះថ្មីមួយគឺចលនាសង្គ្រោះជាតិដែល សម រង្ស៊ី និងគូកនពន្យល់ថា ជាសំប៉ានជួយសង្គ្រោះសំពៅ។ ប៉ុន្តែតាមពិត សម រង្ស៊ី រៀបចំ ផែនការប្លន់យកតំណែងជាមេដឹកនាំខ្មោចបក្សសង្គ្រោះជាតិឡើងវិញសោះ ព្រោះថាខ្លួនហាក់ដូចជាសាបពីឆាកនយោបាយខ្មែរ និងមិនត្រូវបានសហគមន៍អន្តរជាតិយកចិត្តទុកដាក់ និងមិនស្ថិតនៅក្នុងកញ្ចប់ដោះ ស្រាយដែលត្រូវបានសហគមន៍អន្តរជាតិស្នើឡើង។

ទី២) សម រង្ស៊ី គឺជាទណ្ឌិត គ្មានសិទ្ធិធ្វើនយោបាយ និងឈរឈ្មោះធ្វើជាប្រធានគណបក្សនយោបាយឡើយ។ យោងតាមច្បាប់ សម រង្ស៊ី ជាអ្នកទោស បើសិន ជាគណបក្សសង្គ្រោះជាតិនៅរស់ នោះគណបក្សនេះមិនអាចគេចផុតពីការរំលាយចោលនោះទេ។

ទី៣) សូម្បីរូបថតទណ្ឌិត សម រង្ស៊ី ក៏មិនអាចប្រើបានដែរគឺជាការខុសច្បាប់ព្រោះទណ្ឌិត សម រង្ស៊ី ត្រូវបានហាម ឃាត់ធ្វើនយោបាយ។ ដូច្នេះ សម រង្ស៊ី គ្រាន់តែជាសមាសធាតុចង្រៃគ្រប់ពេលទាំងអស់ និងគ្រាន់តែចង់បានតំណែងជាមេដឹកនាំបក្សខ្យល់ សាបព្រួសខ្យល់ ដើម្បីស្វះស្វែងផ្សាភ្ជាប់ខ្លួននឹងកញ្ចប់ដំណោះស្រាយជាយថាហេតុ និងដើម្បីកុំឱ្យគេទាត់ចេញពីឆាកនយោបាយខ្មែរ និងកុំឱ្យគេភ្លេចខ្លួនតែប៉ុណ្ណោះ។

ទោះ សម រង្ស៊ី ខំពន្យល់សាធារណៈមតិយ៉ាងណាក៏ការឡើងមកធ្វើប្រធានស្តីទីគណបក្សសង្គ្រោះជាតិតាមរយៈបក្សប្រហារ នៅតែមិនអាចយកជាការបាន ខណៈសហគមន៍ជាតិ និងអន្តរជាតិ មិនទទួលស្គាល់ដដែលព្រោះគេមើលឃើញថា ខុសគោលការណ៍របស់ខ្មោចគណបក្សសង្រ្គោះជាតិ ដោយមិនមានឯកភាពផ្ទៃក្នុង និងមិនមានការចូលរួមពីភាគីម្ខាងទៀតនៅក្នុងគណបក្ស គឺរៀបចំធ្វើ និងសម្រេចតែភាគីសម រង្ស៊ី តែម្ខាង។ តាមអ្វីដែលលោក គង់ គាំ មនុស្សជំនិតរបស់សម រង្ស៊ី បានលើកឡើងគឺគាត់ជាសាក្សីផ្ទាល់ និងសំខាន់តែមួយគត់របស់ សម រង្ស៊ី និង កឹម សុខា ស្ថាបនិកខ្មោចបក្សសង្គ្រោះជាតិ ដោយលោកលើកឡើងថា «សេចក្តីសម្រេចណាដែលមិនឈរលើគោលការណ៍កុងសង់ស៊ីសទាំងពីរនាក់រួមគ្នា គឺមិនត្រឹមត្រូវ»។
នេះមានន័យ ថាអ្វីៗដែល សម រង្ស៊ី បានធ្វើគឺមិនទទួលបានការឯកភាពពី កឹម សុខា ទេ ទាំងការបង្កើតចលនាសង្គ្រោះជាតិនិងចុងក្រោយការរៀបចំសន្និសីទ និងវេទិកាបាយឡុកបាយឡរដើម្បីប្រថាប់ត្រាឱ្យសម រង្ស៊ី វិលមកដឹកនាំខ្មោចបក្សសង្គ្រោះជាតិវិញ។ កឹម សុខា តាមរយៈសំឡេងមេធាវីរបស់ខ្លួនមិន គាំទ្រ និងមិនឯកភាពលើសកម្មភាព និងការសម្រេចចិត្តរបស់ សម រង្ស៊ីឡើយ។ ដូច្នេះ សម រង្ស៊ី មិនមែនជាប្រធានស្តីទីស្របច្បាប់ឡើយ តែបានមកពីការប្លន់កៅអីពី កឹម សុខា។

