កាលពីព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងឯកឧត្តមទេសរដ្ឋមន្រ្តី
ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ
ឯកឧត្តម LVO
SIEBER ឯកអគ្គរដ្ឋទូតស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។
នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីការផ្សារភ្ជាប់ជិតស្និទ្ធ
និងយូរលង់របស់ ឯកឧត្តមផ្ទាល់ជាមួយប្រទេសស្វីស ដែលបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ
១៩៦៣មក ហើយនិងបំណង ប្រាថ្នារបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានពិភាក្សាជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត
អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ តាមរយៈការរៀបចំឱ្យមានការចុះហត្ថលេខា
លើអនុស្សរណៈ នៃការយោគយល់គ្នាស្តីអំពីការជួបពិគ្រោះយោបល់ និងកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួងការបរទេស
នៃប្រទេសទាំងពីរ ក្នុងកំឡុងខែកក្កដាខាងមុខ។ ភាគីទាំងពីរបានឯកភាពគ្នាលើបញ្ហានេះ។
ពាក់ព័ន្ធនឹងមន្ទីរពេទ្យគន្ធបុប្ផា ឯកឧត្តមទេសរដ្ឋមន្រ្តី
បាន បញ្ជាក់អំពីសារៈសំខាន់របស់មន្ទីរពេទ្យនេះ ក្នុងការជួយដល់អាយុជីវិតរបស់ប្រជាជនកម្ពុជា
ពិសេសគឺកុមារៗ ក្នុងពេលកន្លងមក និងបានថ្លែងអំណរគុណចំពោះការជួយគាំទ្រ និងការឧបត្ថម្ភរបស់រដ្ឋាភិបាលស្វីសចំពោះមន្ទីរពេទ្យ
គន្ធបុប្ផា និងសំណូមពរឱ្យរដ្ឋាភិបាលស្វីសបន្តនូវការគាំទ្រ និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី
អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ស្វីសកន្លងមក ក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាហើយនិងការគាំទ្របន្តទៅទៀត
ចំពោះមន្ទីរពេទ្យនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីបំណងប្រាថ្នារបស់កម្ពុជាចង់អោយភាគីទាំងពីរធ្វើការ
ខិតខំបន្ថែមទៀតក្នុងការបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ
ក៏ដូចជាការជំរុញ កិច្ចសហប្រតិបត្តិការ លើផ្នែកសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យបានខ្លាំងក្លាជាងមុន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីការចង់
ឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ លើផ្នែកទេសចរណ៍ រវាងប្រទេសទាំងពីរ
ពិសេសគឺការរៀបចំដំណើរទស្សនកិច្ច ជាកញ្ចប់របស់ទេសចរ ពីប្រទេសស្វីសមកកាន់កម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានឯកភាពជាមួយការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីក្នុងការជំរុញ
ឱ្យបានខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ផ្នែកពាណិជ្ជកម្ម
និងផ្នែកទេសចរណ៍ រវាងប្រទេសទាំងពីរ។
ឯកឧត្តមក៏បានលើកឡើងអំពីបញ្ហាមីននៅកម្ពុជាថា
បច្ចុប្បន្ននេះចំនួនគ្រាប់មីនដែលនៅសេសសល់ នៅកម្ពុជា មានចំនួនច្រើនសន្ធឹកសន្ធាប់
ហើយបញ្ហាមីន នេះនៅតែជាឧបសគ្គយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ ប្រទេសជាតិ ជាពិសេសលើផ្នែកកសិកម្ម។
ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ពីបំណងចង់ឱ្យស្វីសជួយដល់កម្ពុជាលើបញ្ហាសកម្មភាពដោះមីននេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការចាប់អារម្មណ៍ចំពោះបញ្ហាមីននៅកម្ពុជា
ដោយបានវាយតម្លៃ ខ្ពស់ចំពោះ ការបង្កើតឡើងនូវមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាននៅភ្នំពេញ
។
ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានពិភាក្សាពីកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ ដែលឯកឧត្តមឯកអគ្គរដ្ឋទូត
បានបញ្ជាក់ពីសំណើរបស់ រដ្ឋាភិបាលស្វីស សុំឱ្យកម្ពុជាជួយគាំទ្រដល់បេក្ខភាពរបស់ប្រទេសស្វីស
ដើម្បីចូលជាដៃគូតាមផ្នែក របស់អាស៊ាន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនអំពីការគាំទ្រកន្លងមករបស់កម្ពុជាចំពោះបេក្ខភាពរបស់ស្វីស
ដើម្បីចូលជាដៃគូតាមផ្នែករបស់អាស៊ាន ដោយឯកឧត្តមបានបញ្ជាក់ពីការសម្រេច
នៅក្នុងអាស៊ាន គឺផ្អែកទៅលើកុងសង់ស៊ុស ដូច្នេះទាមទារឱ្យមានការគាំទ្ររបស់ប្រទេសអាស៊ាន
ទាំងអស់ចំពោះបេក្ខភាព របស់ស្វីស។
ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស្វីស
ដែលបានគាំទ្របេក្ខភាព របស់កម្ពុជាជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ
(ECOSOC)
សម្រាប់ឆ្នាំ២០១៧-២០១៩ ដែលការបោះឆ្នោតនោះនឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៦នេះ៕
No comments:
Post a Comment