នៅក្នុងសុន្ទរកថាស្វាគមន៍លោក កឹម បូណា អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ បានឱ្យដឹងអំពីប្រវត្តិព្រះវិហារ និងសមិទ្ធផលនានាក្នុង វត្តយសមន្ត្រី ដែលត្រូវធ្វើពិធីសម្ពោធនាពេលនោះ គឺសរុបអស់ថវិកាចំនួនជាង ៣១៨.៧៣៦ដុល្លា។ សមិទ្ធផលទាំងនេះផ្ដើមកសាងឡើងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ មានការចូលរួមពីព្រះសង្ឃ អាចារ្យគណៈកម្មការវត្តពុទ្ធបរិស័ទ និងសប្បុរសជនក្នុង និងក្រៅប្រទេស។
លោក ជាវ តាយ ភិបាលខេត្ត បានចាត់ទុកព្រះវិហារ និងសមិទ្ធផលនានា ដែលធ្វើពិធីសម្ពោធនៅក្នុង វត្តយសមន្រ្តី នាពេលនេះ គឺពិតជាបានរួមចំណែកក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត ដើម្បីជាការឆ្លើយតបបម្រើឱ្យវិស័យពុទ្ធចក្រក្នុងខេត្តកំពត។
លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែបានអញ្ជើញចុះជួបជាមួយប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទូទាំងប្រទេស ពិសេសក្នុងខេត្តកំពត ដើម្បីរួមសុខទុក្ខ ស្វែងយល់ពីការលំបាកខ្វះខាត និងដោះស្រាយសំណូមពរជាតម្រូវការរបស់ប្រជាពលរដ្ឋជាប្រចាំ។ សកម្មភាព និងកាយវិការប្រកបដោយសុឆន្ទៈ និងទំនួលខុសត្រូវទាំងនេះបានសបញ្ជាក់ឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង នៅក្នុងស្រទាប់យុវវ័យសក្តិសមជាទំពាំងស្នងឫស្សី ប្រកបដោយគុណភាពខ្ពស់សម្រាប់ការបន្តថែរក្សា សន្តិភាព និងការអភិវឌ្ឍមាតុភូមិកម្ពុជាជាទីស្រឡាញ់នៃយើង។
មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ចំពោះប្រជាពលរដ្ឋ និងបានថ្លែងការកោតសរសើរចំពោះព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទ សប្បុរសជន រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការសាមគ្គីគ្នា ក្នុងការរួមចំណែកកសាងនូវសមិទ្ធផលក្នុងទីអារាមវត្តនេះឡើង ជាមួយរាជរដ្ឋាភិបាល ដើម្បីជ្រោងខ្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅកម្ពុជា ឱ្យបានកាន់តែរីកចម្រើនថែមទៀត។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីបរិបទអំណោយផលនៃប្រទេសជាតិនាបច្ចុប្បន្ន ដែលកំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើផ្ទៃប្រទេស។ ហើយសមិទ្ធផលទាំងអស់នោះ គឺសុទ្ធសឹងបានកើតចេញពីអំណោយផលនៃសន្តិភាពយ៉ាងពិតប្រាកដតាមរយៈយុទ្ធសាស្ត្រឈ្នះៗក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដោយមើលឃើញពីសច្ចភាពនេះហើយ គណបក្សប្រជាជនកម្ពុជា នៅតែបន្តទទួលបានជ័យជន្នះដោយមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាភាគច្រើនបំផុត ដែលនៅតែស្រឡាញ់ ជឿជាក់ និងផ្ដល់ទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី៕

No comments:
Post a Comment