Tuesday, June 20, 2017

ប្រជា​ពលរដ្ឋសាង​សង់​សំណង់​ខុសច្បាប់​នៅជិត​ប្រាសាទបន្ទាយក្តី​ស្ម័គ្រចិត្តរុះ​រើសំណង់​ដោយ​ខ្លួន​ឯង

បន្ទាប់ពីអាជ្ញាធរជាតិអប្សរាចេញលិខិតជូនដំណឹងឲ្យធ្វើការរុះរើសំណង់ខុសច្បាប់ដែលបានសាងសង់ក្នុងកំឡុងពេលថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាបបានសម្រេចធ្វើការរុះរើសំណង់ខុសច្បាប់របស់ខ្លួនដោយស្ម័គ្រចិត្តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។ ការរុះរើដោយស្ម័គ្រចិត្តនេះបានធ្វើឡើងបន្ទាប់ពីក្រុមការងារចម្រុះដែលមានសមាសភាពមកពីអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប នគរបាលការពារបេតិកភណ្ឌ រដ្ឋបាលក្រុងសៀមរាប និងអាជ្ញាធរភូមិឃុំ បានចុះមករំលឹកអំពីការរុះរើសំណង់ខុសច្បាប់់ទាំងនោះ និងពន្យល់ប្រជាពលរដ្ឋពីផលប៉ះពាល់អវិជ្ជមានដ៏ធ្ងន់ធ្ងរដល់បេតិកភណ្ឌ។
ជម្រាបជូនបងប្អូនប្រជាពលរដ្ឋនាពេលនោះ លោក ហុក ប៉េងសែ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថាសំណង់ដែលត្រូវរុះរើពេលនេះសុទ្ធតែជាសំណង់ដែលពុំមានច្បាប់អនុញ្ញាតហើយប៉ះពាល់អវិជ្ជមានខ្លាំងដល់បេតិកភណ្ឌផ្ទាល់តែម្តង ជាពិសេសសំណង់ទាំងនេះស្ថិតនៅចំងាយប្រម៉ាណតែ៥០ម៉ែត្រពីកំពែងប្រាសាទប៉ុណ្ណោះ។ ហើយកន្លងមកអាជ្ញាធរជាតិអប្សរាបានធ្វើសេចក្តីជូនដំណឹងស្តីពីការរុះរើនេះរួចហើយដល់ម្ចាស់សំណង់ទាំងអស់ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋសហការជាមួយកំលាំងចម្រុះដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ដែលជាបេតិកភណ្ឌពិភពលោក។
លោក កែវ វុទ្ធី និង លោកស្រី អ៊ីង សារ៉ាយ ជាម្ចាស់សំណង់ផ្ទះថ្ម ស្ថិតនៅចំងាយត្រឹមតែប្រមាណ៥០ម៉ែត្រពីកំពែងប្រាសាទបន្ទាយក្តី ដែលស្ម័គ្រចិត្តរុះរើដោយខ្លួនឯងបានទទួលស្គាល់ថាសំណង់របស់គាត់ពិតជាបានសាងសង់ខុសច្បាប់ពិតប្រាកដមែន ហើយយល់ព្រមរុះរើដោយគ្មានលក្ខខណ្ឌព្រោះថានេះជាកំហុសឆ្គងរបស់គាត់ដែលពុំបានសុំការអនុញ្ញាតច្បាប់សាងសង់ជាមុនពីអាជ្ញាធរអប្សរា។ ម្ចាស់សំណង់ក៏បញ្ជាក់ថាពិតជាបានបង្ករហានិភ័យដល់ប្រាសាទពិតប្រាកដមែន ហើយបានស្នើសុំឲ្យក្រុមការងារដឹកយកសម្ភារ:សំណង់របស់ពួកគាត់យកទៅរក្សាទុកនៅផ្ទះរបស់ម្តាយក្មេកដែលមានទីតាំងនៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
លោកមាស សាង និងលោកស្រី នន់ ប៊ុននី ជាម្ចាស់សំណង់ខុសច្បាប់មួយកន្លែងទៀតដែលបានរុះរើដោយស្ម័គ្រចិត្តដែរនោះបានបញ្ជាក់ពីការទទួលស្គាល់កំហុសរបស់ខ្លួនដោយបានធ្វើការរុះរើ និងយកចេញនូវសម្ភារ:រើរុះទាំងនោះពីទីតាំងសំណង់។ លោកស្រី នន់ ប៊ុននី បានបញ្ជាក់បន្ថែមថាគាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការរុះរើនេះ ហើយគាត់បានចាប់ផ្តើមការរុះរើនេះតាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧មកម្ល៉េះ។ ដោយឡែកម្ចាស់តូបប្រក់ស័ង្កសីឈ្មោះ ធឿន ចន្ទ្រាដែលស្ថិតនៅក្បែគ្នាដែរនោះ ក៏ព្រមរុះរើចេញទៅវិញដែរ។
ថ្លែងក្នុងកំឡុងពេលប្រតិបត្តិការរុះរើ លោក សរ សម្បត្តិ អភិបាលរងក្រុងសៀមរាប បានលើកឡើងថាសកម្មភាពរបស់បងប្អូនដែលរុះរើដោយស្ម័គ្រចិត្តនាពេលនេះស្តែងឲ្យឃើញការភ្ញាក់រលឹកដោយចូលរួមសហការជាមួយអាជ្ញាធរអប្សរាក្នុងការលើកតម្លៃបេតិកភណ្ឌដែលជាមរតកដូនតានិងជាអត្តសញ្ញាណជាតិដ៏ថ្លៃថ្លា។

សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីសង្កេតឃើញថាសំណង់ និងដីចាក់បំពេញខុសច្បាប់ចំនួន៥២១ករណីបានសាងសង់និងចាក់ដីបំពេញក្នុងតំបន់រមណីយដ្ឋានអង្គរក្នុងចន្លោះថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧កន្លងមក អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងដល់គ្រប់ម្ចាស់សំណង់ទាំងអស់ឲ្យរុះរើនូវសំណង់ ដីចាក់បំពេញនោះចេញវិញក្នុងរយ:ពេលមួយសប្តាហ៍ ហើយប្រតិបត្តិការនេះនឹងបន្តទៅទីតាំងផ្សេងៗទៀត។ ក្នុងករណីពុំរុះរើចេញដោយខ្លួនឯងនោះទេ កំលាំងចម្រុះនឹងធ្វើការរុះរើដោយពុំទទួលស្គាល់នូវការខូចខាតនោះទេ៕








No comments:

Post a Comment