Monday, July 23, 2018

ទស្សនៈ​មិត្តអ្នក​អាន៖ ការទាមទារ​របស់​លោកស្រី រ៉ូណា ស្មីត ឲ្យកម្ពុជា​អនុញ្ញាត​ដល់ការ​អំពាវនាវ​ឱ្យធ្វើ​ពហិកា​បោះឆ្នោត ជាកា​របំពាន​ទាំងច្បាប់ជាតិ និងច្បាប់​អន្តរជាតិ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងបំពេញការងាររបស់ខ្លួន ប្រកប​ដោយ​ការ​ទទួលខុសត្រូវខ្ពស់។ គ.ជ.ប បានបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយដែល បានធ្វើបច្ចុប្បន្នភាព និងមាន​ភាព​ត្រឹមត្រូវ និងបានចុះឈ្មោះគណបក្សនយោបាយចំនួន២០ និងបានបណ្តុះ​បណ្តាល​ជាសា​ធារណៈ ​អំពីដំណើរការ នៃការបោះឆ្នោត។ យុទ្ធនាការ បោះឆ្នោតបាន​និងកំពុង​ប្រព្រឹត្ត​ទៅយ៉ាង​ពេញ​ទំហឹង ដោយមានការចូលរួមយ៉ាងសកម្មពីគណបក្សនយោបាយទាំង២០ដែលបាន ចុះបញ្ជីដើម្បី​ទាក់​ទាញ​សន្លឹក ឆ្នោតគាំទ្ររៀងៗខ្លួន។
ទន្ទឹមនឹងដំណើរវិវត្តន៍ជាវិជ្ជមានេះ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការ សហ​ប្រជា​ជាតិ​ទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ទទូចឲ្យ រាជរដ្ឋាភិបាលកម្ពុជា បំភ្លឺថា «ការអំពាវនាវឱ្យមានការធ្វើពហិកានៃការបោះឆ្នោតដែលមិនជាប់កាតព្វកិច្ច គួរត្រូវបាន​អនុញ្ញាត​»។ សេចក្តីថ្លែងការណ៍នេះ មានចរិតរំខាន និងមិនអាច​ទទួលយកបាន​ឡើយពីព្រោះ​វាជាការ​បំពាន​ទាំងច្បាប់ជាតិ និង ច្បាប់អន្តរជាតិ។
កម្ពុជាជា រដ្ឋអធិបតេយ្យមួយ និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការងារស្របតាមច្បាប់របស់ខ្លួន។ ការទាមទាររបស់លោកស្រី ស្មីត គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លើសពីនេះ វាជារឿងដ៏មិនសមហេតុផលមួយ ដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទូច ឲ្យរាជរដ្ឋាភិបាលកម្ពុជាបំពានច្បាប់របស់ខ្លួន ដែលត្រូវបានអនុម័តដោយសភា ដែលត្រូវបាន​ជ្រើស​តាំង​តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ដូចគ្នានឹងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាច្រើន កម្ពុជាប្រកាន់យកនូវការបោះឆ្នោតមួយ ដែលមិនចងកាតព្វកិច្ច។ ក្នុងន័យនេះ វាជាសិទ្ធិ​របស់​ពល​រដ្ឋ​កម្ពុជាម្នាក់ៗ ក្នុងការទៅរឺមិនទៅបោះឆ្នោត ប៉ុន្តែយោងតាមច្បាប់បោះឆ្នោតកម្ពុជា «ការអំពាវនាវឲ្យធ្វើពហិកានៃការបោះឆ្នោត» គឺជាទង្វើខុសច្បាប់ ហើយ​តាម​ពិតវា​ជា​អំពើ​ញុះញង់​ដែល​មាន​គោលដៅរារាំងអ្នកមានសិទ្ធិបោះឆ្នោត មិនឲ្យ អនុវត្តសិទ្ធិរបស់ពួកគេ។
