នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថារាជរដ្ឋាភិបាល បាននិងកំពុងធ្វើកិច្ចការគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់វិស័យការងារ និងឧស្សាហកម្មដើម្បីធានាជីវភាពល្អប្រសើររបស់បងប្អូនកម្មករ កម្មការិនី ក្នុងនោះ លោក ហ៊ុន សែន បានលើកឡើងនូវកត្តា៥យ៉ាងដើម្បីសម្រេចជោគជ័យ។
ចំណុចគន្លឹះ៥យ៉ាងដែលលោក ហ៊ុន សែន ចង់បញ្ជាក់នោះ រួមមាន ទី១-ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ទី២- រួមគ្នារក្សាការងារចាស់ និងបង្កើតការងារថ្មីៗច្រើនថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម ទី៣- រួមគ្នាបង្កើនប្រាក់ចំណូលដោយការខិតខំបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ និងកុំឱ្យកម្មករភ័យខ្លាចពីការបាត់បង់ការងារ និងប្រាក់ចំណូល ទី៤- ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករ គឺចាប់ពីខែ មករា ២០១៨ តទៅ និយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ គឺបងប្អូនអាចចំណេញ ថវិកា ៨,០០០៛ ទៅ ១២,០០០៛ ក្នុង១ខែ និងទី៥- ផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការនីដែលធ្វើការនៅក្រៅប្រទេសតាមរយៈការគាំទ្រ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការធ្វើការទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាដៃគូដើម្បីផ្តល់ការងារដែលមានប្រាក់ចំណូលខ្ពស់ និងលក្ខខណ្ឌការងារល្អៗដល់ក្មួយៗកម្មករ។
ក្នុងឱកាសជួបជាមួយកម្មករ កម្មការីនីនៅសួនឧស្សាហកម្មវឌ្ឍនៈកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបជុំជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនីទាំងអស់គ្នា ដើម្បីស្វែងយល់ពីតម្រូវការ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានជោគជ័យ៕
No comments:
Post a Comment