Friday, September 28, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ កញ្ញា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់បុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក ប្រកដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៥និង៥៥នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង​នៅ​​ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង៣និង៥៥នាទីទាបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង​នៅ​រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហា​សន្និ​បាតអង្គការសហប្រជាជាតិលើកទី៧៣ ដែលលោក​នឹង​អញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គ​មហា​សន្និបាតរបស់អង្គការសហប្រជាជាតិនៅវេលា​ថ្ងៃត្រង់​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០​១៨។
នៅអាកាសយាន​ដ្ឋាន​អន្តរជាតិ ញ៉ូវ៉ាក រដ្ឋញ៉ូវយេស៊ី វត្តមាននៃការអញ្ជើញ​ដល់របស់លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ ពីលោក កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ របស់ព្រះរាជា​ណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅបុរីញ៉ូវយ៉ក ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប​។  បន្ទាប់ពីធ្វើការចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិញ៉ូវ៉ាក រដ្ឋញ៉ូវយេស៊ី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់បានធ្វើដំណើរតាមរថយន្ត​ឆ្លង​កាត់ផ្លូវក្រោមសមុទ្រឆ្ពោះទៅកាន់សណ្ឋាគារមីលីនៀម ហ៊ីលតុន ក្នុងបុរីញ៉ូវយ៉ក ក្បែរនិង​អគារការិយា​ល័យរបស់អអ្គការសហប្រជាជាតិ។ នៅសណ្ឋា​គារមីលីនៀម ហ៊ីលតុន វត្តមាននៃ​ការ​អញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធ​ស្នាល​បំផុតពីសំណាក់ប្រជាពលរដ្ឋដែលដែលជាតំណាងសហគ​ម​ន៍ខ្មែររស់នៅសហរដ្ឋ អាមេរិក និងកាណាដា ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ដែរថា ដំណើរទៅកាន់បុរីញ៉ូវយ៉ក សហរដ្ឋ​អាមេរិក របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ គឺជាដំណើរបំពេញទស្សនកិច្ច​ការ​ងារ​ទៅកាន់បរ​ទេស​លើកទី៤ បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ នៃរដ្ឋសភា ត្រូវបានបង្កើតឡើង​កាលពីថ្ងៃទី៦ ខែកញ្ញាកន្លងទៅថ្មីៗ ដែលរហូតមកដល់ពេលនេះ ទើមមានរយៈពេល២១ថ្ងៃ។

គួរបញ្ជាក់ថា មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះ នឹងប្រព្រឹត្តទៅក្រោម​មូល​បទ «ធ្វើឲ្យ​អង្គ​ការ​សហប្រជាជាតិមានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់៖ ភាពជាអ្នកដឹកនាំ​សកល និ​ង​ការទទួលខុសត្រូវរួមសម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព​»​។ នៅក្នុងរបៀបវារៈដ៏មានសារសំខាន់នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើ​សេចក្តីថ្លែង​ការណ៍ផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាល​កម្ពុជា​​សម្រេច​បាន បញ្ហាតំបន់ និងអន្តរជាតិ ដែ​ល​ជាការព្រួយបារម្ភរួម។ ក្នុងឱកាសនៃការ​អញ្ជើញ​ចូលរួមក្នុង​មហាសន្និបាតអង្គការសហប្រជាជាតិលើ​កទី៧៣ ក្នុងឆ្នាំ២០១៨នេះ លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក អង់តូនី​ញ៉ូ ហ្គូតេរ៉េស (An​tó​nio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូយកូ បូរីស្សូវ (Boyko Bo​rissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាព​ជា​មួយ​ប្រមុខរដ្ឋ និង​រដ្ឋា​ភិ​បាលនៃប្រទេសមួយចំនួនទៀត។ ក្នុងអំឡុងពេលស្នាក់នៅ​បុរី​ញូវ​យ៉ក​នោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា​ផងដែរ៕




No comments:

Post a Comment