Friday, December 25, 2015

ពីធីទទួលសម្ភារៈការិយាល័យសំរាប់ជូនមជ្ឈមណ្ឌលតំបន់អាស៊ានសំរាប់សកម្មភាពមីន

នៅថ្ងៃទី​ ២៤ ខែ​ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ១៥:៣០​ រសៀល នៅទីស្តីការ ក្រសួង​​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិ- បត្តិ​ការអន្តរជាតិ និងលោកជំទាវ ប៊ូ ជាំងគូ (BU Jianguo) ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំ​នៅកម្ពុជា​ បានធ្វើជាអធិបតីក្នុងពិធី​ប្រគល់​សម្ភារៈ​ការិយាល័យ ដែលរដ្ឋាភិបាល​ នៃ​សាធារ​ណ​​រដ្ឋ​​ប្រជា​មានិត​​ចិន ផ្តល់ជូន​​​​​មជ្ឈមណ្ឌល​តំបន់អាស៊ាន​​សំរាប់សកម្មភាពមីន ​(​ASEAN Regional Mine Action Center: ARMAC)  និងអាជ្ញាធរ​កម្ពុជា​​គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ​ជនពិការដោយសារមីន (Cambodian Mine Action and Victim Assistance Autority: CMAA)


ពីធីនេះក៏មានការចូលរួមពី​ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៌​ និងទូរគមនា​គមន៌​ ហើយជាអនុប្រធានអាជ្ញាធរកម្ពុជា​គ្រប់គ្រង​សកម្ម​ភាពកំចាត់មីន​ និងសង្គ្រោះជនពិការដោយ​សារ​មីន ហៅកាត់ CMAA ព្រមទាំង ឯកឧត្តម ហេង​ រតនា​ អគ្គនាយកនៃមជ្ឍមណ្ឌល​កំចាត់​មីន​កម្ពុជា​​ (Cambodian Mine Action Center: CMAC)


មានមតិក្នុងពិធីនេះ  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ជា​អាទិ៍៖


មជ្ឈ​មណ្ឌល​​តំបន់​អាស៊ាន​​​សំរាប់​សកម្មភាព​​មីន ​ហៅកាត់ ARMAC ត្រូវបានបង្កើតឡើង​ដោយ​យោងទៅ​តាម​សេចក្តីប្រកាស​របស់ថ្នាក់ដឹកនាំ​​អាស៊ាន ស្តីពីការបង្កើត​មជ្ឈមណ្ឌល​កំចាត់មីន​តំបន់​អាស៊ាន ដែល​​បាន​​អនុម័ត នៅពេល​​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី២១​​ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅភ្នំពេញ។​ ARMAC ត្រូវបំរើជាមជ្ឈមណ្ឌលរួម​ថ្នាក់តំបន់ ក្នុងការសហការ​ និងលើកទឹកចិត្តដល់​កិច្ច​​ខិតខំប្រឹងប្រែងរួម ដើម្បីដោះស្រាយបញ្ហា​គ្រាប់​មីន​ និង សំណល់គ្រាប់រំសេវបន្សល់ពីសង្រ្គាម សម្រាប់​​ប្រទេសក្នុង​តំបន់​អាស៊ាន​។​​ មជ្ឈមណ្ឌល​នេះ​ត្រូវទទួល​បានការគាំទ្រ និងចាប់អារម្មណ៍​យ៉ាង​ខ្លាំងពីប្រទេសជាមិត្ត​ និងប្រទេសដែលជា​ដៃគូ​សន្ទនា​​របស់អាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើក​ឡើងផងដែរថា ក្រោមជំនួយថវិការបស់រដ្ឋា​ភិបាលសាធារណ​រដ្ឋ​ប្រជាមានិតចិន​ ចំនួន ២០០.០០០ ដុល្លាអាមេរិក អាគារទីស្នាក់ការ​មជ្ឈម​ណ្ឌល ARMAC​ ត្រូវបាន​ជួសជុល​ និងបំពាក់សម្ភារៈសំរាប់បំរើការិយាល័យ​នេះ សបញ្ជាក់ការយក​ចិត្ត​ទុក​​​ដាក់របស់រដ្ឋាភិបាលចិន ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តការល្អជាមួយ​កម្ពុជា​​ ក៏ដូចជាទំនាក់ទំនងជាដៃគូល្អ​ក្នុងការរក្សា​​សន្តិភាព​ និង​សន្តិ​-សុខ​ក្នុងតំបន់អាស៊ាន​។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីជំនួយជារថយន្ត និងសំភារៈ​ការិយាល័យ​ដែល​សាធារណ​រដ្ឋ​ប្រជាមា​និត​ចិន​បានផ្តល់ឲ្យក្រសួងការបរទេសកន្លងមក ហើយនិងការរៀបចំប្រព័ន្ធកាម៉េរាសុវត្ថិភាពនៅក្នុងក្រសួង​ការ​បរ​ទេស​។

