Tuesday, August 08, 2017

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជួបពិភាក្សា​ការងារជាមួ​យ តំណាងក្រុម​ហ៊ុនធំចំនួ​ន៤ របស់ជប៉ុន

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញាតអោយតំណាងក្រុមហ៊ុនធំៗចំនួន៤របស់ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុនទាំង៤រួមមាន៖ ក្រុមហ៊ុនដេនសូ(Denso, Cambodia, Co, Ltd) ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ (TOYOTA Tsuso Co, Ltd) ធនាគារមីហ្សឹហូ(Mizuho Bank, Ltd) និងក្រុមមីនីប៊ែរ (Minebea, Cambodia, Co, Ltd) ដែលធ្វើឡើងនៅក្នុងសណ្ឋាគារញ៉ូវអូតានី ក្រុងតូក្យូ។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញទៅដល់ក្រុមអ្នកវិនិយោគ ពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ដែលក្នុងនោះរួមមានហេដ្ឋរចនាសម្ព័ន្ធ ទឹកភ្លើង តម្លៃពលកម្មសមរម្យ ជាពិសេសគឺកម្ពុជាកំពុងទទួលបានអ្នកវិនិយោគជប៉ុនច្រើនបំផុត។ នៅក្នុងជំនួបជាមួយអ្នកវិនិយោគជប៉ុននាពេលនេះ គឺដើម្បីទាក់ទាញការវិនិយោគទៅកម្ពុជា អោយបានច្រើន ជាពិសេសគឺជំរុញលើវិស័យឧស្សហកម្ម ដើម្បីបង្កើនប្រាក់ចំណូល ដែលនឹងផ្ដល់ការងារដល់បងប្អូនប្រជាពលរដ្ឋ និងប្រាក់ចំណូលសម្រាប់ប្រទេសជាតិយើងទាំងមូល។

សូមជម្រាបផងដែរថា គិតមកដល់ឆ្នាំ២០១៧នេះ គឺជាខួបលើកទី២៥ឆ្នាំ ដែលជប៉ុនបានបញ្ជួនកងទ័ពដំបូងបំផុតទៅកាន់កម្ពុជា គឺនៅឆ្នាំ១៩៩២ ដើម្បីចូលរួមរក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ដែលស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយក៏ជាខួបលើកទី៦០ឆ្នាំ នៃដំណើរទស្សនកិច្ចដំបូងបំផុតមកកាន់កម្ពុជា នៅឆ្នាំ១៩៥៧ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Nobusuke Kishi ដែលត្រូវជាជីតារបស់លោក Shinzō Abe នាយករដ្ឋមន្ត្រីជប៉ុនបច្ចប្បន្ន ដែលនេះគឺបានបង្ហាញពីប្រវត្តិទំនាក់ទំនង ការទូតយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ប្រវត្តិនៃទំនាក់ទំនងការទូតទាំងអស់នេះហើយ ដែលបានធ្វើអោយអ្នកវិនិយោគជប៉ុនកាន់តែមានភាពកក់ក្ដៅនៅក្នុងការវិនិយោគនៅកម្ពុជា៕





No comments:

Post a Comment