Friday, September 23, 2016

បញ្ជីឈ្មោះក្រុមហ៊ុនដឹកជញ្ជូន ១៤ក្រុមហ៊ុន សន្យាមិនតម្លើងថ្លៃ ពេលបុណ្យភ្ជំបិណ្ឌ



កិច្ចប្រជុំជាមួយក្រុមហ៊ុនដឹកជញ្ជូន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនដឹកអ្នកដំណើរ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ សមាជិកសមាគម CAMTA សមាជិកសមាគម CAMBA និងមានការចូលរួមផងដែរ ពីតំណាងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះផ្តោតជាសំខាន់ លើការពង្រឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ និងវិធានការមួយចំនួន របស់ក្រសួងទាក់ទងទៅនឹង ការជួសជុល កែច្នៃ និងតំឡើងយានយន្ត ខុសលក្ខណៈបច្ចេកទេស ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត និងការពង្រឹងការផ្តល់ ប័ណ្ណបើកបរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរទាំងអស់ កុំតំឡើងថ្លៃឈ្នួលដឹកជញ្ជូន នៅក្នុងឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ យើងខាងមុខនេះ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ក្នុងការបើកបរ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាព ជូនប្រជាពលរដ្ឋរបស់យើង ដែលត្រូវការធ្វើដំណើរ ច្រើនក្នុងអំឡុងពេលនោះ។
ជាការឆ្លើយតបភ្លាមៗ ទៅនឹងសំណើនេះ ក្រុមហ៊ុនមួយចំនួនបានប្តេជ្ញា មិនតំឡើងថ្លៃឈ្នួលដឹកជញ្ជូនទេក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដែលក្រុមហ៊ុនទាំងនោះរួមមាន៖ ១) ក្រុមហ៊ុន ថុង សម្បត្តិ ២)ក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរ ៣)ក្រុមហ៊ុន ផលបូប៉ាន់ ត្រេនស្ព័ត ខូអិលធីឌី ៤) ក្រុមហ៊ុន នាគ ក្រហម ៥) ក្រុមហ៊ុន ដឹកអ្នកដំណើរឡារីតា ៦)ក្រុមហ៊ុន វ៉ាង រ៉ិច ៧)ក្រុមហ៊ុន Giant IBIS Transport ៨) ក្រុមហ៊ុនហ្គោលដេនបាយ័ន អេចប្រេស ៩) ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ ១០)ក្រុមហ៊ុន កាពីតូល ១១) ក្រុមហ៊ុនពន្លឺអង្គរខ្មែរដឹកជញ្ជូន ១២) ក្រុមហ៊ុនណាហ្គាត្រេនស្ព័ត ១៣) ក្រុមហ៊ុនវីរៈប៊ុនថាំ និង១៤) ក្រុមហ៊ុន NATTANKAN Cambodia Co.LTD ដឹកជញ្ជូនអ្នកដំណើរឆ្លងដែន៕

No comments:

Post a Comment