ការបង្កើត ARMAC  គឺមិនមែនសំរាប់តែប្រទេសកម្ពុជាទេ តែសំរាប់ប្រទេសផ្សេងទៀតរបស់អាស៊ាន ដែល​នៅមាន​គ្រាប់មីន ដូចជា មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន ហើយក៏សំរាប់តំបន់ផ្សេងៗទៀត​នៅលើ​សកលលោក​មកធ្វើ​ការផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹង ARMAC

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពី ការរីកចំរើនដ៏ល្អក្នុងទំនាក់ទំនងកម្ពុជា-ចិន​ ដែល​បាន​ឈានដល់ “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ហើយដែលបានរួមចំណែកយ៉ាងធំធេង​ក្នុងការ​អភិវឌ្ឍន៍​កម្ពុជា ពិសេសគឺការអភិវឌ្ឍន៍វារីអគ្គីសនី ដែលរួមចំនែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យ​ឧស្សាហ​-កម្ម និង​ការ​លើកកំពស់ជីវភាពរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សម្ភារៈទាំងនោះរួមមាន៖
សំរាប់ ARMAC :
១-      កុំព្យូទ័រយួរដៃ                                        ចំនួន ១០ គ្រឿង
២-      កុំព្យូទ័រ                                                ចំនួន ៤ គ្រឿង
៣-      ម៉ាស៊ីនថតរូប                                        ចំនួន ២ គ្រឿង
៤-      ម៉ាស៊ីនបញ្ចាំងរូបភាព LCD Projectors      ចំនួន ៣ គ្រឿង
៥-      ម៉ាស៊ីន​ព្រីនធ័រ​​ (ស-ខ្មៅ)                          ចំនួន ៥ គ្រឿង
៦-      ម៉ាស៊ីនស្កេន                                         ចំនួន ៣ គ្រឿង
៧-      ម៉ាស៊ីនថតចម្លងខ្នាតធំ                            ចំនួន ២ គ្រឿង
សំរាប់ CMAA :
១-      ម៉ូតូ  (JIALING-JH200-8)                        ចំនួន ៤៩ គ្រឿង
២-      កុំព្យូទ័រយួរដៃ                                        ​ចំនួន ៣២ គ្រឿង
៣-      កុំព្យូទ័រ                                                ចំនួន ១៩ គ្រឿង
៤-      ម៉ាស៊ីនថតរូប                                        ចំនួន ២៣ គ្រឿង
៥-​      ម៉ាស៊ីនថតចម្លងខ្នាតធំ                            ចំនួន ១៦ គ្រឿង
៦-      ម៉ាស៊ីន GPS (Garmin 62s)           ចំនួន ១៨ គ្រឿង
៧-​      ម៉ាស៊ីន​ព្រីនធ័រ​​ពណ៌                               ចំនួន ២៧ គ្រឿង
៨-      ម៉ាស៊ីន ERW Disposal Kit                    ចំនួន ៦ គ្រឿង
៩-      ប្រដាប់រាវរកមីន Deep Search Detector   ចំនួន ២០ គ្រឿង
១០-    ប្រដាប់ដោះមីន Demining Kit                  ចំនួន ៣០ គ្រឿង
១១-    សំភារៈការពារខ្លួន (PPE)                               ចំនួន ៦០ គ្រឿង។
                   




No comments:

Post a Comment