Wednesday, August 30, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជា បានទទួលជោគជ័យរួចហើយលើវិស័យកសិកម្ម

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកពីភាពជោគជ័យរបស់កម្ពុជានាពេលកន្លងមករហូតមកដល់ពេលបច្ចុប្បន្ននេះលើវិស័យកសិកម្ម ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការនី ប្រមាណជាង ១ម៉ឺននាក់នៅ សួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាពិតមុនធ្លាប់តែខ្វះស្បៀង ក្លាយទៅជា ប្រទេសដែលមានស្បៀងសល់ជាង៥លានតោនក្នុងមួយឆ្នាំ សម្រាប់ការនាំចេញ ដោយមិនទាន់គិតពីពោត ដំឡូង និងទៅដល់ផ្នែកដទៃទៀតដែលអង្គការស្បៀងអាហារពិភពលោកចាត់ ទុកថាជាស្បៀងផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា កម្ពុជាបានឆ្លងផុតពីដំណាក់កាលជាប្រទេសដែលនាំចូលអង្ករពីប្រទេសជិតខាង និងការផ្តល់ជំនួយជាស្បៀង រហូតក្លាយជាប្រទេសមានលទ្ធភាពផ្តល់ស្បៀងទៅក្រៅប្រទេស។ នេះហើយគឺជាភាពជោគជ័យនៃវិស័យកសិកម្ម។ លោក ក៏បានបន្ថែមថា ប៉ុន្តែបើធ្វើកសិកម្មតែមួយមុខ កម្ពុជា ច្បាស់ជាមិនអាចធ្វើការអភិវឌ្ឍជឿនលឿនបានទេ ដែលខុសពីទ្រឹស្តីរបស់ប៉ុល ពត ដែលចាត់ទុកថា មានស្រូវគឺមានអ្វីៗទាំងអស់។ សម្រាប់កម្ពុជាយើងបច្ចុប្បន្ន គឺជារដ្ឋបែបទំនើប ជារដ្ឋដែលអនុវត្តន៍នូវរបបទីផ្សារ សេដ្ឋកិច្ចទីផ្សារ ហើយអ្វីដែលលោកខ្លាចនោះ គឺភាពក្រីក្ររបស់ប្រជាជនកម្ពុជាយើង៕



No comments:

Post a Comment