Monday, May 30, 2016

រដ្ឋសភា​បាន​អនុម័ត​ករណី​ចោទ​ប្រកាន់​លើ ឯកឧត្តម កឹម សុខា និងបាន​បោះឆ្នោត​ជ្រើស តំាង​ឯកឧត្តម ខៀវ មុត ជាសមាជិក​ព្រឹទ្ធសភា

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៣០ខែឧសភា ឆ្នាំ២០១៦នេះ បានបើក សម័យប្រជុំលើកទី៦ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានតំណាងរាស្រ្តពេលផ្តើមសម័យប្រជុំមានចំនួន៦៨រូប។
អង្គសភាបានអនុម័តយល់ព្រមលើកយករបៀបវារៈចំនួន០៤មកពិភាក្សានិងអនុម័ត ដោយសំឡេងចំនួន៦៨ រួមមាន ១- ការសម្រេចករណី ឯកឧត្តម កឹម សុខា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវក្រសួងមានសមត្ថកិច្ចធ្វើការចោទប្រកាន់។ ២- ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាចំនួន ០១រូប។ ៣- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងទី៤- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ។
គិតមកដល់ម៉ោង៩:០០នាទី អង្គសភាបានអនុម័តយល់ព្រម ឲ្យក្រសួងមានសមត្ថកិច្ចបន្តនីតិវិធី លើចោទប្រកាន់ ឯកឧត្តម កឹម សុខា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ចំនួន៦៨ សំឡេង និងបានការបោះឆ្នោតជ្រើសតំាង ឯកឧត្តម ខៀវ មុត ជាសមាជិកព្រឹទ្ធសភានីតិកាលទី៣ ចំនួន៦៨សំឡេង ជំនួសសមាជិកព្រឹទ្ធសភា ០១រូប ដែលបានសុំលាលែង។
អង្គសភាបានកំពុងបន្តពិភាក្សានិងអនុម័តលើរបៀបវារៈផ្សេងៗ។ នៅពេលរដ្ឋសភាបញ្ចប់អង្គ ប្រជុំ អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា ទំាងមូល៕




No comments:

Post a Comment