ដូច្នេះហើយ បានជាទោះ សម រង្ស៊ី ខំព្យាយាមសម្តែងតួរៀបចំឆាកចេញពីសន្និសីទសាខាពិភពលោកនៃខ្មោចបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិកមកជាវេទិកាសាធារណៈនៅទីក្រុងប៉ារីសប្រទេសបារាំង និងចុងក្រោយការប្រកាសទទួលស្គាល់ពីសំណាក់ មូរ សុខហួរ និងអេង ឆៃអ៊ាង អតីតអនុប្រធានខ្មោចគណបក្សសង្គ្រោះជាតិ ជាខ្លឹមសារគឺជាការជួបប្រជុំរវាងសមាជិកចលនាសង្គ្រោះជាតិ និងជារូបភាព គឺបានប្លន់អាវខ្មោចបក្សសង្គ្រោះជាតិយកមកពាក់ដើម្បីបន្លំភ្នែកសហគមន៍ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។ ធាតុពិតនៅតែជាចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិតែប៉ុណ្ណោះ។ សហគមន៍អន្តរជាតិក៏មិនអាចធ្វើការជាមួយសម រង្ស៊ីបានដែរព្រោះជាចលនា ខុសច្បាប់។ យុទ្ធសាស្ត្រសម រង្ស៊ី នៅពេលនេះគឺចាញ់បន្ថែមទៀត ចាញ់នៅចំពោះមុខក្រុមកឹម សុខា ព្រោះ មិនអាចដណ្តើមបានដោយជោគជ័យនូវការដឹកនាំខ្មោចបក្សសង្គ្រោះជាតិមកវិញ និងចាញ់នៅចំពោះមុខ សហគមន៍អន្តរជាតិដែលមិនអាចទទួលបានការទទួលស្គាល់ថា សម រង្ស៊ី ជាមេដឹកនាំបក្សខ្មោចសង្គ្រោះ ជាតិ ដែលសម រង្ស៊ី ខ្លួនឯងចង់បានបំផុតដើម្បីបញ្ជ្រៀតចូលក្នុងកញ្ចប់ដំណោះស្រាយ។

ហេតុដូច្នេះហើយបានជា សម រង្ស៊ី និងអាមាត្រ អេង ឆៃអ៊ាង និងមូរ សុខហួរ ឆ្លេរឆ្លារចុះឡើងម្តងប្រថាប់ត្រាឱ្យ សម រង្ស៊ី ធ្វើជាប្រធានចលនា ម្តងធ្វើជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ។ ចំណែកយុទ្ធសាស្ត្រ និង វិធីសាស្ត្រនយោបាយក៏មិនច្បាស់លាស់បាយបិណ្ឌ ជាបាយបាត្រតាមការនឹកឃើញស្រមើស្រម៉ៃដោយម្តង ថាដោះលែង កឹម សុខា មុន និងម្តងថា សម រង្ស៊ី និងកឹម សុខាគឺជាមនុស្សតែមួយដែលត្រូវដោះលែង និងម្តងថាមិនចាំបាច់គិត១១៨នាក់មុនទេ គឺគិតពី កឹម សុខា មុន។

ប៉ុន្តែសម រង្ស៊ី មិនស្ថិតនៅក្នុងកញ្ចប់ក្រុម ១១៨ នាក់នោះទេ គឺមានតែនៅក្នុងកញ្ចប់គុក ហើយ សម រង្ស៊ី ច្បាស់ណាស់នឹងអាច ចាញ់ការភ្នាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើរឿងដោះលែង កឹម សុខា។ ក្រុមអ្នកគាំទ្រអតីត ខ្មោចបក្សសង្គ្រោះជាតិលើកឡើងថាដោយសារតែដឹងថាខ្លួនកាន់តែឯកោ សម រង្ស៊ី ខិតខំប្រឹងប្រែងភ្ជាប់ខ្លួនជាមួយនឹង ខ្មោចបក្សសង្គ្រោះជាតិ ប៉ុន្តែនេះកាន់តែបង្ហាញនូវចេតនាបំផ្លាញគេឯង ដែលមិនរួមគំនិតជាមួយខ្លួន ហើយការហាមមិនឱ្យមនុស្សជាប់បំរាមទាំង១១៨ ស្នើសុំនីតិសម្បទាន យោបាយឡើងវិញគឺជា អំពើឃោរឃៅ និងផ្តាច់ការបំផុត។ កាលដែល សម រង្ស៊ី ចោទប្រកាន់ថា នរណាដែលមិនគាំទ្រគោលជំហរ សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ អ្នកនោះចង់មិនចង់បម្រើផលប្រយោជន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្បត់បក្សគឺជាអ្នកនយោបាយគ្មានសីលធម៌ គុណធម៌ និងមនុស្សគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨



No comments:

Post a Comment