Wednesday, April 25, 2018

បទអត្ថាធិប្បាយ៖ យើងវៃកូនគេ ឪគេឈឺ

ពាក្យខ្មែរនិយាយលេងថា យើងវៃកូនគេ ឪគេឈឺ របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ថ្មីៗនេះ សហ​រដ្ឋ​អាមេរិក​ពិត​ជា​បាន​បង្ហាញ​ការ​ឈឺ​ចាប់​ដល់​ឆ្អឹង  ​ក្នុងនាម​ជា​ម៉ែ​ឪ​របស់​ក្រុម​ប្រឆាំង​ដែល​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​មាន​ចរិក​វាយ​ប្រហារ​ខាង​នយោ​បាយ ដោយ​បាន​បាញ់​ពណ៌​ស្រអាប់​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​​នៅកម្ពុជា ដោយ​​​ខ្លួនបាន​ប្រឹងលើក​ឡើង​នូវបញ្ហា​តូចតាច​ក្នុង​ដំណើរ​​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ភាវូបនីយកម្ម និង​ការ​អនុវត្ត​នីតិ​រដ្ឋ​របស់​រដ្ឋ​អធិប​តេយ្យ​​មួយ ដែល​បាន​និង​កំពុង​ប្រឹង​ស្ទុះ​ងើប​ចេញ​ពី​ភាព​ក្រី​ក្រ​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ស៊ីវិល​រាំរៃ ដែល​​ដុត​បញ្ឆេះ​ដោយ​សហ​រដ្ឋ​អាមេរិក​នោះ។

ជាការពិតសម្រាប់មហាជនទូទៅដែលស្រឡាញ់សន្តិភាព និង​ការ​អភិវឌ្ឍ​មាន​ការ​សោក​ស្តាយ​​យ៉ាង​ខ្លាំង ចំពោះការលើកឡើងយ៉ាងអយុត្តិធម៌របស់អាមរិក ដែល​មិន​បាន​ឆ្លុះ​ប​ញ្ចាំង​នូវ​ការ​ពិត និងសុច្ចរិតភាព ក្នុង​បរិបទនៃដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម និង​ការ​អនុ​វត្ត​នីតិ​​រដ្ឋ​របស់រដ្ឋអធិបតេយ្យមួយ ដែល​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា គឺជាច្បាប់កំពូលរបស់រដ្ឋ ក្នុងនោះ ស្ថាប័ន​​តុលា​ការ គឺ​ជា​ស្ថាប័ន​ឯក​រាជ្យ​ក្នុង​ការ​អនុវត្ត​នីតិ​រដ្ឋ។ ហើយ​រាជ​រដ្ឋាភិបាល​មាន​កាតព្វ​កិច្ច​តាម​ផ្លូវច្បាប់ ដើម្បី​ធានា​រក្សា​ការ​ពារ​ឱ្យបាននូវសុខសន្តិភាព ស្ថេរ​​ភាព និង​សណ្តាប់​​សង្គម​ជា​ចាំ​បាច់ ក្នុង​សង្គម​ប្រជាធិប​តេយ្យ​មួយ​ឈ​​លើ​នីតិ​រដ្ឋ​យ៉ាង​ប្រា​កដ។

