Thursday, March 03, 2016

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីវប្បធម៌ជាតិ ៣ មីនា

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រពសិល្បៈយុវជនទូ  ទាំងប្រទេស ដែលប្រារព្ឋធ្វើឡើងនៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ ។ ទិវាវប្បធម៌នេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងបំផុសស្មារតី ដល់កុលបុត្រ កុលធីខ្មែរ ឲ្យចេះស្រឡាញ់ថែរក្សា និងអភិរក្សនូវវប្បធម៌ជាតិដ៏ល្អផូរផង់របស់យើង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ។ ការប្រារព្ធទិវានេះ ក៏ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេព្យកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំលឹក បំផុសស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជន ដែលជាទំពាំស្នងប្ញស្សីដើម្បីចូលរូមថែរក្សាការពារអោយសិ្ថតស្ថេរគង់វង្សយូរអង្វែងនូវវប្បធម៌ជាតិនិងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិនៅកម្ពុជា។

ទិវាវប្បធម៌នេះគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយរបស់ប្រទេសជាតិ ក្នុងគោលបំណងលើកតម្កើងកេរដំណែលវប្បធម៌ សីលធម៌ដ៏ល្អថ្លៃថ្លា របស់ជាតិ ទប់ស្កាត់ការហូរចូលនូវវប្បធម៌អវិជ្ជមានពីបរទេស លុបបំបាត់សកម្មភាពមិនល្អ ក្នុងសង្គមជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្តាំទៅបណ្តាក្រុមហ៊ុនទូរទស្សន៍ទាំងអស់ថា ត្រូវខិតខំផលិតកម្មវិធីសិល្បៈវប្បធម៌អោយបានច្រើនដូចជា របាំចម្រៀង រឺ ល្ខោន ជាដើម។ កុំគិតតែភាពយន្តមួយមុខ។ សម្តេតតេជោ ក៏បានបញ្ជាក់ផងដែរថា សម្តេចគាំទ្រពេញទំហឹងក្នុងការលើកម្ពស់វប្បធម៌សិល្បៈជាតិ និងវិស័យវកីឡាជាតិ។ ក្នុងខណៈនោះ សម្តេចតេជោ បានកោតសរសើរដល់ក្រសួង និងគ្រប់មន្ទីរវប្បធម៌តាមបណ្តាខេត្តទាំងអស់ដែលបានចូលរួមក្នុងការខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានយុវជន អោយចូលរួមក្នុងការថែរក្សា និងអភិរក្សវិស័យសិល្បៈ វប្បធម៌ ។

មុននឹងបញ្ចប់នៃពិធីបិទមហោស្រពសិល្បៈនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចែកពានជ័យលាភី និងប្រាក់រង្វាន់មួយចំនួន ដល់ក្រុមសិល្បករ សិល្បការនី យុវជនមកពីតាមបណ្តាខេត្តផ្សេងៗ និងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយបំផុត៕







No comments:

Post a Comment