Wednesday, November 02, 2016

ប្រធានផ្នែក​កិច្ចការបម្រែ​បម្រួល​អាកាសធាតុ​របស់ចិន​និយាយ​ពីគោលការណ៍​របស់លោក Trump ថា មេដឹក​ដែល​មាន​គតិ​បណ្ឌិត​មិនរារាំង​និន្នាការ​ពិភពលោក​ឡើយ

ខណៈដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសនឹងចូលជាធរមាននៅសប្តាហ៍នេះ ពិភពលោកចង់ដឹងថាតើប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីនឹងដកវាចេញឬទេ។
រយៈពេលបួនថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសចូលជាធរមាន សហរដ្ឋអាមេរិកនឹងរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយកាលពីពេលមុនថា គាត់នឹង «លុបចោលកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ» ដែលបានញ៉ាំងឱ្យអ្នកយកព័ត៌មានម្នាក់សួរអ្នកតំណាងពិសេសសម្រាប់កិច្ចការបម្រែបម្រួលអាកាសធាតុរបស់ចិន លោក Xie Zhenhua ថាតើប្រទេសចិននឹងធ្វើការងារជាមួយលោក Trump លើបញ្ហានេះដោយរបៀបណា។
បើយោងតាមសារព័ត៌មាន Wall Street Journal បានឱ្យដឹងថា លោក Xie បានថ្លែងថា «ខ្ញុំមិនគិតថា មនុស្សធម្មតានឹងយល់ស្របទេ ប្រសិនបើអ្នកបានបដិសេធនឹងនិន្នាការនោះ»។ គាត់បានបន្តថា «ខ្ញុំជឿជាក់ថា ប្រសិនបើជាមេដឹកនាំដែលមានគតិបណ្ឌិត ជាពិសេសមេដឹកនាំនយោបាយ គាត់គួរតែដឹងថា គោលនយោបាយទាំងអស់គួរតែអនុលោមតាមនិន្នាការវិវត្តន៍របស់ពិភពលោក» នេះគឺជាការបញ្ចេញមតិដ៏កម្រទៅលើដំណើរការនយោបាយរបស់ប្រទេសមួយផ្សេងទៀត។
កិច្ចសហប្រតិបត្តិការស្តីពីបម្រែបម្រួលអាកាសធាតុបានក្លាយជាបញ្ហាលេចធ្លោក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននាពេលចុងក្រោយ ថែមទាំងបង្ហាញឱ្យឃើញចេញពីស្រមោលនៃស្ថានភាពលំបាករបស់សមុទ្រចិនខាងត្បូង។
មុនកិច្ចប្រជុំកំពូល G20 កាលពីខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានឈរនៅលើវេទិកាក្នុងទីក្រុង Hangzhou នៃប្រទេសចិន ដែលអមជាមួយនឹងសមភាគីចិនរបស់គាត់ លោក Xi Jinping បានប្រកាសជាផ្លូវការថា ប្រទេសទាំងពីរបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុដែលបានសម្រេចដល់សន្និសីទអង្គការសហប្រជាជាតិកាលពីឆ្នាំមុនស្តីពីការផ្លាស់ប្តូរអាកាសធាតុ ដើម្បីស្វែងរកការទប់ទល់នូវការឡើងសីតុណ្ហភាពពិភពលោកឱ្យនៅក្រោម២ អង្សាសេ និងចៀសវាងពីការប្រើប្រាស់ដុតកម្ទេចកម្ទីយកចំហេះ។
លោក Obama បានព្យាករណ៍ថា «ថ្ងៃណាមួយ យើងប្រហែលជាឃើញរឿងនេះ គឺជាពេលវេលាមួយដែលទីបំផុតយើងបានសម្រេចចិត្តជួយសង្រ្គោះភពផែនដីរបស់យើង»
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីចិន និងអាមេរិក «បានបង្កើតភាពជាដៃគូប្រវត្តិសាស្រ្ត ដើម្បីនាំឱ្យមានការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ» ដែលប្រទេសមួយចំនួននៅជុំវិញពិភពលោកត្រូវបានគេជំរុញឱ្យផ្តល់សច្ចាប័ន។
រវាងពួកគេទាំងពីរ ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនមានចំនួន៣៨ ភាគរយនៃការបំភាយឧស្ម័នពិភពលោក។ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន ប្រទេសចំនួន៥៥ ដែលយ៉ាងហោចណាស់បំភាយឧស្ម័នពិភពលោក៥៥ ភាគរយ ដែលចាំបាច់ត្រូវផ្តល់សច្ចាប័ន។ មុនពេលអាមេរិក និងចិនបានធ្វើរឿងនេះ មានប្រទេសចំនួន២៣ ប៉ុណ្ណោះបានផ្តល់សច្ចាប័ន ដោយប្រទេសទាំងនេះបានបំភាយឧស្ម័នពិភពលោកជាង១ ភាគរយ។ បច្ចុប្បន្ន កិច្ចព្រមព្រៀងនេះត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចំនួន៨៩ ហើយនឹងចូលជាធរមានសម្រាប់ប្រទេសជាច្រើននៅថ្ងៃទី៤ ខែវិច្ឆិកា។
ការបោះឆ្នោតសហរដ្ឋអាមេរិកដែលកំពុងតែរង់ចាំនោះ ហាក់បីដូចជាបន្ថែមការលើកទឹកចិត្តសម្រាប់អាមេរិក និងចិនដើម្បីផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លោក Li Shuo ដែលជាទីប្រឹក្សាផ្នែកបម្រែបម្រួលអាកាសធាតុនៃអង្គការ Greenpeace បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អាមេរិក និងចិនចង់បានកិច្ចព្រមព្រៀងនេះឱ្យចូលជាធរមានមុនពេលបោះឆ្នោត។
ពួកសាធារណរដ្ឋបានរិះគន់លោក Obama សម្រាប់ការជំរុញឱ្យមានកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុ ដោយគ្មានការពិគ្រោះយោបល់ជាមួយនឹងសភា។
គេហទំព័រយុទ្ធនាការរបស់លោក Trump មិនបានដាក់គោលនយោបាយស្តីពីបម្រែបម្រួលអាកាសធាតុឱ្យបានច្បាស់លាស់ទេ។ ប៉ុន្តែគាត់ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាអ្នករិះគន់៕
ប្រភព: The Diplomat ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦




No comments:

Post a Comment