Thursday, December 29, 2016

អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីសម្អាតបរិស្ថានអង្គរ នៅវិទ្យាល័យហ៊ុនសែនបាគង

ដើម្បីដាស់ស្មារតីសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមថែរក្សាបរិស្ថាននៅក្នុងឧទ្យានអង្គរ ឲ្យបានស្អាតជាប្រចាំនោះ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានដឹកនាំសិស្សានុសិស្សប្រមាណជាង២០០នាក់មកពីអនុវិទ្យាល័យហ៊ុនសែនបាគង ចុះសម្អាតបរិស្ថានតាមដងផ្លូវពីវិទ្យាល័យរហូតដល់ផ្លូវចូលទៅប្រាសាទបាគង។ កម្មវិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ តំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា លោកនាយកសាលា លោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។
លោក ភ័ន ផល្លា បញ្ជាក់ថា កម្មវិធីសម្អាតនេះ ត្រូវបានរៀបចំឡើងជាសារដាស់ស្មារតីឲ្យប្រជាពលរដ្ឋទូទៅយកចិត្តទុកដាក់លើការងារថែរក្សាបរិស្ថាន ជាពិសេស គឺការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីភាពស្រស់ស្អាតនៃអង្គរឲ្យសមនឹងកិត្តិនាមរបស់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ “អង្គរជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះ យើងត្រូវតែរួមគ្នាដើម្បីឲ្យបរិស្ថានជុំវិញអង្គរស្អាត ទើបសមនឹងតម្លៃអង្គរ។ ការសម្អាតមួយពេលនេះ មិនគ្រប់គ្រាន់ទេ តែវាជាសារមួយដែលប្រាប់យើងគ្រប់គ្នាថា ម្នាក់ៗត្រូវតែចូលរួមទើបបរិស្ថានអាចស្អាតបាន”។
នាយកវិទ្យាល័យហ៊ុនសែនបាគង លោកគ្រូ ស៊ិន សំណាង បានសម្តែងនូវមោទនភាពដែលសាលារបស់លោកត្រូវបានអាជ្ញាធរជាតិអប្សរាជ្រើសរើសជាគោលដៅដាស់តឿនស្មារតីថែរក្សាបរិស្ថាន។ លោកបញ្ជាក់ថា រូបលោកក៏ដូចជាលោកគ្រូអ្នកគ្រូនិងថ្នាក់ដឹកនាំទាំងអស់គាំទ្រចំពោះសកម្មភាពនេះ ដោយហេតុថា វាជាការជំរុញឲ្យសិស្សានុសិស្សយកចិត្តទុកដាក់បន្ថែមទៀតលើការសម្អាតបរិស្ថាន។ លោកគ្រូបន្ថែមថា “ដោយសារខ្ញុំស្រឡាញ់បរិស្ថាន ទើបខ្ញុំជំរុញការងារដាំដុះកូនឈើក្នុងសាលាច្រើន រៀបចំសួន និងណែនាំសិស្ស ក៏ដូចជាអ្នកលក់ក្នុងសាលាឲ្យយកចិត្តទុកដាក់ខ្ពស់លើការទុកដាក់សំរាម។ ធុងសំរាមក្នុងសាលាខ្ញុំបានកាត់បន្ថយតិចទៅៗ ដោយសារសំរាមកាន់តែលែងមាន។ ខ្ញុំនឹងព្យាយាមកាត់បន្ថយឲ្យបានកាន់តែតិចជាងនេះ”។
ប្អូនស្រី ហៅ លីហឿន រៀនថ្នាក់ទី១១H បានសម្តែងនូវអារម្មណ៍រីករាយដែលបានចូលរួមក្នុងសកម្មភាពរើសសំរាមនេះ។ “ខ្ញុំគិតថាកម្មវិធីនេះល្អណាស់ ខ្ញុំចង់ឲ្យបងប្អូនយើងទាំងអស់ចូលរួមសម្អាតសំរាមទាំងតាមទីធ្លាសាធារណៈ ទាំងតាមផ្ទះសម្បែងរៀងៗខ្លួន”។
សូមបញ្ជាក់ថា កម្មវិធីសម្អាតបរិស្ថានក្នុងតំបន់អង្គរ គឺជាកម្មវិធីដែលអាជ្ញាធរជាតិអប្សរាតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីក្រើនរំឭកប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាបរិស្ថានជុំវិញអង្គរឲ្យបានស្អាតជាប្រចាំ។ ដោយឡែកក្នុងឆ្នាំ២០១៦នេះ ជាមួយគ្នានឹងកម្មវិធីសម្អាតបរិស្ថាន អាជ្ញាធរជាតិអប្សរាក៏បានចែកកង់ចំនួន៩គ្រឿង ជូនសិស្សក្រីក្រ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ក៏ដូចជាចូលរួមលើកកម្លាំងចិត្តឲ្យសិស្សក្រីក្របានបន្តការសិក្សាបានខ្ពង់ខ្ពស់ផងដែរ៕



No comments:

Post a Comment