វាជាភ័ព្វសំណាងសម្រាប់ប្រជាជនកម្ពុជា ដែល​រាជ​រដ្ឋា​ភិបាល​បាន​ធ្វើ​ការ​បង្រ្កាប​ទាន់​ពេល​​វេលា​នូវ​គម្រោង​ជា​យុទ្ធសាស្រ្តរបស់អតីតបក្សសង្រ្គោះជាតិ ដែល​មាន​ផែន​ការ​ទុច្ច​រិត ដើម្បី​ផ្តួល​រំលំរាជរដ្ឋាភិបាល​ស្រប​​ច្បាប់។ ចំណុចចាប់ផ្តើម គឺ​រាជ​រដ្ឋាភិ​បាល​បាន​រក​ឃើញ​ភស្តុតាង​​ដ៏​រឹង​​មាំ​ចេញពីមាត់លោក កឹម សុខា បង្ហាញ​​ឱ្យ​ដឹងនូវចេតនាខាងនយោបាយរបស់ កឹម សុខា និង​​គណ​​​បក្ស​​​សង្រ្គោះ​​ជា​តិ​​ក្នុង​​ចេតនា​​រំលំ​រាជ​រដ្ឋាភិ​បាល​​កម្ពុជា​ស្របច្បាប់តាមរយៈការញុះញង់ ដុត​កម្តៅ​មហា​​ជន និង​ប្រមូល​ផ្តុំ​មហា​ជន​ឈាន​ទៅ​ដល់​បង្កើត​បដិវត្តន៍​​ពណ៌​មួយ​ដែល​មាន​ទិស​ដៅ​ទាញ​ទំលាក់​រាជ​រដ្ឋា​ភិបាល​​មួយនេះ តាម​រយៈ​ការ​ថ្លែង​នូវ​វោហា​សាស្រ្ត​នយោ​បាយ​​បំ​បែក​​​បំ​បាក់​ជាតិ ការ​ដុត​កម្តៅ​ស្អប់ពូជសាសន៍ ។ល។ ហើយ​គួប​ផ្សំ​នឹង​គំ​ហើញ របស់​រាជ​រដ្ឋា​ភិបាល​​នូវ​ការ​ជាប់​​​ពាក់​ព័ន្ធ​របស់​អង្គ​ការ​អន្តរជាតិមួយចំនួន ដូច​ជា NDI, IRI និង CANVAS ព្រម​ទាំង​ការ​ជួយ​បន្ទរ ដោយ​បណ្តាញ​ផ្សព្វ​ផ្សាយ ទាំង​វិទ្យុ (វិទ្យុអាស៊ីសេរី វីអូអេ វីអូឌី ។ល។) កាសែត The Cambodia Daily, The Phnom Penh Post និង​បណ្តាញ​សង្គម​ផងដែរនោះ គឺជា​សេណារី​យោ​ដ៏​អាក្រក់ ដែល​នឹង​នាំ​មក​​នូវ​​មហា​គ្រោះ​ថ្នាក់​ដល់​ប្រជា​ជន​និង​ជាតិ​មាតុ​ភូមិ​កម្ពុជា។ វិធាន​ការ​តាម​ផ្លូវ​​ច្បាប់​ទាំង​នេះ គឺ​ប្រៀប​ដូច​យើង​វៃ​ប្រដៅ​កូន​គេ ឪ​គេ​ឈឺ​ចាប់​ជា​មិន​ខាន។

រដ្ឋធម្មនុញ្ញកម្ពុជាបានផ្តល់នូវសិទ្ធិសេរីភាពយ៉ាងពេញលេញដល់ពលរដ្ឋខ្មែរគ្រប់រូប​ ហើយ​ការ​អនុវត្ត​សិទ្ធិសេរីភាពទាំងអស់មិនត្រូវប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និង​មិន​រំលោភ​ច្បាប់​ជា​ធរមាន​របស់​ប្រទេស​ជា​ដាច់​ខាត។ ដូច្នេះ ក្រសួង​ការ​បរទេស​អាមេរិក​មិន​គួរ​គប្បី​ធ្វើ​ឈឺ​ចាប់​លើ​បញ្ហាតូចតាច ឬ បុគ្គល និងអង្គការ បក្ស​នយោ​បាយ​​មួយ​ចំនួន ដែល​បាន​ធ្វើ​សកម្មភាព​រំលោភ​ច្បាប់​​ប្រទេស​ធ្ងន់ធ្ងរ​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​សុខ​សន្តិ​ភាព ស្ថេរ​ភាព​នយោ​បាយ និង​សណ្តាប់​សង្គម​របស់​ប្រទេស​នោះ​ទេ។ យ៉ាង​ណាក៏​ដោយ​កម្ពុជា​បាន​យល់​ដឹង​ក្នុង​​ន័យដែល​ថា យើង​វៃ​កូន​គេ ឪគេឈឺចាប់ហើយ តែយ៉ាងណាទស្សនៈរបស់កម្ពុជា គឺ សន្តិភាព និង​ស្ថេរ​ភាព​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃបាន ក្នុង​ន័យ​ដែល​កម្ពុជា​ខ្លួន​ឯង​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់​គ្រប់​គ្រាន់​ក្នុង​សង្រ្គាម​ដែល​​មាន​​ការ​​ជ្រៀត​ជ្រែក​ពី​បរទេស​ក្នុង​ទស្សវត្ស​ឆ្នាំ១៩៦០ និង​១៩៧០ ដែល​បាននាំ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​​ហន្ត​រាយ​ខ្ទេច​ខ្ទីស្ទើទៅជាផេះ។

