Thursday, March 22, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាកំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវលើការងារអភិវឌ្ឍដែលកាន់តែរីកចម្រើនឡើងជាលំដាប់លើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវ លើការងារអភិវឌ្ឍដែលធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនឡើងជាលំដាប់លើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំដោយក្នុងនោះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណជា ៧,៧% នៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះតាមរយៈការអភិវឌ្ឍនៃវិស័យអប់រំ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំ ឆ្នាំ២០១៧-២០១៨ ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វឌ្ឍនភាពនៃវិស័យមិនមែនកើតឡើងដោយឯកឯងនោះទេ គឺបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតា សិស្ស និស្សិត សហគមន៍ និងអាជ្ញាធរដែនដីនៅទូទាំងប្រទេស ដែលតែងយកចិត្តទុកដាក់រួមចំណែកអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្សប្រកបដោយស្មារតីទទួលខុសត្រូវតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា វឌ្ឍនភាពនៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា ក្នុងនោះកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម៕







No comments:

Post a Comment