Thursday, September 27, 2018

ព្រឹកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះ ប្រព្រឹត្តទៅក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិ មានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់៖ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ប្រតិភូជាន់ខ្ពស់ដែល អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរៈជន សំខាន់ៗមួយចំនួនទៀត។
ក្រសួងការបរទេសបានបញ្ជាក់ថា នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តី នឹងធ្វើសេចក្តីថ្លែងការណ៍មួយ ផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។
ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី, លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តី ក៏នឹងជួបជាមួយសហគមន៍ខ្មែរ ដែលរស់នៅ សហរដ្ឋអាមេរិក និងកាណាដាផងដែរ។ នៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តីវិញ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ ជាមួយសមភាគីរបស់លោក មកពីប្រទេសអូស្រ្តាលី កាណាដា ហ៊្សកហ្ស៊ី អេស្តូនី ហុងហ្គ្រី ស៊ែប៊ី និងមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ក្រសួងការបរទេសចក្រភពអង់គ្លេស និងពីបណ្តាប្រទេសមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងចុះហត្ថលេខាជាមួយលោក Zohrab Mnatsakanyan រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអារមេនី លើអនុស្សរណៈស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអារមេនី។
គណៈប្រតិភូកម្ពុជាក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រធានកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (AUMM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្រទេសដែលមានការអភិវឌ្ឍយឺត កិច្ចប្រជុំក្រុមប្រទេស ៧៧ និងចិន និង កិច្ចប្រជុំជាច្រើនទៀត។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងបញ្ជាក់ដែរថា មហាសន្និបាតនេះមានសារៈសំខាន់ផងដែរ សម្រាប់កម្ពុជា ពីព្រោះកម្ពុជាជាអនុប្រធាននៃមហាសន្និបាតនេះ។
សូមបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់ព្រះប្រមុខរដ្ឋ សម្តេចបរមរតនកោដ្ឋ នរោត្តម សីហនុ បានដាក់ ពាក្យស្នើសុំចូលជាសមាជិកអង្គការសហប្រជាជាតិ នៅអំឡុងឆ្នាំ១៩៥២ ពោលមុនកម្ពុជាទទួលបាន ឯករាជ្យពីបារាំងមួយឆ្នាំ។ បន្ទាប់ពីសំណើរបស់កម្ពុជារយៈពេល៣ឆ្នាំ ពោលគឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ កម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ។

ការស្នើសុំចូលជាសមាជិកនៃអង្គការសហប្រជាជាតិ ត្រូវបានគេមើលឃើញថា ជាភាពវៃឆ្លាត និងមានចក្ខុវិស័យវែងឆ្ងាយរបស់មេដឹកនាំជំនាន់នោះ ជាពិសេសមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាប្រមុខរដ្ឋ សម្រាប់អាយុជីវិតនៃប្រទេសប្រទេស។ ជាពិសេសយល់ពីសារៈសំខាន់ នៃការភ្ជាប់ខ្លួនជាមួយក្លិបពហុភាគីដ៏ធំនេះ ព្រោះធម្មនុញ្ញអង្គការសហប្រជាជាតិ ក្រៅពីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏បានឲ្យសារៈសំខាន់លើគោលការណ៍របស់សហប្រជាជាតិ ជាពិសេសប្រទេសមិនថា ធំឬតូច មានចំនួនប្រជាជនរាប់កោដ្ឋ ឬតិចជាងកន្លះលាននាក់ គឺមានសំឡេង១ដូចគ្នានៅមហាសន្និបាត។ ជាងនេះទៀត ធម្មនុញ្ញសហប្រជាជាតិ បានចែងអំពីគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋមួយ ៕

No comments:

Post a Comment