ការពិតប្រទេសកម្ពុជាកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយ​ជំហ​របស់​រាជ​រដ្ឋា​ភិបាល​ប្រកាស​យ៉ាងច្បាស់នូវមាគ៌ាប្រជាធិបតេយ្យដោយឥតងាករេ ដែល​ការ​បោះ​ឆ្នោត​ជាតិ​ទាំង​សា​កល និង​អសាកល​ត្រូវ​ធ្វើ​យ៉ាង​ទៀង​ទាត់​តាម​អាណត្តិ​នៃ​ច្បាប់​បោះ​ឆ្នោតកំណត់។ ហើយ​រយៈ​ពេល​ការ​បោះ​ឆ្នោត​ជាតិ​​ខាង​​មុខ​​នៅ​​សល់​មិន​ដល់​១០០​ថ្ងៃ​ទៀត​ទេ ដែល​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​បោះ​ឆ្នោត​នឹង​បង្ហាញ​ឆន្ទះ​របស់​ខ្លួន​ដោយសេរី ក្នុង​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​បក្ស​នយោបាយ​ដែល​​ពួក​គាត់​ពេញ​ចិត្ត។

ដូច្នេះ សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម និង​ការ​អនុវត្ត​នីតិរដ្ឋ​នៅ​កម្ពុជា គឺ មាន​រយៈ​ពេល​២៥​ឆ្នាំ​ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​មាន​រយៈ​ពេល​​២០​​ឆ្នាំ​​ក្រោយ​មាន​សន្តិ​ភាព​​ពេញ​លេញ​ក្រោយឆ្នាំ១៩៩៨ ដែល​ផ្ទុយ​ស្រឡះ​ពី​អាមេរិក​ខ្លួន​ឯង បាន​ឆ្លងកាត់សន្តិភាពជាង២០០ឆ្នាំ ជា​មួយ​នឹង​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​​របស់​​ខ្លួន​រាប់​សិប​​លើក​​ទើប​​បាន​មក​ដល់សព្វថ្ងៃនេះ។

ជារួម ប្រជាជនកម្ពុជាដែលស្រឡាញ់និងត្រូវការសន្តិភាពជាចាំបាច់ និងកាអភិវឌ្ឍ មាន​ការ​សោក​ស្តាយ​ដែល​ក្រសួង​ការ​បរទេស​អាមេរិក​បាន​បាញ់​ពណ៌​រូបភាព​ទាំង​មូល​នៅ​កម្ពុជា​ឱ្យ​មើល​ឃើញ​ស្រអាប់ ក្នុង​ន័យ​​ដែល​ខ្លួនបានផ្តល់នូវការវិនិឆ្ឆ័យគ្មានយុត្តិធម៌ ប្រកប​ដោយ​សុច្ចរិត​ភាព និង​មាន​ចរិក​លក្ខណៈ​វាយប្រហារ​ខាង​​នយោបាយ​ច្រើន​ជាង​ការស្តាប់​ការ​​ពន្យល់​​​អំពី​ដំណើ​ការ​​លទ្ធិប្រជា​ធិប​តេយ្យ​​ភាវូប​នីយ​កម្ម និង​ការ​អនុវត្ត​នីតិ​រដ្ឋ​ក្នុង​រដ្ឋ​អធិប​តេយ្យ​​​មួយ ហើយ​ការ​ធ្វើ​មិន​ដឹង​មិន​លឺ​ចំពោះ​​អភិក្រម​មួយ​ដែល​ថា លទ្ធិប្រជា​ធិបតេយ្យ​​ត្រូវ​ឈរ​​លើ​នីតិ​រដ្ឋ បើ​ពុំ​នោះ​លទ្ធិ​ប្រជា​ធិប​តេយ្យ​​នឹង​ក្លាយ​ទៅ​ជា​អាណា​ធិប​តេ​យ្យ​យ៉ាង​ប្រាកដ។ យ៉ាង​ណា​ក៏​ដោយ យើង​វៃ​កូន​គេ ឪគេឈឺ យើង​​វៃកូន​គេ​ព្រោះ​កូន​គេ​ខូច​ពេក ហើយ​ឪ​គេ​ប្រា​កដ​ជា​កាន់​ជើង​យ៉ាង​នោះ​ហើយ៕

ដោយ ឡុង បូរិតា


No comments:

Post a Comment