ឱសថការីចំនួន ៥២នាក់ បានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលសមត្ថភាពមួយ
នៅមជ្ឈមណ្ឌលជាតិពិសោធន៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែកុម្ភៈ
ឆ្នាំ ២០១៦ ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សុខ ផេង ។
កម្ពុជាកំពុងស្ថិតក្នុងការជម្រុញវិស័យកែទម្រង់ក្រសួងសុខាភិបាល
និងការជម្រុញបណ្តុះបណ្តាលសមត្ថភាពមន្ត្រីជំនាញ ស្របពេលដែលកម្ពុជា
និងប្រទេសទាំង៩ នៅអាស៊ាន ទើបធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយគ្នា ។
កម្ពុជាបច្ចុប្បន្ន មានមន្ទីរពិសោធន៍ដែលមានការបំពាក់ឧបករណ៍ទំនើបៗផងដែរ
ប៉ុន្តែ នៅមិនទាន់មានការទទួលស្គាល់ជាអន្តរជាតិ នូវការប្រើប្រាស់ជាលក្ខណៈអន្តរជាតិនៅឡើយទេ
ដែលប្រការនេះគឺ តម្រូវអោយក្រសួងសុខាភិបាល
ត្រូវធ្វើការហ្វឹកហ្វឺនជំនាញអនុវត្ត
ដល់មន្ត្រីក្រោមបង្គាប់ក្នុងមន្ទីរពិសោធន៍កម្ពុជា
ដើម្បីរកការទទួលស្គាល់ពីអន្តរជាតិ ។
ឯកឧត្តមរដ្ឋលេខាធិការ
សុខ ផេង បានមានប្រសាសន៍ថា សិក្ខាសាលាក្រោមប្រធានបទ «ការអនុវត្តន៍ល្អក្នុងការត្រួតពិនិត្យគុណភាពឱសថក្នុងមន្ទីរពិសោធ Good
Laboratory Practice » គឺមានសារៈសំខាន់ណាស់ដើម្បីអោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល
មានការទទួលស្គាល់ជាអន្តរជាតិ និងឈានទៅទទួលបានវិញ្ញាបនប័ត្រ ISO
International Standard Organization ។
គ្រូពេទ្យជំនាញអាម៉េរិក័ងម្នាក់ឈ្មោះ យ៉ាំងហ្គា
ឌីហ្ចេបា បានជួយបណ្តុះបណ្តាលសិក្ខាកាមកម្ពុជា ក្នុងរយៈពេល ៥ថ្ងៃ
ដើម្បីអោយយល់ដឹងពីការអនុវត្តន៍ ក្នុងមន្ទីរពិសោធន៍ដើម្បីការទទួលស្គាល់ពីអន្តរជាតិ
។ កម្ពុជា កន្លងមក មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់
អំពីករណីកើតឡើងទាក់ទងនឹងការពុល… ឬការរកតាមដាននានា
នូវវិរុសណាមួយ ក្នុងមន្ទីរពិសោធន៍ ដើម្បីស្វែងរកលទ្ធផល
ប៉ុន្តែដោយសារមន្ទីរពិសោធន៍របស់កម្ពុជា មិនទាន់បានទទួលវិញ្ញាបនប័ត្រ ISO
International Standard Organization ទើបបណ្តាលអោយជួបប្រទះភាពយឺតយ៉ាវ
ក្នុងការបញ្ចេញលទ្ធផល ដោយសារត្រូវយកទៅធ្វើតេស្ត
ក្នុងមន្ទីរពិសោធន៍នៅក្រៅប្រទេស ដែលទទួលស្គាល់ដោយអន្តរជាតិជាមុនសិន
៕
No comments:
Post a Comment