Friday, February 09, 2018

គ្រួសារមានជីវភាពខ្វះខាត ទទួលអំណោយពីសមាគមនារីកម្ពុជាដើម្បី​​​សន្តិភាព​និង​អភិវឌ្ឍន៍​​ខេត្ត

កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃ​​ទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ​ប្រតិភូសមាគមនារី​កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​កំពង់ឆ្នាំងដឹកនាំ​ដោយ​លោក​ស្រី​ កែ ច័ន្ទមុនី ប្រធានកិតិ្តយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​កំពង់​ឆ្នាំង ​និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមដំណើរដោយលោកស្រី តុង ណារី អនុប្រធា​ន​ប្រតិបត្តិព្រមទាំងសហការី​ បានចុះសាកសួរសុខទុក្ខ ​និងនាំយកអំណោយ​ទៅចែក​ជូន​គ្រួសារ​​មានជីវ​ភាព​ខ្វះខាតមានកូន៨នាក់ នៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោកស្រី កែ ច័ន្ទមុនី​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី​សំណាក់​លោក ហេង ​សំរិន ​ប្រធានរដ្ឋសភា​,លោកនាយករដ្ឋមន្រ្តី ហ៊ុន ​សែន​,លោកស្រី ប៊ុន រ៉ានី​ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រី ម៉ែន​ សំអន ​ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រ​សួង​ទំនាក់រដ្ឋសភាព្រឹទ្ធសភា​និងអធិការកិច្ច និងជាប្រធាន​គណៈកម្មាធិការកណ្តាល​សមាគមនារី​កម្ពុជា​​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដែលកន្លងមកតែងតែនឹករលឹក គិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង នៅពេលដែលមានទុក្ខលំបាក  គឺតែង​ផ្តល់ជូននូវអំណោយ ​និង​ថវិកា​ចូលរួមជាមួយបងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការ​នយោបាយ​ឡើយ។

លោកស្រី កែ ច័ន្ទមុនី ក៏បានផ្តាំផ្ញើដល់គ្រួសារ លោក​ យ៉ង់ សុវណ្ណ ​ត្រូវខិតខំថែរក្សា​សុខ​ភាព  ដោយរស់នៅស្អាត ហូបស្អាត​ ផឹកស្អាត ​និងអប់រំកូនអោយខិតខំរៀនសូត្រ​ ហើយជៀស​អោយ​ឆ្ងាយ​ពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

ក្នុងឱកាសនោះ លោកស្រី កែ ច័ន្ទមុនី និងសហការី បានចែកអំណោយដល់​គ្រួសា​មានជីវភាព​ខ្វះខាតមានកូន៨នាក់មានដូចជា គ្រឿងឧបភោគ ​បរិភោគ​,ខោអាវ, និងថវិកា២០ម៉ឺនរៀលផងដែ រ ។

តំណាងអោយគ្រួសារមានជីវភាពខ្វះខាតបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ លោក លោកស្រី ទាំងអស់ដែលបានជួយសំរាលការលំបាករបស់ពួកគាត់ និងសូមគោរព ជួនពរ ដល់ លោក លោកស្រីទទួលបានជ័យជំនះឈ្នះមាសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិ ប្រកប ដោយសុខសន្តិភាព សុខដុមរមនា និងឆ្ពោះទៅកាន់វឌ្ឍនភាព និងរុងរឿងរហូតតទៅអនាគត៕



No comments:

Post a Comment