«ការអំពាវនាវឲ្យធ្វើពហិកានៃការបោះឆ្នោត» អាចបង្អាក់ទឹកចិត្តគណបក្សនយោបាយ ក្នុងការ​ធ្វើយុទ្ធនា​ការ​ដោយសារភាពមិន ប្រាកដប្រជានៃចំនួនអ្នកទៅបោះឆ្នោត។ ហេតុនេះ វាជាការ​ប៉ះពាល់​ដល់​ស្មារតី​នៃ​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទង្វើទាំងនេះ ជាអំពើល្មើសដែលអាចត្រូវបានផ្តន្ទាទោស តាម​មាត្រា​១២៤ នៃច្បាប់បោះឆ្នោតនៅកម្ពុជា។ «ការអនុញ្ញាតឲ្យមានការ​អំពាវនាវ​ការធ្វើ​ពហិកា​» ​ក៏ប៉ះពាល់​ផងដែរ​ដល់រដ្ឋធម្មនុញ្ញកម្ពុជា។ រដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋគ្រប់រូបដែល មាន​សិទ្ធិបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោតស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ។ ហេតុ​ដូច្នេះ​ ការអំពាវនាវឲ្យធ្វើពហិកានៃការបោះឆ្នោត​ នឹងបង្កឲ្យមានការ «ភាន់​ច្រឡំ»​ ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត។ ការភន្តច្រឡំនេះ អាចប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងការ​ជ្រើស​រើស​តំណាងរបស់ពួកគេ។ បន្ថែមពីនេះ ការអនុញ្ញាតឲ្យមានការអំពាវនាវការធ្វើពហិកានៃការបោះឆ្នោត អាចបង្កឲ្យមានអសិ្ថរភាពនយោបាយផងដែរ។
ផ្អែកតាមរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលស្របច្បាប់ គឺជារដ្ឋាភិបាលមួយដែលត្រូវបាន ជ្រើសតាំងដោយ ប្រជា​ពល​រដ្ឋ តាមរយៈការបោះឆ្នោតពហុបក្ស។ ប្រសិនបើ រាជរដ្ឋាភិបាលអនុញ្ញាត ឲ្យមានការ អំពាវនាវការ ធ្វពហិកា នោះប្រៀបបីដូចជាការចូលរួមជំរុញការបង្កើតរដ្ឋាភិបាលមិនស្របច្បាប់។ ប្រជាពលរដ្ឋនឹងមិន គោរពតាមច្បាប់និងបទប្បញ្ញត្តិដែលដាក់ចេញដោយរដ្ឋាភិបាលដែលមិនកើតឡើងពីការបោះឆ្នោតឡើយ។
គួរកត់សម្គាល់ផងដែរថា ពិភពលោកបានផ្តន្ទាទោសខ្មែរក្រហមដែលបានធ្វើពហិកា និងបាន​អំពាវ​នាវ​ឲ្យប្រជាជនកម្ពុជាធ្វើពហិកាការបោះឆ្នោត ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ កាលពី ឆ្នាំ​១៩៩៣។ នៅពេលនោះ អ្នកបោះឆ្នោតនៅកម្ពុជាមិនបានស្តាប់តាមការអំពាវនាវរបស់ខ្មែរក្រហមទេ និងបានបោះឆ្នោត ដើម្បីសន្តិភាពនិងការអភិវឌ្ឍ។
បច្ចុប្បន្ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដែលបានចូលរួមជាមួយក្រុម​ប្រឆាំង​នៃអតីត​គណ​បក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយដោយច្បាប់បែរជា អំពាវ​នាវ​ឲ្យមាន​ការ​ធ្វើពហិកា ការបោះឆ្នោតទៅវិញ។ ប៉ុន្តែវាប្រាកដណាស់ដែលថា ប្រជាពលរដ្ឋកម្ពុជា ដែលមាន​សិទ្ធិ​បោះឆ្នោតនឹងមិនស្តាប់តាមការអំពាវនាវនេះទេ ដោយពួកគេនឹងទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា​ខាងមុខ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍ៕

ដោយ៖ ជា វ៉ាន់ដេត
តំណាងរាស្រ្ត

No comments:

Post a Comment